គំនិតអាជីវកម្ម | November 27, 2021 | 175

គន្លឹះប្រែក្លាយខ្លួនជាមេដឹកនាំដែលគេចង់ដើរតាម

តើអ្នកដឹងបានដោយរបៀបណាថាជំនាញរបស់មេដឹកនាំបត់បែនទាន់ការផ្លាស់ប្តូរមិនឈប់នៃស្ថានភាពពាណិជ្ជកម្មដែលយើងប្រឈមនៅក្រោយពេលមានវិបត្តិកូវីដនេះ? យើងតាមការសិក្សាស្រាវជ្រាវ មេដឹកនាំដែលល្អបំផុតនិងអាចបត់បែនតាមស្ថានការណ៍បែបនេះបានគឺមេដឹកនាំជាអ្នកបម្រើ។ ចំពោះមេដឹកនាំប្រភេទនេះ ទាំងសម្មភាពនិងឥរិយាបថរបស់គេចេញមកពីអត្តចរិតនិងភាពសុចរិតដែលគេមាន។ 

 

 

ក្នុងការអនុវត្តជាក់ស្តែង មានឥរិយាបថបីដែលលេចធ្លោនិងងាយមើលដឹងថាជាមេដឹកនាំដែលមានមនុស្សច្រើនចង់ដើរតាម៖

 

១/ បង្ហាញភាពមិនអាត្មានិយម

នៅពេលស្ថិតក្នុងតំណែងដ៏ខ្ពង់ខ្ពស់នេះ មេដឹកនាំដឹងខ្លួនថាភាពជាអ្នកដឹកនាំស្ថិតនៅលើការឆ្លើយតបតម្រូវការរបស់មនុស្សជុំវិញខ្លួន។ មេដឹកនាំដែលយល់បែបនេះតែងតែប្រឆាំងនឹងក្បួនទម្លាប់ប្រពៃណីដែលចេញតែបញ្ជា និងគិតគូរប្រយោជន៍ជាសំខាន់ជាងមនុស្ស។ នៅក្នុងរបៀបរបស់មេដឹកនាំជាអ្នកបម្រើ មេដឹកនាំបង្ហាញភាពមិនអាត្មានិយមក្នុងសកម្មភាពជាក់ស្តែង តាមរយៈការគិតគូរដល់ប្រយោជន៍ក្រុមការងារមុនប្រយោជន៍ផ្ទាល់ខ្លួន។ 

 

នៅមានរបៀបច្រើនទៀតដែលមេដឹកនាំអាចបង្ហាញភាពមិនអាត្មានិយមបាន ដូចជាការផ្តល់ពេលវេលា កម្លាំងកាយចិត្ត ប្រាជ្ញានិងចំណេះដឹងដល់អ្នកដទៃ និងធ្វើគ្រប់បែបយ៉ាងដើម្បីជួយឱ្យក្រុមការងាររីកចម្រើន។

 

២/ បង្កើតឱកាសឱ្យក្រុមការងារស្គាល់គោលបំណង

ការសិក្សាស្រាវជ្រាវជាច្រើនបង្ហាញថានៅពេលមនុស្សម្នាក់រកឃើញគោលបំណងក្នុងការងារបស់គេ មិនត្រឹមតែកម្រិតនៃការពេញចិត្តផ្ទាល់ខ្លួនរបស់គេកើនឡើងទេ ប៉ុន្តែផលិតភាពការងារនោះក៏រីកចម្រើនខ្លាំងដែរ។ មធ្យោបាយមួយដើម្បីទទួលបានលទ្ធផលល្អបែបនេះគឺត្រូវផ្តល់ឱកាសឱ្យក្រុមការងារភ្ជាប់ទំនាក់ទំនងជាមួយមនុស្សដែលពួកគេកំពុងតែបម្រើ។ 

 

មេដឹកនាំត្រូវធ្វើការជាមួយនឹងក្រុមការងារដើម្បីរចនាការងារដែលមានគោលបំណងពិតប្រាកដចេញពីក្នុងចិត្ត។ នៅពេលក្រុមការងារយល់ថាគេបានចូលរួមចំណែកធ្វើឱ្យពិភពលោកនេះកាន់តែប្រសើរឡើងតាមរយៈការងាររបស់ពួកគេ អារម្មណ៍នៃគោលបំណងនឹងកាន់តែកើនឡើងដែលក្លាយជាកម្លាំងជំរុញចិត្តរបស់ពួកគេឱ្យប្រឹងប្រែងបន្ថែមទៀត។ 

 

៣/ បម្រើក្រុមការងារពិតប្រាកដ

ដើម្បីបង្កើតឥទ្ធិពលពិតប្រាកដក្នុងនាមជាមេដឹកនាំ អ្នកត្រូវចងចាំថាគន្លឹះនៃភាពជាអ្នកដឹកនាំគឺការផ្តល់ជូននិងការបម្រើមនុស្សដែលនៅជុំវិញខ្លួនអ្នកឱ្យបានកាន់តែប្រសើរ។ ដើម្បីវិភាគមើលដឹងថាអ្នកកំពុងតែស្ថិតនៅក្នុងចំណុចណានៃភាពជាអ្នកដឹកនាំបែបនេះ អ្នកត្រូវឧស្សាហ៍សួរខ្លួនឯងថា «តើខ្ញុំកំពុងតែធ្វើកិច្ចការរាល់ថ្ងៃដើម្បីអភិវឌ្ឍជីវិតក្រុមការងារណាម្នាក់ទេ?» បើអ្នកមានបំណងធ្វើឱ្យមនុស្សជុំវិញខ្លួនរីកចម្រើន និងជួយគេគ្រប់លទ្ធភាពក្នុងការសម្រេចគោលដៅនេះ អ្នកពិតជាមេដឹកនាំដែលមានមនុស្សច្រើនចង់ដើរតាមហើយ។ 

 

ប្រែសម្រួល៖ វេហា

មតិយោបល់