អភិវឌ្ឍចំណេះដឹង | January 14, 2022 | 75

យុទ្ធសាស្រ្តក្លាយជាមនុស្សពូកែស្តាប់

ការស្តាប់ជាទិដ្ឋភាពម្យ៉ាងនៃការទទួលដឹងសំឡេង។ ប៉ុន្តែការគ្រាន់តែអាចឮសំឡេងមិនមែនមានន័យថាអ្នកកំពុងតែស្តាប់នោះទេ។ បើនិយាយមួយបែបទៀតការឮជាដំណើរផ្នែកសរីរាវយវៈ ចំណែកការស្តាប់ជាដំណើរខាងក្នុងចិត្ត។ អ្នកអាចនឹងនិយាយក្នុងរបៀបដែលប្រឹតប្រៀនបំផុតនិងពោរពេញដោយអត្ថន័យ ប៉ុន្តែបើគ្មាននរណាស្តាប់ទេ សារនោះនឹងគ្មានប្រយោជន៍ឡើយ។ 

 

 

ប្រហែលអ្នកធ្លាប់ឮគេនិយាយថា «ស្តាប់យ៉ាងយកចិត្តទុកដាក់»ហើយ។ តាមរយៈការស្តាប់យ៉ាងយកចិត្តទុកដាក់ អ្នកស្តាប់នរណាម្នាក់ រួចហើយអាចនិយាយឡើងវិញចំណុចដែលអ្នកយល់ច្បាស់។ គោលសំកាន់គឺថាអ្នកបង្កើតការយល់ដឹងគ្នាទៅវិញទៅមកដើម្បីជៀសផុតពីការយល់ច្រឡំឬយល់មិនច្បាស់។ គំនិតនៃការយល់គ្នាទៅវិញទៅមកនេះជាស្នូលនៃសកម្មភាពក្នុងយុទ្ធសាស្រ្តទំនាក់ទំនង។ 

 

អាថ៌កំបាំងនៃការស្តាប់យ៉ាងយកចិត្តទុកដាក់ស្ថិតនៅលើសមត្ថភាពរបស់អ្នកក្នុងការយល់សន្ទនាពីគំនិតដៃគូ និងការស្ម័គ្រចិត្តវិនិយោគពេលរបស់អ្នកស្តាប់រឿងដែលគេនិយាយឱ្យបានពេញលេញ។ មានន័យថាអ្នកស្តាប់ដោយមិនព្យាយាមបង្កើតការឆ្លើយតបដើម្បីរំខានគេ។ បញ្ហានេះកើតឡើងញឹកញាប់ណាស់ចំពោះមនុស្សគ្រប់គ្នា ជាពិសេសនៅក្នុងការជជែកដេញដោល ឬស្ថានភាពទំនាស់គ្នា។ ប៉ុន្តែការអនុវត្តបែបនេះនៅក្នុងកន្លែងធ្វើការបានត្រឹមតែនាំទៅរកបញ្ហា និងធ្វើឱ្យអ្នកក្លាយជាបន្ទុកក្នុងក្រុមការងារទៅវិញទេ។ បើចង់ក្លាយជាមនុស្សពូកែស្តាប់ អ្នកត្រូវការយុទ្ធសាស្រ្តមួយចំនួន៖

 

១/ ពិនិត្យមើលមានះរបស់អ្នក

អ្នកមិនអាចស្តាប់ពិតប្រាកដបានទេបើអ្នកបារម្ភខ្លាំងអំពីលទ្ធផលនៃការបង្ហាញគំនិតឬទស្សនៈរបស់ខ្លួនឯងនៅក្នុងសន្ទនាជាងការបង្កើតលទ្ធផលវិជ្ជមានសម្រាប់អ្នកចូលរួមទាំងអស់។ 

 

២/ ឈប់គិតអំពីចម្លើយរបស់អ្នក

បើអ្នកគិតតែបង្កើតចម្លើយរបស់អ្នកនៅក្នុងពេលដែលដៃគូម្ខាងទៀតកំពុងតែនិយាយ អ្នកមិនមែនកំពុងតែស្តាប់ទេ ទោះជាអ្នកបានឮពាក្យសម្តីខ្លះៗក៏ដោយ។ 

 

៣/ ទទួលស្គាល់អារម្មណ៍ដៃគូ

នៅពេលស្តាប់ អ្នកមិនចាំបាច់យល់ស្របតាមពាក្យសម្តីឬអារម្មណ៍ទាំងអស់របស់ដៃគូសន្ទនាទេ ប៉ុន្តែមនុស្សពូកែស្តាប់តែងតែទទួលស្គាល់និងយល់អារម្មណ៍របស់ដៃគូសន្ទនា។ 

 

៤/ បង្ហាញការចូលរួមក្រៅពីសម្តី

ការងក់ក្បាលតិចៗ ការប្រើប្រាស់ទឹកមុខទៅតាមសាច់រឿង និងការប្រើក្រសែភ្នែក ទាំងអស់នេះជាការចូលរួមលើកទឹកចិត្តដៃគូសន្ទនាឱ្យដឹងថាអ្នកកំពុងតែស្តាប់និងឆ្ងល់ចង់ដឹងបន្ថែមទៀត។  

 

៥/ សារភាពនៅពេលអ្នកស្តាប់មិនយល់

យ៉ាងហោចណាស់ ក៏អ្នកអាចសុំឱ្យដៃគូនិយាយឡើងវិញម្តងទៀតចំណុចដែលអ្នកយល់មិនច្បាស់ដែរ។ ការសួរបញ្ជាក់មិនមែនមានន័យថាអ្នកមិនយកចិត្តទុកដាក់ស្តាប់គេទេ ប៉ុន្តែជាសញ្ញាបញ្ជាក់ថាអ្នកចង់យល់ពិតប្រាកដ។ 

 

ប្រែសម្រួល៖ វេហា

មតិយោបល់