អភិវឌ្ឍចំណេះដឹង | January 14, 2022 | 70

ផែនទីបង្ហាញផ្លូវទៅអភិវឌ្ឍប្រាជ្ញាអារម្មណ៍

មនុស្សពូកែក្នុងវិស័យនីមួយៗតែងតែមានប្រាជ្ញាអារម្មណ៍ខ្ពស់។ ក្នុងពេលដែលអ្នកឈានឡើងជណ្តើរអាជីពកាន់តែខ្ពស់ កម្រិតនៃប្រាជ្ញាអារម្មណ៍របស់អ្នកក៏កាន់តែមានឥទ្ធិពលវិជ្ជមានទូលំទូលាយដែរ។ ដូច្នេះហើយ បើអ្នកចង់ក្លាយខ្លួនកាន់តែពូកែថែមទៀត ការបណ្តុះប្រាជ្ញាអារម្មណ៍មិនមែនជាជម្រើសទេ ប៉ុន្តែជារឿងចាំបាច់ដែលមិនអាចខ្វះបាន។ 

 

 

ដើម្បីពិនិត្យមើលឱ្យដឹងកម្រិតនៃប្រាជ្ញាអារម្មណ៍បច្ចុប្បន្នរបស់អ្នក និងកិច្ចការដែលអ្នកត្រូវធ្វើ អ្នកត្រូវយល់ស្រទាប់នៃអត្តចរិតរបស់មនុស្សទាំងអស់ជាមុន៖

 

១/ ទស្សនៈផ្ទាល់ខ្លួន

ជាអ្វីៗដែលអ្នកគិតអំពីបុគ្គលិកលក្ខណៈ សមត្ថភាព និងរបៀបដែលអ្នកបង្ហាញឱ្យមនុស្សដទៃឃើញ។

 

២/ ការយល់ដឹងអំពីខ្លួនឯងនិងសង្គម

ការស្គាល់ខ្លួនឯងជាការផ្តោតទាំងស្រុងទៅខាងក្នុង គឺការដឹងអ្វីៗគ្រប់យ៉ាងអំពីខ្លួនអ្នកនៅពេលនេះ។ ចំណែកការយល់សង្គមដែលផ្តោតលើកត្តាខាងក្រៅគឺកម្រិតដែលអ្នកស្គាល់សង្គមនិងអារម្មណ៍របស់មនុស្សដទៃ។ 

 

៣/ ការពិចារណាខ្លួនឯង

ជាសមត្ថភាពក្នុងការសម្លឹងមើលទៅក្រោយនិងគិតអំពីធម្មជាតិរបស់អ្នក កម្លាំងជំរុញចិត្តទាំងអស់ និងកិច្ចការទាំងអស់ដែលអ្នកបានធ្វើ។ 

 

៤/ វិន័យផ្ទាល់ខ្លួន

គឺសមត្ថភាពគ្រប់គ្រងមានះឬអារម្មណ៍មិនឱ្យគ្របសង្កត់លើពាក្យសម្តីឬកាយវិការណាមួយរបស់អ្នកដែលមនុស្សជុំវិញខ្លួនពិបាកទទួលយក។ និយាយមួយបែបទៀតគឺសមត្ថភាពគ្រប់គ្រងឥរិយាបថផ្ទាល់ខ្លួន។

 

៥/ ការបង្ហាញខ្លួនឯង

ជាការបង្ហាញរឿងរ៉ាវអំពីខ្លួនឯងឱ្យមនុស្សដទៃបានដឹង ដូចជាគំនិត អារម្មណ៍ ជោគជ័យ បរាជ័យ និងរឿងដែលអ្នកចូលចិត្ត ឬមិនចូលចិត្តជាដើម។

 

៦/ ការអភិវឌ្ឍខ្លួន

គឺការទទួលបានចំណេះដឹងនិងជំនាញពីគ្រប់ប្រភពទាំងអស់ទោះជាសៀវភៅឬគ្រូបង្ហាញផ្លូវដើម្បីធ្វើយ៉ាងណាឱ្យអ្នកកាន់តែប្រសើរឡើង។ 

 

ស្រទាប់នីមួយនៃអត្តចរិតទាំងនេះតែងតែមានឧបសគ្គផ្ទាល់ខ្លួននៅបង្កប់ជាមួយ។ ឧទាហរណ៍ជាក់ស្តែង មនុស្សភាគច្រើនមានចរិតមិនល្អដូចអ្វីដែលគេចង់ឱ្យមនុស្សដទៃឃើញនោះទេ។ ប៉ុន្តែស្រទាប់នៃអត្តចរិតទាំងអស់នេះមានទំនាក់ទំនងជាមួយគ្នា ហើយការពង្រឹងកម្រិតយល់ដឹងចំណុចទាំងនេះនឹងជួយបង្កើនប្រាជ្ញាអារម្មណ៍របស់អ្នក។ 

 

ដើម្បីជាការចាប់ផ្តើម អ្នកត្រូវសាកសួរគំនិតយោបល់ពីមនុស្សជុំវិញខ្លួន ជាពិសេសមនុស្សដែលអ្នកគោរពនិងទុកចិត្ត ឱ្យគេវាយតម្លៃនិងជួយកំណត់ចំណុចខ្សោយ ឬបញ្ហាផ្ទាល់ខ្លួនរបស់អ្នក ទាំងក្នុងការងារនិងជីវិត។ សង្កេតមើលរបៀបដែលមនុស្សដទៃយកចិត្តទុកដាក់ចំពោះអ្នក និងតាមដានមើលអារម្មណ៍ប្រតិកម្មរបស់អ្នក។ កុំវាយតម្លៃព័ត៌មានទាំងអស់ដែលអ្នកទទួលបាន គឺគ្រាន់តែប្រមូលទុកដើម្បីដឹងបានហើយ។ 

 

បន្ទាប់មក សួរខ្លួនឯងថា តើអ្នកកំពុងតែស្ថិតនៅក្នុងចំណុចណាមួយ? តើអ្នកអាចធ្វើអ្វីបានខ្លះតាមរយៈធនធានទាំងអស់នេះ? និងតម្រៀបបញ្ហាទាំងអស់ដែលអ្នកសង្កេតឃើញទៅជាផែនការដំណោះស្រាយដែលមានហេតុផលដើម្បីអនុវត្តតាម។ 

 

ប្រែសម្រួល៖ វេហា

មតិយោបល់