អចលនទ្រព្យ | January 14, 2022 | 360

ក្បួនស្វែងរកវិនិយោគិនអចលនវត្ថុដើម្បីចាប់ដៃគូ

ភ្នាក់ងារអចលនវត្ថុនិងមនុស្សដែលចង់កា្លយជាម្ចាស់អចលនវត្ថុជាច្រើននាក់ចង់ប្រឡូកកាន់តែជ្រៅក្នុងវិស័យមួយនេះ ប៉ុន្តែគេមិនមានដើមទុនគ្រប់គ្រាន់ដើម្បីធ្វើបានដូចចិត្ត។ ត្រង់នេះហើយដែលវិនិយោគិនអចលនវត្ថុចូលខ្លួនមកដើរតួ។ ភាពជាដៃគូជាមួយវិនិយោគិនអាចផ្តល់ដើមទុនសម្រាប់ឱកាសវិនិយោគរបស់អ្នកជាថ្នូរនឹងចំណែកនៃផលចំណេញ។ ដើម្បីសម្រេចគោលដៅនេះ អ្នកត្រូវអនុវត្តក្បួនមួយចំនួនក្នុងការស្វែងរកវិនិយោគិនអចលនវត្ថុដែលត្រូវគ្នា។

 

 

ការវិនិយោគក្នុងវិស័យអចលនវត្ថុជាមធ្យោបាយអស្ចារ្យក្នុងការពង្រីកកេរ្តិ៍ឈ្មោះរឹងមាំនៅក្នុងពាណិជ្ជកម្មមែន ប៉ុន្តែក៏ជាផ្លូវដែលតម្រូវឱ្យមានដើមទុនច្រើនដែរ។ អចលនវត្ថុមិនត្រឹមតែមានតម្លៃខ្ពស់ជាងទំនិញទូទៅភាគច្រើនប៉ុណ្ណោះទេ ប៉ុន្តែក៏នៅត្រូវការចំណាយបន្ថែមដើម្បីថែរក្សានិងកែលម្អ ហើយនៅមានរឿងបង់ពន្ធទៀត។ ដូច្នេះហើយ មានវិនិយោគិនអចលនវត្ថុតិចតួចណាស់ ជាពិសេសអ្នកទើបចាប់ផ្តើមថ្មីៗ ដែលមានដើមទុនគ្រប់សម្រាប់គម្រោងនីមួយៗ។ 

 

ពេលនេះអ្នកដឹងមូលហេតុដែលមនុស្សម្នាក់ចង់បង្កើតភាពជាដៃគូនៅក្នុងអចលនវត្ថុហើយ តើអ្នកត្រូវស្វែងរកវិនិយោគិនអចលនត្ថុដោយរបៀបណា? មានជំហានមួយចំនួនដែលជួយអ្នកក្នុងការចាប់ផ្តើម៖ 

 

១/ សុំឱ្យគ្រួសារនិងមិត្តភក្តិជួយវិនិយោគ

ដំបូងអ្នកតែងតែអាចប្រើប្រាស់បណ្តាញទំនាក់ទំនងដែលមានស្រាប់គឺគ្រួសារនិងមិត្តភក្តិជិតស្និទ្ធ។ បើអ្នកទើបតែចាប់ផ្តើមប្រឡូកក្នុងឧស្សាហកម្មអចលនវត្ថុ មនុស្សទាំងពីរប្រភេទនេះជាប្រភពដើមទុនរបស់អ្នក។ អត្ថប្រយោជន៍ពីការចាប់ដៃគូជាមួយគ្រួសារនិងមិត្តគឺគេស្គាល់អ្នកនិងទុកចិត្តអ្នករួចទៅហើយ។ ប៉ុន្តែការលាយឡំទំនាក់ទំនងផ្ទាល់ខ្លួនជាមួយនឹងការងារមិនមែនជារឿងងាយស្រួលទេ ដូច្នេះហើយអ្នកត្រូវរក្សាវិជ្ជាជីវៈក្នុងកម្រិតខ្ពស់។

 

២/ ស្វែងរកសមាគមវិនិយោគអចលនវត្ថុ

អ្នកក៏អាចប្រើប្រាស់សមាគមអលនវត្ថុក្នុងតំបន់ដើម្បីជួយបង្កើតទំនាក់ទំនងជាមួយមនុស្សដទៃដែលចូលចិត្តវិនិយោគលើអចលនវត្ថុក្នុងទីផ្សារជិតតំបន់ដែលអ្នករស់នៅដែរ។ ការចូលរួមក្នុងសមាគមបែបនេះអាចផ្តល់ឱកាសឱ្យអ្នកបង្កើតទំនាក់ទំនងជាមួយវិនិយោគិនដែលផ្តល់ដើមទុនសម្រាប់ដោះស្រាយកិច្ចការ។ បើអ្នកនៅជើងថ្មីទេ អ្នកក៏អាចសុំវិនិយោគិនណាម្នាក់ដែលមានបទពិសោធន៍ខ្ពស់ជួយធ្វើជាគ្រូណែនាំបង្ហាញផ្លូវបានដែរ។ មធ្យោបាយទីមួយដើម្បីស្វែងរកសមាគមបែបនេះគឺចាប់ផ្តើមចេញពីអ៊ីនថឺណិ

 

៣/ រក្សាវត្តមានសកម្មនៅលើបណ្តាញសង្គម

ប្រហែលអ្នកនឹងអាចរកឃើញក្រុមនៅលើបណ្តាញសង្គមដែលផ្តោតចំពោះលើវិនិយោគិនអចលនវត្ថុ។ ស្រដៀងគ្នានឹងសមាគមវិនិយោគអចលនវត្ថុដែរ ក្រុមទាំងនេះជួយអ្នកបង្កើតបណ្តាញទំនាក់ទំនងដែលឈានទៅរកការចាប់ដៃគូពិតប្រាកដបាន។ គោលដៅរបស់អ្នកគឺត្រូវត្រៀមលក្ខណៈទុកជានិច្ចដើម្បីចាប់ផ្តើមសន្ទនា។ សាកសួរសំណួរឱ្យបានច្រើនពីវិនិយោគិនដែលមានបទពិសោធន៍ និងចូលរួមបញ្ចេញគំនិតយោបល់ក្នុងការបង្ហោះសារឬការសាកសួរពីសមាជិកក្រុមដទៃទៀត។ ជាទូទៅ LinkedIn ជាកន្លែងល្អបំផុតដើម្បីចាប់ផ្តើម ដោយសារមនុស្សដែលចង់បង្កើតភាពជាដៃគូក្នុងវិស័យអចលនវត្ថុអាចមើលឃើញបទពិសោធន៍និងសាវតាររបស់អ្នកយ៉ាងច្បាស់។ 

 

ប្រែសម្រួល៖ វេហា

មតិយោបល់