គំនិតអាជីវកម្ម | January 12, 2022 | 84

ហេតុផលដែលសហគ្រិនគួរតែចែករំលែករឿងផ្ទាល់ខ្លួន

សាកស្រមៃគិតថាអ្នកកំពុងតែលម្ហែកម្សាន្តនៅមាត់សមុទ្រក្រោយពីបង្កើតក្រុមហ៊ុនមួយពីបាតដៃទទេហើយ លក់ទៅឱ្យក្រុមហ៊ុនGoogle ឬAmazon ក្នុងតម្លៃរាប់លានដុល្លារ។ គឺដល់ពេលដែលអ្នកត្រូវសម្រាកនិងពិចារណា ដើម្បីចែករំលែករឿងរ៉ាវនិងមេរៀននៃដំណើរជោគជ័យនោះទៅមនុស្សជំនាន់ក្រោយដែលចង់ក្លាយជាសហគ្រិនដែរ។  

 

 

ការពិតមិនឆាប់ពេក ហើយក៏មិនយូរពេកដូចការគិតដែរ។ ដោយសារការចែករំលែករឿងរ៉ាវមិនគួរណារង់ចាំរហូតដល់ពេលអ្នកចូលនិវត្តន៍ ឬល្បីឈ្មោះរួចហើយនោះទេ។ ការកត់ត្រាបទពិសោធន៍ក្នុងនាមជាសហគ្រិន នៅពេលរឿងរ៉ាវកំពុងតែកើតឡើង អាចក្លាយជាគន្លឹះមួយក្នុងការបង្កើតពាណិជ្ជកម្មនោះ ដោយរួមទាំងជួយបង្កើតយីហោ និងលក់ពាណិជ្ជកម្មនោះទៅក្នុងពិភពលោកទៀតផង។ ជាងនេះទៅទៀត ទម្លាប់ចែករំលែករឿងរ៉ាវពាណិជ្ជកម្មបែបនេះក៏ជួយដល់សុខភាពផ្លូវចិត្តរបស់អ្នកដែរ។ ខាងក្រោមនេះជាហេតុផលមួយចំនួនដែលសហគ្រិនគួរតែចែករំលែករឿងរ៉ាវ៖

 

១/ ការប្រាប់រឿងរ៉ាវជួយបង្កើតខ្លួនឯងឡើងវិញ

ការធ្វើជាសហគ្រិនតម្រូវឱ្យអ្នកមានទំនួលខុសត្រូវច្រើនជាងការត្រឹមតែមានការងារពេញម៉ោងធម្មតា ពោលគឺជារបៀបរស់នៅតែម្តង។ នៅពេលចុងសប្តាហ៍ ជាពេលដែលមនុស្សភាគច្រើនសម្រាក ប្រហែលសហគ្រិនមិនសម្រាកទេ។ នៅថ្ងៃចន្ទ ពេលមនុស្សភាគច្រើនទៅធ្វើការ ប្រហែលអ្នកក្រោកពីដំណេក និងចាប់ផ្តើមធ្វើការតាំងពីមុនថ្ងៃរះទៅទៀត។ ការងាររាល់ថ្ងៃរបស់អ្នកផ្តល់កម្លាំងចិត្តច្រើនមែន ប៉ុន្តែក៏ហត់នឿយមិនតិចដែរ។ ដូច្នេះហើយ ហេតុអ្វីបានជាត្រូវឆ្លៀតយកពេលដ៏មមាញឹកបែបនេះមកកត់ត្រាបទពិសោធន៍ដើម្បីចែករំលែកថែមទៀត?

 

ចំពោះអ្នកសុបិនចង់បានពាណិជ្ជកម្មផ្ទាល់ខ្លួន ការប្រាប់រឿងរ៉ាវមិនមែនជាទម្លាប់បន្ទាប់បន្សំដែលធ្វើក៏បានមិនធ្វើក៏បាននោះទេ ប៉ុន្តែជាការអនុវត្តដែលចាំបាច់។ ពាណិជ្ជកម្មជាដំណើររឿងដែលមានគ្រប់រសជាតិ ហើយការកត់ត្រាដំណើររឿងទាំងអស់នេះក៏ជួយរួមចំណែកផ្លាស់ប្តូរសាច់រឿងដែរ។ មិនខុសពីរឿងគណនេយ្យទេ គឺបើអ្នកកត់ត្រានិងតាមដានចំណាយបានល្អិតល្អន់ អ្នកក៏អាចរកឃើញឱកាសកាត់បន្ថយចំណាយនិងបង្កើនចំណូលបានដែរ។

 

