អភិវឌ្ឍចំណេះដឹង | November 26, 2021 | 164

គោលការណ៍ដែលត្រូវយល់ដើម្បីបង្កើតជោគជ័យ

មានរឿងជាច្រើនណាស់ដែលអ្នកអាចធ្វើបានក្នុងជីវិតនេះ ប៉ុន្តែមនុស្សភាគច្រើនជាប់គាំងដោយសារឧបសគ្គឬបរាជ័យក្នុងពេលកន្លងមក។ អ្នកខ្លាចបរាជ័យនិងធុញទ្រាន់ចំពោះអ្វីដែលកើតឡើងក្នុងជីវិត។ អ្នកចង់បង្កើតពាណិជ្ជកម្ម រកការងារដែលកាន់តែប្រសើរ រកលុយឱ្យបានកាន់តែច្រើន មានទំនាក់ទំនងកាន់តែល្អ មានការទទួលស្គាល់កាន់តែខ្លាំងនៅក្នុងជំនាញ បង្កើតឥទ្ធិពលនៅក្នុងសង្គម និងកិច្ចការរាប់រយជាច្រើនទៀត។ អ្នកចង់រស់នៅឱ្យពេញលេញ និងទទួលយកបទពិសោធន៍ទាំងអស់ក្នុងជីវិត។ 

 

 

ប៉ុន្តែរឿងទាំងអស់នេះមិនបានកើតឡើងទេ។ ពីមួយថ្ងៃទៅមួយថ្ងៃអ្នកធ្វើតែរឿងដដែលៗ និងជួបតែរឿងដដែលៗ។ អ្នកក្រោកពីដំណេកក្នុងស្ថានភាពកាន់តែធុនទ្រាន់ឡើងពីមួយព្រឹកទៅមួយព្រឹក ដោយសារអ្នកដឹងខ្លួនថាអ្នកកំពុងតែជាប់គាំងមិនអាចទៅណាបាន។ ព្រំដែនជំនឿរបស់អ្នកបានឃុំឃាំងអ្នកនៅមួយកន្លែង។ ពេលអ្នកសម្លឹងមើលក្នុងកញ្ចក់ អ្នកមានអារម្មណ៍ឈឺចាប់ ប៉ុន្តែអ្នកក៏នៅតែមិនព្រមចាប់ផ្តើមធ្វើកិច្ចការដែលអ្នកចង់សម្រេចបានលទ្ធផលក្នុងជីវិត។ ខាងក្រោមនេះជាគោលការណ៍ដែលអ្នកត្រូវយល់អំពីការបង្កើតជោគជ័យ និងឡើងផុតពីស្ថានភាពជាប់គាំងនៅមួយកន្លែងនេះ៖

 

១/ ឱកាសមានច្រើនណាស់សម្រាប់មនុស្សដែលចង់ចាប់យក

ស្ថានភាពលំបាកៗច្រើនតែរុញច្រានទៅជំនឿខុសដែលយល់ថាលែងមានឱកាសអ្វីដែលនៅសេសសល់ទៀតហើយ។ បើងាកទៅរកមើលឬស្តាប់ព័ត៌មានតែពីរបីនាទី អ្នកនឹងទទួលបានភស្តុតាងគ្រប់គ្រាន់អំពីជំនឿអវិជ្ជមាននេះ។ សព្វថ្ងៃនេះមនុស្សជាង៤,៥ពាន់លាននាក់ប្រើប្រាស់អ៊ីនថឺណិត។ មនុស្ស១៩៦លាននាក់ប្រើប្រាស់បណ្តាញសង្គមរាល់ថ្ងៃ ហើយការលក់ទំនិញលើអ៊ីនថឺណិតនឹងកើនឡើងដល់៦,៥ទ្រីលានដុល្លារនៅឆ្នាំនេះ។ ទោះបីអ្នកធ្វើការឱ្យគេឬកំពុតែបង្កើតពាណិជ្ជកម្មដោយខ្លួនឯងក៏ដោយ ក៏ឱកាសមានមិនខ្វះដែរ។ ទោះជាឱកាសអ្វីក៏ដោយដែលអ្នកចង់ប្រាក់ចំណូល និងទ្រព្យសម្បត្តិ ក៏អ្នកអាចស្រាវជ្រាវរកឃើញនិងអនុវត្តតាមបានដែរ។ យុគសម័យឌីជីថលនេះនឹងនៅតែបន្តបង្កើតឱកាសសម្រាប់មនុស្សដែលចង់ស្រាវជ្រាវ បង្កើតផែនការ និងអនុវត្តជានិច្ច។ 

