អចលនទ្រព្យ | January 13, 2022 | 391

ស្គាល់ចំណុចដែលអាចចរចាបាននៅពេលទិញឬលក់ផ្ទះ

ក្នុងនាមជាភ្នាក់ងារអចលនវត្ថុ អ្នកគួរតែស្គាល់ច្បាស់ថាអ្វីខ្លះដែលអាចចរចាបានជាទូទៅ និងអ្វីខ្លះដែលអាចចរចាមិនបាន។ រឿងមួយចំនួនខាងក្រោមនេះសុទ្ធតែអាចចរចាបាន បើអ្នកចេះមើលស្ថានភាព៖

 

 

១/ តម្លៃ

ការចរចាតម្លៃជារឿងដែលមនុស្សធ្វើស្ទើរតែគ្រប់ពេលនៅពេលទិញលក់ ហើយក៏ជារឿងដំបូងគេនាំប្រធានបទចរចាគ្នាដែរ។ អ្នកលក់រំពឹងចង់បានតម្លៃខ្ពស់បំផុត ចំណែកអ្នកទិញវិញចង់បានតម្លៃទាបបំផុត។ ហេតុដូច្នេះហើយ នៅពេលដំបូងៗ ភាគីទាំងសងខាងតែងតែស្នើរតម្លៃខ្ពស់និងទាបជាងតម្លៃពិតប្រាកដដែលត្រូវទូទាត់នៅពេលត្រូវគ្នា។ 

 

២/ ចំណាយ

បើអតិថិជនរបស់អ្នកទិញអចលនវត្ថុ គេត្រូវបង់ថ្លៃសេវាមួយចំនួនជាមុន។ ប៉ុន្តែជាទូទៅ អ្នកទិញក៏អាចស្នើសុំឱ្យអ្នកលក់ជួយទទួលខុសត្រូវខ្លះក្នុងការចេញថ្លៃសេវាកម្មបានដែរនៅពេលត្រូវរ៉ូវគ្នា។ 

 

៣/ ពេលវេលា

នៅពេលលក់ អតិថិជនរបស់អ្នកចង់លក់ឱ្យបានឆាប់បំផុតដោយសារហេតុផលផ្សេងៗ។ អ្នកលក់ក៏ចង់បានលុយដុំភ្លាមៗនៅពេលលក់ដែរ។ ចំពោះអ្នកទិញវិញ នៅពេលក្លាយជាម្ចាស់ផ្ទះហើយ លំហូរសាច់ប្រាក់ប្រចាំខែរបស់គេនឹងប្រែប្រួលយ៉ាងខ្លាំង។ ជាទូទៅអ្នកទិញចង់ទូទាត់នៅដើមខែ ដើម្បីជៀសផុតពីបន្ទុកចំណាយផ្សេងៗសេសសល់ពីអ្នកលក់។ 

 

៤/ ការជួសជុល

អ្នកទិញផ្ទះតែងតែមានអាទិភាពខ្ពស់ជាងនៅពេលចរចារឿងជួលជុលផ្ទះ។ ដោយសារទិញប្រុងនឹងនៅក្នុងផ្ទះនោះ អ្នកគួរតែជំរុញឱ្យអតិថិជនរបស់អ្នកជួលអ្នកត្រួតពិនិត្យជំនាញនិងប៉ាន់ស្មានថ្លៃជួសជុលជាមុន។ អ្នកជំនាញនឹងរកឃើញបញ្ហាផ្សេងៗ ដូច្នេះហើយអ្នកទិញគួរតែបន្ថែមតម្លៃជួលជុលនេះទៅក្នុងការចរចា។

 

៥/ សម្ភារៈប្រើប្រាស់

នៅពេលលក់ផ្ទះ ពេលខ្លះអ្នកលក់គិតបញ្ចូលទាំងសម្ភារៈប្រើប្រាស់ដែលមានស្រាប់នៅក្នុងផ្ទះ ដូចជាទូទឹកកក ម៉ាស៊ីនបោកគក់ ជើងក្រានជាដើម។ បើអតិថិជនរបស់អ្នកជាអ្នកលក់ កុំភ្លេចរំឭកគេឱ្យពិចារណាបញ្ចូលតម្លៃសម្ភារៈដែលមានស្រាប់ទាំងនេះ ដើម្បីទាមទារថ្លៃលក់សរុបឱ្យបានខ្ពស់។ ក្នុងនាមជាអ្នកទិញវិញ អ្នកត្រូវស្រាវជ្រាវអំពីគុណភាពនិងអាយុកាលនៃសម្ភារៈទាំងអស់នោះផង។ 

 

៦/ សង្ហារិម

សង្ហារិមដែលស័ក្តិសមនឹងផ្ទះនោះអាចនឹងក្លាយជាចំណុចចរចាបន្ថែមបានបើអ្នកលក់មិនចង់យកទៅជាមួយគេទេ។ សង្ហារិមទាំងនេះអាចជាតុទូនៅក្នុងផ្ទះ ឬជាគ្រឿងលម្អផ្សេងៗដែលមានតម្លៃ។ បើអតិថិជនរបស់អ្នកចង់ប្រើប្រាស់សង្ហារិមផ្ទាល់ខ្លួន អ្នករកកន្លែងដាក់លក់របស់ទាំងនោះ។ ប៉ុន្តែរឿងដែលត្រូវតែនិយាយឱ្យច្បាស់នោះគឺថាសង្ហារិមណាដែលត្រូវបានទៅអ្នកលក់និងសង្ហារិមណាខ្លះដែលត្រូវទុកនៅឱ្យអ្នកទិញ។ 

 

ប្រែសម្រួល៖ វេហា

មតិយោបល់