អភិវឌ្ឍចំណេះដឹង | November 26, 2021 | 267

ក្រុមហ៊ុនIkea បើកហាងធំបំផុតក្នុងប្រទេសហ្វីលីពីន

ក្នុងការប្រជែងនឹងការស្ទុះឡើងនៃពាណិជ្ជកម្មលើអ៊ីនថឺណិតនិងការចរន្តពេញនិយមនៃការទិញទំនិញតាមអ៊ីនថឺណិតនៅតំបន់អាស៊ាន ក្រុមហ៊ុនIkeaដែលលក់គ្រឿងសង្ហារិមរបស់ប្រទេសស៊ុយអែតបានបើកសម្ពោធហាងធំបំផុតនៅក្នុងប្រទេសហ្វីលីពីន។ 

 

 

ហាងមួយនេះគ្របដណ្តប់លើផ្លូវដី៦៥០០០ម៉ែត្រការេ ឬមានទំហំស្មើទីលានទាត់បាល១០ ដែលវែងជាងវិមាន Versailles ក្នុងប្រទេសបារាំងឬវិមាន Winter ក្នុងប្រទេសរុស្ស៊ីទៅទៀត។ ហាងដ៏ធំនេះមានប្រាំជាន់ស្ថិតនៅក្នុងបរិវេនក្បែរឈូងម៉ានីល។ នៅក្នុងហាងដ៏ធំនេះមានការតាំងបង្ហាញផលិតផល និងកន្លែងទទួលទានអាហារ ក៏ដូចជាឃ្លាំងផ្ទុកទំនិញ កន្លែងផ្គង់ផ្គង់ពាណិជ្ជកម្មលើអ៊ីនថឺណិត និងមជ្ឈមណ្ឌលផ្តល់ព័ត៌មាន។

 

ក្រុមហ៊ុនIkea បញ្ជាក់ថា ហាងមួយនេះដែលជាហាងទីមួយក្នុងប្រទេសហ្វីលីពីន ពិតជាស័ក្តិសមនឹងប្រទេសនេះណាស់ ដោយសារមានកំណើនសេដ្ឋកិច្ចខ្ពស់ និងកំណើនអ្នកមានកម្រិតមធ្យមក៏ច្រើន ព្រមទាំងមានអ្នកជំនាញវ័យក្មេងដែលចង់រកច្រកចំណាយលើគ្រឿងសង្ហារិមទាន់សម័យនៅក្នុងផ្ទះ។ 

 

បើទោះជាក្រុមហ៊ុនដឹងអំពីទំនោរទៅការទិញទំនិញតាមអ៊ីនថឺណិត ហើយក៏បានត្រៀមខ្លួនបត់បែនទៅតាមចរន្តនេះតាមរយៈការពង្រីកវត្តមាននិងច្រកផ្គត់ផ្គត់ទំនិញនៅតាមអ៊ីនថឺណិតដែរ ក៏ក្រុមហ៊ុននៅតែមានគម្រោងពង្រីកសាខាជាង៦០កន្លែងទៀតនៅត្រឹមពាក់កណ្តាលឆ្នាំ២០២២ខាងមុខនេះបន្ថែមពីលើសាខាដែលមានស្រាប់ជាង៤៦០ទីតាំងដែលគ្របដណ្តប់លើទីផ្សារប្រហែល៦០កន្លែងនៅជុំវិញពិភពលោក។ 

 

ហាងនៅក្នុងក្រុងម៉ានីលនេះដំបូងឡើយគេគ្រោងនឹងបើកសម្ពោធនៅឆ្នាំ២០២០ ប៉ុន្តែត្រូវពន្យារពេលដោយសារវិបត្តិកូវីដ១៩។ ការបើកសម្ពោធហាងនៅពេលនេះក៏ធ្វើឡើងចំពេញដែលក្រុមហ៊ុនព្យាករទុកថាមួយឆ្នាំខាងមុខនឹងជាពេលដែលកាន់តែលំបាកខ្លាំងដែរ ដោយសារការរាំងស្ទះដំណើរដឹកជញ្ជូន និងការឡើងតម្លៃនៃវត្ថុធាតុដើម។ 

 

បច្ចុប្បន្ននេះចំនួនភ្ញៀវដែលមកទិញទំនិញនៅហាងនេះមានត្រឹមតែពាក់កណ្តាលនៃសមត្ថភាពទទួលរបស់ហាងតែប៉ុណ្ណោះ ហើយក៏ត្រូវអនុវត្តតាមវិធានការណ៍ចុះឈ្មោះដើម្បីតាមដាននិងការពារការចម្លងមេរោគកូវីដ៩ដែរ។ 

 

ប្រែសម្រួល៖ វេហា

មតិយោបល់