 

២/ ជីវិតនេះគ្មានការធានាច្បាស់លាស់សម្រាប់នរណាម្នាក់ទេ

ពាក្យមួយឃ្លាដែលមនុស្សភាគច្រើនតែងតែនិយាយថាជីវិតនេះខ្លីណាស់បានក្លាយជាពាក្យដែលមនុស្សភាគច្រើននិយាយទាំងមិនជឿជាក់ច្បាស់ទៅហើយ។ គ្មានមនុស្សណាម្នាក់ទទួលបានការធានាច្បាស់លាស់ចំពោះអ្វីដែលកើតឡើងលើសពីពេលបច្ចុប្បន្ននេះទេ ប៉ុន្តែមនុស្សភាគច្រើនបែរជារស់នៅហាក់ដូចជាជីវិតនេះនៅរហូតគ្មានទីបញ្ចប់។ ដល់ពេលដែលត្រូវឈប់ជាប់គាំងមួយកន្លែងហើយ ដោយសារពេលនេះជាពេលដែលអ្នកកំពុងតែមាន។ ចិត្តរបស់អ្នកនឹងប្រឌិតហេតុផលរាប់ពាន់ដែលប្រាប់អ្នកថាចាំស្អែកចាំធ្វើ។ ព្រំដែនជំនឿរបស់អ្នកជាយន្តការដែលចិត្តរបស់អ្នកប្រើប្រាស់ដើម្បីការពារអ្នក។ អ្នកមានទំនួលខុសត្រូវក្នុងការរុញច្រានខ្លួនឯងឱ្យហួសពីព្រំដែនជំនឿដ៏ចង្អៀតចង្អល់នោះ។ ដើម្បីបង្កើតជោគជ័យ អ្នកត្រូវយល់និងរស់នៅឱ្យដូចថ្ងៃនេះជាថ្ងៃចុងក្រោយនៃជីវិតរបស់អ្នក។ 

 

៣/ ការពិតមិនមានអ្វីគួរឱ្យខ្លាចដូចការគិតនោះទេ

ចិត្តរបស់យើងព្យាយាមការពារយើង ហើយវាប្រមូលផ្តុំស្ថានភាពទាំងអស់មករៀបចំធ្វើឱ្យយើងជឿជាក់។ រឿងអាក្រក់ៗទាំងអស់ដែលបានកើតឡើងមកដក់ជាប់ក្នុងប្រព័ន្ធជំនឿដែលកំណត់ថាជីវិតនេះគួរឱ្យខ្លាចណាស់ ហើយរឿងអាក្រក់ៗនឹងបន្តកើតឡើងចំពោះយើងជានិច្ច។ អ្នកគួរតែវិភាគបទពិសោធន៍លំបាកៗម្តងមួយៗឱ្យដាច់ពីគ្នា។ អ្នកត្រូវជឿថាផ្លូវទៅរកស្ថានភាពប្រសើរមានជានិច្ច ហើយរង់ចាំឱ្យអ្នកដើរ។ ដំណើរទៅរកជោគជ័យតម្រូវឱ្យមានការប្តេជ្ញាចិត្តជម្នះអារម្មណ៍ដែលអូសទាញអ្នកឱ្យនៅសំងំមួយកន្លែង។ ទោះបីមានរឿងអ្វីកើតឡើងចំពោះអ្នកក្នុងពេលកន្លងមក ឬមាននរណានិយាយអ្វីខ្លះក៏ដោយ អ្នកនៅតែអាចប្រែក្លាយស្ថានភាពឱ្យប្រសើរឡើងបើអ្នកប្តេជ្ញាចិត្តចំពោះការរីកចម្រើនរបស់ខ្លួនឯង។ 

 

ប្រែសម្រួល៖ វេហា

មតិយោបល់