អចលនទ្រព្យ | January 11, 2022 | 283

អាថ៌កំបាំងដើម្បីទទួលបានជោគជ័យក្នុងការវិនិយោគអចលនវត្ថុ

គំនិតនៃការរកលុយបានរាប់លានដុល្លារពីការវិនិយោគក្នុងអចលនវត្ថុមានភាពទាក់ទាញចំពោះមនុស្សច្រើននាក់ណាស់។ ក្នុងពេលដែលមនុស្សកាន់តែច្រើនត្រូវការផ្ទះនិងកន្លែងស្នាក់នៅ ឱកាសក្នុងការពង្រីកទ្រព្យសម្បត្តិក្នុងវិស័យនេះក៏រីកកាន់តែធំ។ បើទោះជាការវិនិយោគក្នុងវិស័យអចលនវត្ថុហាក់ដូចជាមិនមានអ្វីស្មុគស្មាញ ក៏នៅមានអាថ៌កំបាំងមួយចំនួនដែលអាចជួយឬបំផ្លាញការប្រឹងប្រែងរបស់អ្នកបានដែរ ហើយអ្នកត្រូវយល់រឿងទាំងអស់នេះដើម្បីឈានទៅមុខដោយជោគជ័យ៖

 

 

១/ យល់អំពីការប្តេជ្ញាចិត្តចំពោះពេលវេលារបស់អ្នក

ការវិនិយោគលើអចលនវត្ថុពិតជាតម្រូវឱ្យមានដើមទុនខ្លះមែន ប៉ុន្តែបើអ្នកមានផែនការជួលអចលនវត្ថុរបស់អ្នកជាជាងលក់វិញភ្លាមៗ អ្នកត្រូវត្រៀមខ្លួនទុកជាមុន។ ការធ្វើជាម្ចាស់ផ្ទះខ្លួនឯងនិងការធ្វើជាម្ចាស់ផ្ទះជួលឱ្យគេមានភាពខុសគ្នាឆ្ងាយណាស់ដែលតម្រូវឱ្យមានការផ្លាស់ប្តូរផ្នត់គំនិតច្រើន។ មុននឹងប្រឡូកក្នុងការទិញផ្ទះដើម្បីជួល អ្នកត្រូវត្រៀមខ្លួនជាស្រេចដើម្បីធ្វើកិច្ចការចាំបាច់សម្រាប់ជោគជ័យក្នុងការវិនិយោគរបស់អ្នក។ 

 

២/ កុំធ្វើការតែម្នាក់ឯង

អ្នកអាចចូលរួមក្នុងសិក្ខាសាលា វគ្គសិក្សាតាមអ៊ីនថឺណិត និងអានសៀវភៅទាំងអស់ពាក់ព័ន្ធនឹងការវិនិយោគ ប៉ុន្តែនៅពេលអ្នកចាប់ផ្តើមដំបូងៗ ការមានជំនួយពីមនុស្សដែលមានបទពិសោធន៍ជាក់ស្តែងអាចជួយសន្សំពេលវេលានិងការឈឺក្បាលបានច្រើនណាស់។ វិនិយោគលើការអប់រំរបស់អ្នក ប៉ុន្តែក្នុងពេលជាមួយគ្នា អ្នកក៏ត្រូវវិនិយោគលើជំនួយការពីអ្នកជំនាញដែរ និងស្វែងរកដំបូន្មានពីវិនិយោគិនជើងចាស់ដែលអាចជួយតម្រង់ទិសនិងបញ្ជៀសកំហុសទូទៅ។ 

 

៣/ កំណត់យុទ្ធសាស្រ្តវិនិយោគ

តើអ្នកចង់ទិញផ្ទះដើម្បីលក់វិញភ្លាមៗ ឬទិញដើម្បីកែច្នៃទុកសម្រាប់ជួលយូរអង្វែង? តើអ្នកត្រូវការបង្កើតប្រាក់ចំណូលប៉ុន្មានដើម្បីទប់នឹងចំណាយប្រចាំខែ? តើអ្នកមានគម្រោងដកខ្លួនចេញពីវិនិយោគមួយនេះដូចម្តេច? ការឆ្លើយសំណួរទាំងនេះនឹងជួយអ្នកកំណត់បានច្បាស់របៀបដែលអ្នកសម្រេចគោលដៅ។ នៅពេលអ្នកដឹងច្បាស់និងរៀបចំផែនការទុកសម្រាប់ការវិនិយោគនិងគោលដៅរបស់អ្នកហើយ យុទ្ធសាស្រ្តវិនិយោគជាក់ស្តែងរបស់អ្នកអាចនឹងចាប់ផ្តើមបង្ហាញរូបរាងបានហើយ។ 

 

៤/ សម្លឹងរកមើលកន្លែងដែលមានសក្តានុពល

ទីតាំងដែលតម្រូវឱ្យមានការងារកែច្នៃច្រើនប្រហែលធ្វើឱ្យវិនិយោគិនមួយចំនួយរួញរា ដោយសារគេត្រូវចំណាយទាំងពេលវេលានិងដើមទុនបន្ថែមជាច្រើន។ ប៉ុន្តែក្នុងពេលដែលអចលនវត្ថុងាយស្រួលមានភាពទាក់ទាញជាង អចលនវត្ថុដែលតម្រូវឱ្យមានការងារច្រើនក៏ប្រហែលនាំទៅរកផលចំណេញខ្ពស់និងយូរអង្វែងជាងដែរ។ ដើម្បីកំណត់ឱ្យច្បាស់អំពីភាពខុសគ្នាទាំងអស់នេះ អ្នកត្រូវស្វែងរកទីតាំង។ គន្លឹះស្ថិតនៅត្រង់ការសិក្សាស្រាវជ្រាវទីផ្សារនិងធ្វើសកម្មភាពឱ្យបានរហ័សនៅពេលជួបឱកាសភ្លាម។ 

 

៥/ មើលឱ្យហួសពីផ្លូវដែលគេធ្លាប់ដើរ

ភាគច្រើននៃការស្រាវជ្រាវរកអចលនវត្ថុចាប់ផ្តើមនៅលើអ៊ីនថឺណិត ប៉ុន្តែទម្លាប់មួយនេះមិនមែនជាផ្លូវតែម្យ៉ាងដើម្បីស្វែងរកទីតាំងល្អនោះទេ។ គន្លឹះស្ថិតនៅលើការចងចាំទុកថាអ្នកមិនមែនស្វែងរកអចលនវត្ថុដែលអស្ចារ្យទេ ប៉ុន្តែអ្នកកំពុងតែស្វែងរកកន្លែងវិនិយោគដែលនាំទៅរកផលចំណេញខ្ពស់។ អ្នកអាចបង្កើតគំនិតផ្តួចផ្តើមមួយចំនួននិងផ្សព្វផ្សាយខ្លួនឯងជាវិនិយោគិនដែលស្គាល់ទីផ្សារច្បាស់។ សកម្មភាពទាំងអស់នេះអាចនឹងភ្ជាប់ទំនាក់ទំនងអ្នកទៅនឹងមនុស្សដែលចង់លក់ឬចង់ទិញអចលនវត្ថុដែលអ្នកបានត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ជូន។ 

 

ប្រែសម្រួល៖ វេហា

មតិយោបល់