គំនិតអាជីវកម្ម | January 13, 2022 | 100

បើចង់សរសេរសៀវភៅអំពីពាណិជ្ជកម្ម ត្រូវឆ្លើយសំណួរទាំងបីនេះសិន

ការកំណត់ផ្លូវដើរដើម្បីជោគជ័យមិនមានអ្វីស្មុគស្មាញដូចការគិតទេ។ ពាក្យថា«សហគ្រិនអ្នកនិពន្ធ»មានការប្រើប្រាស់កាន់តែទូលំទូលាយណាស់ក្នុងពេលថ្មីៗនេះ។ សហគ្រិន គ្រូបង្ហាត់ អ្នកផ្តល់ប្រឹក្សា និងអ្នកជំនាញជាច្រើនកំពុងតែចាប់យកឱកាសចូលរួមក្នុងរបត់ថ្មីនេះ។ ការសរសេរនិងការបោះពុម្ពសៀវភៅជាមធ្យោបាយដ៏អស្ចារ្យមួយដើម្បីបង្ហាញឱ្យមនុស្សទូទៅដឹងអំពីជំនាញរបស់អ្នក។ ប៉ុន្តែបើគ្មានផែនការត្រឹមត្រូវទេ អ្នកប្រថុយនឹងការខាតបង់ពេលវេលានិងការប្រឹងប្រែងដោយមិនទទួលបានលទ្ធផលដូចការរំពឹងទុកមកវិញទេ។ ដូច្នេះហើយ មុននឹងចាប់ផ្តើមសរសេរសៀវភៅ អ្នកត្រូវឆ្លើយសំណួរទាំងបីនេះ៖

 

 

១/ តើអ្នកមានគំនិតច្បាស់លាស់ថានរណាជាអតិថិជនគំរូរបស់អ្នកទេ? 

សហគ្រិននិងអ្នកជំនាញជាច្រើនដែលផ្អែកលើសេវាកម្មមិនអាចបង្ហាញវត្តមានឱ្យផុតស្រឡះពីមនុស្សដែលចេះគ្រប់រឿងនោះទេ។ មុននឹងចំណាយពេល ឬក៏លុយកាក់ទាក់ទងនឹងដំណើរការផលិតសៀវភៅ (ចំណាយលើអ្នកណែនាំរបៀបសរសេរ ការរចនា ការអានផ្ទៀងផ្ទាត់ ជាដើម) អ្នកត្រូវពិចារណាឱ្យបានល្អិតល្អន់ថានរណាជាអតិថិជនគំរូរបស់អ្នក។ ដោយសារមនុស្សនេះក៏តែងតែជាអ្នកអានគំរូរបស់អ្នកដែរ។ 

 

ហេតុអ្វីក៏អតិថិជនគំរូរបស់អ្នកមានសារៈសំខាន់ខ្លាំង? ដោយសារអ្នកចង់ធ្វើឱ្យប្រាកដថា អ្វីៗទាំងអស់នៅក្នុងសៀវភៅរបស់អ្នកមានប្រយោជន៍ឬនិយាយចំពោះបុគ្គលនោះ។ អ្នកត្រូវសរសេរឱ្យត្រូវចំណុចដែលគេចង់ដឹង និងបញ្ហារបស់អ្នកអាន។ ហើយជំហានបន្ទាប់អ្នកត្រូវពន្យល់របៀបដែលអ្នកអាចជួយដោះស្រាយបញ្ហារបស់គេ ដោយមិនបង្ហាញឱ្យឃើញថាអ្នកកំពុងតែចង់លក់អ្វីម្យ៉ាងឱ្យគេ។ រកឱ្យឃើញចំណុចបញ្ហារបស់អតិថិជន និងស្តាប់គេយ៉ាងយកចិត្តទុកដាក់។ 

 

២/ តើអ្វីជាគោលដៅសម្រាប់សៀវភៅពាណិជ្ជកម្មរបស់អ្នក?

