អចលនទ្រព្យ | January 16, 2022 | 302

គន្លឹះបង្កើតភាពជាដៃគូក្នុងអចលនវត្ថុដែលមានប្រសិទ្ធភាព

នៅពេលអ្នករកឃើញដៃគូក្នុងចិត្តហើយ ដល់ពេលដែលត្រូវចាប់ផ្តើមបង្កើតភាពជាដៃគូជាក់ស្តែងដើម្បីធ្វើការជាមួយគ្នាហើយ។ ដូច្នេះ អ្នកត្រូវធ្វើឱ្យប្រាកដថាអ្នកបានប្រុងប្រៀបខ្លួនរួចរាល់នៅពេលឱកាសមកដល់។ ខាងក្រោមនេះជាគន្លឹះមួយចំនួនដើម្បីជួយធានាបានថាអ្នកត្រៀមខ្លួនរួចជាស្រេច៖

 

 

១/ ត្រៀមឯកសារសំខាន់ៗទុកមុន

ការមានត្រឹមតែគំនិតអស្ចារ្យសម្រាប់ឱកាសវិនិយោគដ៏មានសក្តានុពលនោះមិនទាន់គ្រប់គ្រាន់ទេ។ វិនិយោគិនដែលមានបទពិសោធន៍ភាគច្រើនចង់ឃើញអ្នកមានទាំងសក្តានុពលនិងបទពិសោធន៍ដើម្បីក្លាយជាដៃគូអចលនវត្ថុដ៏រឹងមាំដែរ។ បើនិយាយឱ្យងាយយល់ទៅ មានមនុស្សតិចនាក់ណាស់ដែលចង់ប្រថុយបោះលុយចោលនៅពេលគ្មានការធានាអះអាងច្បាស់លាស់ចំពោះវិនិយោគ។ ហេតុដូច្នេះហើយ អ្នកត្រូវត្រៀមឯកសារចាំបាច់ទុកសម្រាប់ធ្វើបទបង្ហាញផ្លូវការ ជាពិសេសត្រូវប្រាកដថាអ្នកមានផែនការពាណិជ្ជកម្មអចលនវត្ថុច្បាស់លាស់ និងប្រវត្តិការងារដែលទាក់ទងនឹងបទពិសោធន៍។ 

 

២/ ហ្វឹកហាត់ជំនាញរបស់អ្នក

នៅពេលអ្នកត្រៀមឯកសារគ្រប់គ្រាន់ហើយ ដល់ពេលដែលត្រូវអនុវត្តជំនាញ។ ជំនាញរបស់អ្នកគួរតែបញ្ជាក់ឱ្យដឹងច្បាស់ថាខ្លួនអ្នកជានរណា បទពិសោធន៍គ្មានពីររបស់អ្នក និងរបៀបដែលវិនិយោគិនអាចទទួលបានប្រយោជន៍ពីការបងកើតភាពជាដៃគូជាមួយអ្នក។ ជំនាញដែលមានប្រសិទ្ធភាពមិនវែងឆ្ងាយទេ ប៉ុន្តែគឺជាការនិយាយឱ្យត្រូវចំណុច និងប្រាប់រឿងឱ្យបានពេញលេញ។ អ្នកត្រូវពិចារណាហ្វឹកហាត់ឱ្យបានស្ទាត់ជំនាញ។ ទោះជាយ៉ាងណា អ្នកក៏ត្រូវហ្វឹកហាត់តែជាមួយនឹងវិនិយោគិនពិតប្រាកដប៉ុណ្ណោះ។ 

 

៣/ បើកចិត្តទូលាយចំពោះឱកាសវិនិយោគ

នៅពេលអ្នកស្វែងរកដៃគូ អ្នកត្រូវការបើកចិត្តទូលាយចំពោះឱកាសវិនិយោគដែលមានសក្តានុពលទាំងអស់។ អ្នកមិនអាចលាក់ទុកគំនិតគ្រប់យ៉ាងតែក្នុងចិត្តម្នាក់ឯងដោយខ្លាចមនុស្សដទៃមកដណ្តើមនោះទេ។ វិនិយោគិនតែងតែទាក់ទាញទៅរកឱកាស ដូច្នេះបើអ្នកបង្ហាញឱកាស គេប្រហែលនឹងបង្ហាញការយកចិត្តទុកដាក់ចង់វិនិយោគជាមួយអ្នកដែរ។ បើអ្នករកឃើញឱកាសល្អនៅក្នុងទីផ្សារ អ្នកត្រូវចាប់យកឱ្យបាន។ ទោះជាយ៉ាងណាអ្នកមិនចាំបាច់ត្រូវតែបង្ហោះឱកាសទាំងនោះនៅលើបណ្តាញសង្គមទេ គឺចែករំលែកគំនិតល្អតែជាមួយមនុស្សមួយក្រុមដែលអ្នកទុកចិត្តតែប៉ុណ្ណោះ។ 

 

៤/ កុំបោះបង់ ហើយកុំសំងំនៅស្ងៀម

គន្លឹះមួយក្នុងការស្វែងរកដៃគូអចលនវត្ថុគឺការដឹងថាពេលណាដែលត្រូវជម្នះ។ ប្រហែលអ្នកមិនអាចទទួលបានដៃគូវិនិយោគនៅពេលលើកសម្នើដំបូងឡើងមែន ប៉ុន្តែអ្នកក៏មិនត្រូវបោះបង់ព្យាយាមចោលដែរ។ ជំនួសមកវិញ អ្នកត្រូវព្យាយាមរក្សាទំនាក់ទំនងល្អគ្រប់ពេល។ ប្រហែលអ្នកត្រូវសាកល្បងច្រើនលើកច្រើនសាទើបគេចាប់ផ្តើមពិចារណា និងទុកចិត្តថាអ្នកពិតជាមានបំណងល្អពិតប្រាកដមែន។ 

 

ប្រែសម្រួល៖ វេហា

មតិយោបល់