គំនិតអាជីវកម្ម | January 14, 2022 | 71

វិបត្តិកូវីដផ្តល់ក្រមប្រតិបត្តិថ្មីដល់យីហោពាណិជ្ជកម្មធំៗ

ដោយសារវិបត្តិកូវីដធ្វើឱ្យជីវិតរស់នៅកាន់តែស្មុគស្មាញ អ្នកប្រើប្រាស់ក៏សុខចិត្តចាយលុយកាន់តែច្រើនដើម្បីទទួលបានបទពិសោធន៍ជីវិតពិតកាន់តែសាមញ្ញនិងមានសុវត្ថិភាពដែរ។ រឿងទាំងនេះមានភាពលេចធ្លោកាន់តែច្បាស់នៅក្នុងបទពិសោធន៍លក់រាយ។ 

 

 

ដូច្នេះហើយ តើអ្វីជាគុណតម្លៃថ្មីដែលកំពុងតែតម្រង់ទិសក្នុងបទពិសោធន៍នៃយីហោពាណិជ្ជកម្មល្បីៗ? តើក្រុមហ៊ុនធំៗក្លាយជាភ្នាក់ងារនៃការផ្លាស់ប្តូរនិងនវានុវត្តន៍ក្នុងពេលដ៏លំបាកនេះបានដោយរបៀបណា? 

 

សព្វថ្ងៃនេះមនុស្សចង់ភ្ជាប់ទំនាក់ទំនងនិងផ្តេកផ្តួលអត្តសញ្ញារបស់គេទៅនឹងក្រុមហ៊ុនដែលល្បីឈ្មោះនិងមាននិរន្តរភាពជាងពេលណាទាំងអស់ ដែលធ្វើឱ្យការរស់នៅប្រកបដោយទំនួលខុសត្រូវក្លាយជាក្រមប្រតិបត្តិថ្មីសម្រាប់យីហោល្បីៗ។ វិបត្តិសុខភាពបានធ្វើឱ្យមនុស្សយើងដឹងថាសកម្មភាពរបស់យើងមានលទ្ធផលលើសង្គម ហើយយើងគួរតែសួរខ្លួនឯងថាតើការទិញផលិតផលអ្វីមួយជារឿងល្អឬអាក្រក់ចំពោះពិភពលោក។ 

 

ការរក្សាទម្លាប់អនុវត្តដែលគេគិតគូរដល់បរិស្ថានប្រកបដោយនិរន្តរភាពជារឿងសំខាន់បើយីហោក្រុមហ៊ុនចង់ភ្ជាប់ទំនាក់ទំនងពិតប្រាកដជាមួយនឹងអតិថិជន។ នៅក្នុងរយៈពេលដែលមនុស្សត្រូវបង្ខំចិត្តសំងំក្នុងផ្ទះ គេមានពេលច្រើនគិតឡើងវិញអំពីតម្លៃនៃពេលវេលា។ បើអ្នកប្រើប្រាស់យីហោល្បីៗតែងតែឱ្យតម្លៃខ្ពស់ដល់ពេលវេលាលើសអ្វីៗទាំងអស់ គេនឹងកាន់តែពិចារណាល្អិតល្អន់ក្នុងការជ្រើសរើសនិងរបៀបដែលគេចំណាយពេលវេលា។ នេះហើយជាហេតុផលក្រុមហ៊ុនត្រូវផ្តល់ជូនអ្វីៗគ្រប់យ៉ាងតាំងពីផលិតផល សេវាកម្ម រហូតដល់សារដែលមានគុណតម្លៃពិតប្រាកដនិងមានភាពទាក់ទាញសមនឹងការវិនិយោគពេលវេលារបស់អ្នកប្រើប្រាស់។ 

 

វិបត្តិសុខភាពបានរុញច្រានអនាគតនៃការលក់រាយឱ្យកាន់តែមានល្បឿនលឿនខ្លាំងឡើងតាមរយៈការផ្លាស់ប្តូរបទពិសោធន៍និងការបើករបត់ថ្មីៗសម្រាប់អ្នកប្រើប្រាស់ដូចជាការផ្សព្វផ្សាយលក់ផ្ទាល់នៅលើអ៊ីនថឺណិត និងការរំលាយព្រំដែនហាងនៅលើអ៊ីនថឺណិតនិងហាងពិតប្រាកដ។ 

 

តើអ្នកត្រៀមខ្លួនជួបអតិថិជននៅសម័យទំនើបនេះ និងមានអ្វីផ្តល់ជូនដូចការសន្យារបស់យីហោហើយឬនៅ? តើអ្នករៀបចំផែនការចាប់យកឱកាសថ្មីនេះដោយរបៀបណា? ពង្រីកជំនាញរៀនយ៉ាងសកម្មរបស់អ្នក បណ្តុះនិងបង្កើតគំនិតថ្មីៗ និងចែករំលែកក្បួនដោះស្រាយបញ្ហា។ បច្ចេកវិទ្យាគ្រាន់តែជាឧបករណ៍ជួយបង្កើនសមត្ថភាពបង្កើតនិងរក្សាទំនាក់ទំនងប៉ុណ្ណោះ គឺមនុស្សទេដែលនៅតែជាតួអង្គសំខាន់ក្នុងទំនាក់ទំនងពិតប្រាកដ។ 

 

ប្រែសម្រួល៖ វេហា

មតិយោបល់