អចលនទ្រព្យ | November 27, 2021 | 158

ចំណុចដែលគួរពិចារណានៅពេលបង្កើតផែនការវិនិយោគ

បើអ្នកមិនធ្លាប់មានបទពិសោធន៍ ហើយចង់វិនិយោគក្នុងអចលនវត្ថុ និងចង់ទទួលបានឱកាសជោគជ័យ ជំហានដំបូងបំផុតគឺត្រូវកំណត់គោលដៅនិងបង្កើតផែនការច្បាស់លាស់។ ការវិនិយោគមានច្រើនប្រភេទ។ ជាក់ស្តែង ការវិនិយោគក្នុងអចលនវត្ថុសម្រាប់ជួលនាំទៅរកលទ្ធផលល្អបំផុតចំពោះវិនិយោគិនណាដែលចំណាយពេលស្វែងរកដំបូន្មានល្អឬនិងរៀបចំផែនការយ៉ាងប្រុងប្រយ័ត្នមុនពេលវិនិយោគ។ ខាងក្រោមនេះជាគន្លឹះមួយចំនួនដែលអ្នកមិនត្រូវមើលរំលងនៅពេលរៀបចំផែនការវិនិយោគ៖

 

 

១/ យល់អំពីរយៈពេលដែលអ្នកចង់ធ្វើជាម្ចាស់នៃអចលនវត្ថុដែលអ្នកវិនិយោគ

តើអ្នកនឹងយកអចលនវត្ថុសម្រាប់ជួលមួយនេះទៅធ្វើជាផ្ទះសម្រាប់រស់នៅផ្ទាល់ខ្លួននៅពេលក្រោយមក ឬគ្រាន់តែយកធ្វើជាឈ្នាន់ទៅរកការទិញអចលនវត្ថុវិនិយោគបន្ថែមទៀត?

 

២/ យល់ស្ថានភាពហិរញ្ញវត្ថុរបស់អ្នក

ជាការចាំបាច់ណាស់ដែលអ្នកត្រូវយល់និងស្គាល់ស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួនឯងនិងលទ្ធភាពដែលអ្នកអាចវិនិយោគបាន។ ចំណាយពេលខ្លះគណនាលទ្ធភាពដែលអាចទិញបាន ដោយគិតទាំងចំណូលនិងចំណាយរបស់អ្នក និងប្រភពដើមទុនផ្សេងទៀត។

 

៣/ ស្គាល់ទីតាំងដែលប្រុងនឹងវិនិយោគឱ្យបានច្បាស់

រឿងសំខាន់មួយទៀតគឺអ្នកត្រូវស្គាល់ទីតាំងដែលអ្នកចង់វិនិយោគ ដើម្បីយល់គុណភាពនិងប្រភេទនៃអចលនវត្ថុណាដែលទាក់ទាញខ្លាំងក្នុងចំណោមអ្នកជួល។ កិច្ចការទាំងនេះអាចធ្វើបានតាមរយៈការជួបជជែកជាមួយភ្នាក់ងារអចលនវត្ថុក្នុងតំបន់ និងតាមមើលចរន្តពេញនិយមជាទូទៅពីប្រភពផ្សេងៗទាំងការបោះពុម្ពផ្សាយផ្លូវការនិងបណ្តាញសង្គម។

 

៤/ យល់ទីផ្សារជួលឱ្យបានគ្រប់ជ្រុងជ្រោយ

បន្ថែមពីលើការស្រាវជ្រាវដើម្បីស្គាល់ទីតាំងឱ្យបានច្បាស់ អ្នកក៏ត្រូវយល់អំពីទីផ្សារជួលអចលនវត្ថុដែរ គឺត្រូវរកមើលឱ្យឃើញថាអ្នកជួលចូលចិត្តនិងចង់បានអ្វីខ្លះ។ ការយល់ដឹងចំណុចមួយនេះបានកាន់តែច្រើន អ្នកនឹងអាចរៀបចំផែនការបានកាន់តែប្រសើរ។ 

 

៥/ គណនាលទ្ធភាពនៃផលចំណេញ

ផលចំណេញពីការវិនិយោគរបស់អ្នកក៏អាចគណនាបានតាមរយៈការវាស់ស្ទង់គម្លាត់រវាងចំណាយទូទៅ និងចំណូលដែលអ្នកទទួលបានពីការជួលអចលនវត្ថុនោះ។ ដើម្បីយល់អំពីលទ្ធភាពនៃផលចំណេញ អ្នកត្រូវស្រាវជ្រាវតំបន់ និងទីផ្សារជួលដែលអ្នកចង់វិនិយោគជាមុននិងប្រុងប្រៀបត្រៀមលក្ខណៈគ្រប់យ៉ាងដើម្បីកែច្នៃបង្កើនលទ្ធភាពនៃផលចំណេញ។ 

 

ប្រែសម្រួល៖ វេហា

មតិយោបល់