គំនិតអាជីវកម្ម | November 27, 2021 | 158

តុល្យភាពនៃផ្តល់អំណាចនិងទំនួលខុសត្រូវក្នុងក្រុមការងារ

ការផ្តល់អំណាចដល់បុគ្គលិកជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការបង្កើតគំនិតច្នៃប្រឌិត និងផលិតភាព ព្រមទាំងជាគន្លឹះចងចិត្តបុគ្គលិកល្អៗឱ្យបន្តនៅធ្វើការបានយូរ។ ប៉ុន្តែការផ្តល់អំណាចបែបនេះគ្រាន់តែជាជើងម្ខាងនៃយុទ្ធសាស្រ្តគ្រប់គ្រងក្រុមការងារប៉ុណ្ណោះ។ ពាណិជ្ជកម្មតម្រូវឱ្យមានតុល្យភាព។ ជើងសំខាន់ម្ខាងទៀតគឺទំនួលខុសត្រូវ។ បើមិនមានទំនួលខុសត្រូវទេ អំណាចដែលទទួលបាននឹងនាំទៅរកមហន្តរាយកាន់តែឆាប់។ 

 

 

ការផ្តល់អំណាចគឺការផ្តល់សមត្ថភាពគ្រប់គ្រងពេញលេញដល់ក្រុមការងារជុំវិញរបៀបដែលគេបំពេញតួនាទីរាល់ថ្ងៃរបស់គេ។ ជោគជ័យរបស់ក្រុមហ៊ុនអាស្រ័យលើក្រុមការងារម្នាក់ៗធ្វើកិច្ចការទៅតាមជំនាញរៀងៗខ្លួន។ នៅពេលក្រុមហ៊ុនផ្តល់អំណាចដល់ក្រុមការងារ ពួកគេនឹងចង់ចូលរួមបញ្ចេញគំនិតយោបល់ និងបង្កើតរបៀបថ្មីៗដែលកាន់តែមានប្រសិទ្ធភាពក្នុងការពេញតួនាទីនិងសម្រេចគោលដៅ។ 

 

នៅក្នុងដំណើរដែលក្រុមហ៊ុនផ្តល់អំណាចកាន់តែច្រើនដល់ក្រុមការងារ ទំនាក់ទំនងជាគន្លឹះចាំបាច់ គឺមេដឹកនាំត្រូវចែករំលែកព័ត៌គ្រប់គ្រាន់អំពីគោលដៅដែលពួកគេកំពុងតែប្រឹងប្រែងដើម្បីសម្រេចបាន ក៏ដូចជាបើកច្រកផ្តល់គំនិតយោបល់ត្រឡប់មកវិញពីក្រុមការងារ។ ទំនាក់ទំនងទៅវិញទៅមកបែបនេះតម្រូវឱ្យមានតម្លាភាពពីមេដឹកនាំកាន់តែច្រើន។ ជំហានតម្លាភាពផ្សេងទៀតមានដូចជាការពន្យល់ឱ្យបានច្បាស់អំពីតួនាទី ការបែងចែកតួនាទីទៅតាមសមត្ថភាព និងការទទួលស្គាល់ស្នាដៃនិងការប្រឹងប្រែងរបស់ក្រុមការងារ។

 

នៅពេលក្រុមការងារទទួលបាបនឥទ្ធិពលកាន់តែច្រើនក្នុងការគ្រប់គ្រងលើរបៀបដែលពួកគេធ្វើការ ថ្នាក់ដឹកនាំក៏ត្រូវផ្តល់ទំនួលខុសត្រូវកាន់តែច្រើនដែរ។ នៅក្នុងក្រុមហ៊ុនដែលមានវប្បធម៌ផ្តល់អំណាចខ្លាំងដល់ក្រុមការងារ ថ្នាក់ដឹកនាំដើរតួជាគ្រូបង្ហាត់បង្ហាញផ្លូវជាជាងអ្នកគ្រប់គ្រង គឺគេត្រូវជួយក្រុមការងារវិភាគរករបៀបដែលការប្រឹងប្រែងរបស់ពួកគេរុញច្រានក្រុមហ៊ុនទៅរកគោលដៅដែលបានកំណត់ទុក។

 

ដូចគ្នានឹងការផ្តលអំណាចដែរ ទំនាក់ទំនងច្បាស់លាស់ជាគន្លឹះសំខាន់ចំពោះទំនួលខុសត្រូវ។ នៅពេលមានការបញ្ជាក់គោលដៅច្បាស់លាស់ ហើយមានប្រព័ន្ធផ្តល់គំនិតយោបល់ទៀងទាត់ ថ្នាក់ដឹកនាំងាយស្រួលមើលដឹងណាស់ថាក្រុមការងារយល់ដឹងនិងមានធនធានគ្រប់គ្រាន់ដែរឬទេក្នុងដំណើរសម្រេចគោលដៅ។ ទំនាក់ទំនងបើកចំហមិនដាច់ក៏ធ្វើឱ្យកាន់តែងាយស្រួលក្នុងការនិយាយអំពីចំណុចខ្វះខាតនិងរឿងបរាជ័យជាច្រើនទៀតបានដែរ។ 

 

អំណាចដែលមានតុល្យភាពនិងទំនួលខុសត្រូវអាចជួយអ្នកគ្រប់គ្រងទាំងអស់ ប៉ុន្តែសហគ្រិនត្រូវការតុល្យភាពនេះខ្លាំងបំផុត។ កុំពឹងផ្អែកជោគជ័យនៃសហគ្រាសរបស់អ្នកតែលើចំណេះដឹងនិងគំនិតច្នៃប្រឌិតតែម្យ៉ាង។ ការផ្តល់អំណាចដល់ក្រុមការងារប្រហែលធ្វើឱ្យអ្នកបាត់បង់ការគ្រប់គ្រងខ្លះមែន ប៉ុន្តែនៅពេលដាក់ឱ្យមានតុល្យភាពជាមួយនឹងទំនួលខុសត្រូវ វានឹងក្លាយជាកម្លាំងនាំទៅរកផលចំណេញសម្រាប់ក្រុមហ៊ុនក្នុងផ្លូវវែងឆ្ងាយទៅមុខ។ 

 

ប្រែសម្រួល៖ វេហា 

មតិយោបល់