២/ ការប្រាប់រឿងរ៉ាវក៏ជួយតម្រង់ផ្លូវនិងផ្តល់កម្លាំងចិត្តអ្នកជានិច្ចដែរ

នៅក្នុងដំណើរជីវិតជាសហគ្រិន មានពេលខ្លះដែលអ្នកសប្បាយរីករាយពិតប្រាកដ ដូចជាពេលបង្កើតបានផលិតផលដំបូងៗ ឬពេលទទួលបានប្រាក់ចំណូលដំបូងជាដើម។ ប៉ុន្តែការពិតរាល់ថ្ងៃមិនល្អទាំងអស់ដូចជោគជ័យម្តងម្កាលនោះទេ។ ភាគច្រើននៃថ្ងៃនីមួយៗអ្នកប្រឹងប្រែងធ្វើការ ដោះស្រាយបញ្ហា ហើយក៏បរាជ័យដែរ។ មេដឹកនាំខ្លាំងពូកែនិងអ្នកជំនួញទាំងអស់ដឹងរឿងនេះ ហើយគេមិនខ្លាចញញើតពេលប្រឈមនឹងបញ្ហាទេ។ លោកWinston Churchill ធ្លាប់និយាយថា ជោគជ័យជាការដើរចេញពីបរាជ័យមួយហើយមួយទៀត ដោយមិនបាត់បង់ភាពស្វាហាប់។ 

 

ប៉ុន្តែតើសហគ្រិនអាចជម្នះបញ្ហា ហើយរក្សាភាពស្វាហាប់នេះជានិច្ចបានដោយរបៀបណា? មានពេលដែលអ្នកត្រូវផ្តោតចិត្ត និងព្រមទទួលយកការពិតគ្រប់បែបយ៉ាង ប៉ុន្តែអ្នកក៏ត្រូវបង្កើតពេលវេលាតម្រង់ទិសដៅខ្លួនឯងរាល់ថ្ងៃដែរ។ ដូច្នេះហើយ អ្នកត្រូវកំណត់ពេលខ្លះរាល់ថ្ងៃដើម្បីកត់ត្រាការសង្កេត គំនិត និងអារម្មណ៍ទាំងអស់អំពីខ្លួនអ្នកនិងក្រុមហ៊ុនរបស់អ្នក។ បើអ្នកបង្កើតទម្លាប់បែបនេះបានរាល់ថ្ងៃឬរាល់សប្តាហ៍ អ្នកនឹងបង្កើតបានធនធាននៃរឿងរ៉ាវនិងការពិចារណាយ៉ាងមានតម្លៃ។ 

 

៣/ តម្លៃនៃការកំណត់យកខ្លួនអ្នកជាតួអង្គនៅក្នុងសាច់រឿង

ផ្លូវទៅរកជោគជ័យពោរពេញទៅដោយការចាប់ផ្តើមដែលបរាជ័យ។ ពាណិជ្ជកម្មជាច្រើនមានផលិតផលល្អ មានក្រុមការងារខ្លាំងពូកែ និងមានតួលេខយ៉ាងទាក់ទាញ ប៉ុន្តែបែរជាខ្វះគន្លឹះសំខាន់ទៅវិញ គឺរឿងរ៉ាវដ៏មានឥទ្ធិពល។ ពាណិជ្ជកម្មមិនមែនស្ថិតនៅលើតែផលិតផលមួយមុខនោះទេ វាក៏ជារឿងរ៉ាវដែលអ្នកយកទៅប្រាប់វិនិយោគិននិងអតិថិជនរបស់អ្នកដែរ គឺរបៀបដែលយីហោរបស់អ្នកនឹងផ្លាស់ប្តូរពិភពលោកនេះព្រមទាំងបង្កើនគុណភាពជីវិតឱ្យកាន់តែប្រសើរឡើង។  

 

រឿងដែលល្អត្រូវតែមានចំណុចគួរឱ្យចង់ដឹងនិងអាចភ្ជាប់ទៅនឹងបទពិសោធន៍របស់មនុស្សទូទៅបាន។ រឿងនោះតំណាងឱ្យមនុស្សនៅពេលប្រឈមបញ្ហា រៀន និងវិវត្ត។ បើនិយាយមួយបែបទៀតគឺជាកិច្ចការដែលអ្នកធ្វើរាល់ថ្ងៃដើម្បីបង្កើតអ្វីៗគ្រប់យ៉ាងដែលជាពាណិជ្ជកម្មរបស់អ្នក។ ក្នុងនាមជាម្ចាស់ពាណិជ្ជកម្ម អ្នកតែងតែជម្នះឧបសគ្គ ដោះស្រាយបញ្ហា និងរស់នៅដើម្បីប្រាប់រឿងទាំងអស់នោះ។ 

 

ប្រែសម្រួល៖ វេហា

មតិយោបល់