អចលនទ្រព្យ | January 10, 2022 | 332

គន្លឹះដើម្បីប្រែក្លាយទៅជាភ្នាក់ងារអចលនវត្ថុកាន់តែជោគជ័យ

នៅពេលសម្រេចចិត្តប្រឡូកចូលក្នុងវិស័យអចលនវត្ថុ មនុស្សភាគច្រើនចង់ដឹងថាតើគេត្រូវការពេលយូរប៉ុនណាដើម្បីទទួលបានជោគជ័យ។ បញ្ហានៅក្នុងសំណួរនេះគឺថាគ្មាននរណាម្នាក់អាចឆ្លើយទុកមុនបានទេ។ ជោគជ័យអាស្រ័យលើបុគ្គលម្នាក់ៗ ក៏ដូចជាទីផ្សារដែលគេកំពុងតែធ្វើការ។ 

 

 

ជំនួសឱ្យការព្យាយាមកំណត់ពេលជោគជ័យ ភ្នាក់ងារអចលនវត្ថុត្រូវផ្តោតចិត្តលើការធានាឱ្យបានថាគេមានចំណេះដឹងទីផ្សារដែលមិនអាចខ្វះបាន មានការបណ្តុះបណ្តាល់ត្រឹមត្រូវ និងមានឥរិយាបថដែលមនុស្សគ្រប់គ្នាចង់ធ្វើការជាមួយ។ បើអ្នកចង់ទទួលបានជោគជ័យកាន់តែច្រើនក្នុងនាមជាភ្នាក់ងារអចលនវត្ថុ អ្នកត្រូវតែប្រឹងប្រែងអភិវឌ្ឍខ្លួន និងអនុវត្តតាមគន្លឹះទាំងនេះ៖

 

១/ ពង្រឹងចំណេះដឹងអំពីទីផ្សារ

ចំណេះដឹងទីផ្សារជាសូចនាករល្អបំផុតមួយនៃកម្រិតបទពិសោធន៍និងជំនាញរបស់ភ្នាក់ងារអចលនវត្ថុ។ ជាលទ្ធផល របៀបដែលអ្នកបង្កើនការយល់ដឹងអំពីទីផ្សារនឹងអាស្រ័យលើដំណាក់កាលនៃអាជីពរបស់អ្នកថាតើអ្នកទើបតែចាប់ផ្តើម មានកេរ្តិ៍ឈ្មោះរឹងមាំហើយ ឬក៏ជាអ្នកជំនាញជើងចាស់។ ភ្នាក់ងារជើងថ្មីត្រូវចំណាយពេលច្រើនរៀនតាមរយៈការស្រាវជ្រាវស្ថានភាពទីផ្សារបច្ចុប្បន្ន និងជជីកសួរសាវតារពាក់ព័ន្ធទាំងអស់។ ទោះជាយ៉ាងណា ភ្នាក់ងារជើងចាស់ក៏ត្រូវចំណាយពេលកាន់តែច្រើនដើម្បីរៀនប៉ាន់ស្មានរបៀបដែលតម្លៃផ្ទះនឹងទទួលរងឥទ្ធិពលពីការផ្លាស់ប្តូរក្នុងឧស្សាហកម្ម សេដ្ឋកិច្ច និងតំបន់ដែរ។ 

 

២/ កុំជឿខុសតាមគេ

មានការយល់ខុសគ្នាច្រើនណាស់អំពីភ្នាក់ងារអចលនវត្ថុ។ ជាទូទៅ ភ្នាក់ងារអចលនវត្ថុត្រូវសង្គមមើលឃើញថាជាមនុស្សដែលចាំតែឆ្លៀតឱកាសដើម្បីទទួលបានផលចំណេញពីការទិញលក់អចលនវត្ថុ ដោយគ្រាន់តែដាក់ស្លាកសញ្ញាមួយផ្ទាំងតូចលើផ្ទះដែលគេត្រូវលក់ឬជួល។ ការងាររបស់អ្នកដើម្បីប្រឆាំងនឹងការយល់ខុសបែបនេះគួរតែចាប់ផ្តើមពីសន្ទនាដំបូងរបស់អ្នកជាមួយនឹងអតិថិជន។ ជោគជ័យនៅក្នុងឧស្សាហកម្មនេះតម្រូវឱ្យភ្នាក់ងារបង្កើតជំនឿទុកចិត្តពីអតិថិជនតាមរយៈការទទួលស្គាល់កង្វល់រួមរបស់អ្នកលក់និងអ្នកទិញ និងតាមរយៈការបង្ហាញឱ្យគេឃើញថាអ្នកប្រសើរជាងភ្នាក់ងារផ្សេងទៀតដូចម្តេចខ្លះ។ 

៣/ ចាប់ដៃគូជាមួយភ្នាក់ងារផ្សេងទៀត

ការមានគ្នាច្រើនប្រសើរជាងការប្រឹងប្រែងតែម្នាក់ឯង។ បើទោះជាការគិតដល់រឿងបែងចែកផលចំណេញធ្វើឱ្យអ្នកស្ទាក់ស្ទើរចិត្តខ្លះក៏ដោយ ក៏ការចាប់ដៃគូជាមួយភ្នាក់ងារអចលនវត្ថុផ្សេងទៀតអាចជួយអ្នកបង្កើនប្រាក់ចំណូលនិងពង្រីកពាណិជ្ជកម្មរបស់អ្នកបានឆាប់រហ័សដែរ។ ការចាប់ដៃគូជួយឱ្យអ្នកទទួលបានចំណេះដឹងទីផ្សារ និងបទពិសោធន៍ពីអ្នកដទៃដែលពិបាករកបាននៅកន្លែងផ្សេងទៀត។ តាមរយៈការធ្វើការជាក្រុម អ្នកអាចរៀនជំនាញថ្មីៗ និងមានឱកាសជួបអតិថិជនបានកាន់តែច្រើន។

 

៤/ ប្រើប្រាស់បច្ចេកវិទ្យាដើម្បីពង្រីកសក្តានុពល

ការធ្វើជាភ្នាក់ងារអចលនវត្ថុជោគជ័យតម្រូវឱ្យអ្នកចេះរែកបន្ទុកទំនួលខុសត្រូវច្រើនក្នុងពេលតែមួយ។ ទោះជាយ៉ាងណា ភ្នាក់ងារដែលពូកែប្រើប្រាស់បច្ចេកវិទ្យាដើម្បីជួយផ្សព្វផ្សាយនិងបង្កើតច្រកពាណិជ្ជកម្មដែលមិនតម្រូវឱ្យអ្នកនៅចំណាយពេលច្រើនធ្វើដោយខ្លួនឯង។ ការបង្កើតយុទ្ធនាការធ្វើទីផ្សារតាមអ៊ីម៉ែលអាចជួយអ្នកភ្ជាប់ទំនាក់ទំនងថ្មីៗនិងរក្សាទំនាក់ទំនងដែលមានស្រាប់ឱ្យកាន់តែប្រសើរឡើង។ នៅក្នុងស្ថានភាពបច្ចុប្បន្នដែលមនុស្សប្រើប្រាស់បណ្តាញសង្គមច្រើនប្រភេទ អ្នកក៏អាចទាញយកប្រយោជន៍ពីការរៀនប្រើប្រាស់បណ្តាញសង្គមទាំងនេះបានដែរ។ បណ្តាញសង្គមអាចក្លាយជាកូនសោរនៃការផ្សព្វផ្សាយដំណឹងអចលនវត្ថុរបស់អ្នកយ៉ាងមានប្រសិទ្ធភាព។ 

 

ប្រែសម្រួល៖ វេហា

មតិយោបល់