បើទោះជាមិនមានអ្វីខុសក្នុងការសរសេរនិងបោះពុម្ពសៀវភៅសម្រាប់ជាការអានកម្សាន្ត ក៏សហគ្រិននិងអ្នកជំនាញភាគច្រើនមានគោលដៅធំជាងនេះដែរ។ អ្នកប្រហែលនឹងរកប្រាក់ចំណូលបានខ្ពស់ពីការលក់សៀវភៅនោះ ប៉ុន្តែរឿងល្អបែបនេះកម្រកើតឡើងណាស់។ ក្នុងនាមជាសហគ្រិន អ្នកគួរតែផ្តោតលើការសរសេរសៀវភៅឱ្យទៅជាវេទិកាមួយដើម្បីបង្ហាញនិងផ្សព្វផ្សាយអំពីសមត្ថភាពរបស់អ្នក និងប្រើប្រាស់សៀវភៅជាច្រើននាំទៅរកកិច្ចសម្ភាសន៍តាមបណ្តាញផ្សព្វផ្សាយផ្សេងៗ។ 

 

ការលក់សៀវភៅជារឿងសំខាន់មែនហើយ ប៉ុន្តែរឿងដែលសំខាន់ជាងនេះទៅទៀតគឺការប្រើប្រាស់សៀវភៅជាមធ្យោបាយរុញច្រាននិងបង្កើនទំនុកចិត្តលើរូបអ្នក។ ហេតុដូច្នេះហើយបានជាការគិតរកគោលដៅជាទូទៅរបស់អ្នកមានសារៈសំខាន់ខ្លាំងមុននឹងចាប់ផ្តើមសរសេរ។ 

 

៣/ តើអ្នកមានពេលប៉ុន្មានដើម្បីសរសេរ?

សហគ្រិនអ្នកនិពន្ធមួយចំនួនបារម្ភថាគេមិនមានពេលគ្រប់គ្រាន់ដើម្បីសរសេរសៀវភៅទេ ប៉ុន្តែការពិតគេមានពេលល្មម គឺគ្រាន់តែកន្លះម៉ោងក្នុងមួយសប្តាហ៍ក៏ប្រសើរជាងការមិនចាប់ផ្តើមសោះដែរ។ រៀនឱ្យដឹងថាតើអ្នកត្រូវការពេលប៉ុន្មាននាទីដើម្បីសរសេរអក្សរបានមួយទំព័រ ឬមួយកថាខណ្ឌ។ បើអ្នកមិនចង់សរសេរដោយខ្លួនឯងទេ អ្នកក៏អាចថតគំនិតជាសំឡេង និងជួលឱ្យគេសរសេរជំនួសបានដែរ។ 

 

ប្រហែលអ្នកមិនចាំបាច់ត្រូវការពេលរាប់ឆ្នាំដើម្បីសរសេរសៀវភៅបានមួយក្បាលនោះទេ។ ប៉ុន្តែចំណុចសំខាន់គឺអ្នកត្រូវប្រមូលផ្តុំនិងរៀបចំគំនិតរបស់អ្នកឱ្យមានសណ្តាប់ធ្នាប់ទៅជាជំពូកនិងផ្នែកៗ ហើយអនុវត្តតាមជំហានជាច្រើនទៀតដើម្បីបោះពុម្ពផ្សាយ។ ទោះជាយ៉ាងណា អ្នកត្រូវចងចាំទុកថាការសរសេរសំណៅដំបូងប្រហែលខុសគ្នាឆ្ងាយណាស់ពីផលិតផលចុងក្រោយ។ ដូច្នេះអ្នកត្រូវត្រៀមចិត្តនិងអារម្មណ៍ទទួលយកការកែលម្អនិងកែសម្រួលពីអ្នកជំនាញផ្សេងទៀតក្នុងឧស្សាហកម្មបោះពុម្ព។

 

ប្រែសម្រួល៖ វេហា

មតិយោបល់