អចលនទ្រព្យ | November 26, 2021 | 197

គន្លឹះក្នុងការស្វែងរកការវិនិយោគអចលនវត្ថុនៅក្រៅស្រុក

នៅពេលអ្នកចង់វិនិយោគលើអចលនវត្ថុនៅក្រៅស្រុក វាអាចជាជំហានទីមួយដ៏រីករាយមួយទៅរកអនាគតថ្មី។ ដោយសារបច្ចុប្បន្ននេះពិភពលោកផ្សារភ្ចាប់គ្នាយ៉ាងជិតស្និទ្ធ អ្នកទិញអាចស្វែងរកនិងទិញអចលនវត្ថុនៅក្រៅស្រុកបានយ៉ាងងាយស្រួលដោយមិនបាច់ធ្វើដំណើរច្រើនពេក។ ខាងក្រោមនេះជាគន្លឹះមួយចំនួនសម្រាប់ស្វែងរកការវិនិយោគអចលនវត្ថុនៅក្រៅស្រុកដែលល្អបំផុត៖

 

 

១/ ត្រូវមានហេតុផលសមរម្យសម្រាប់ការវិនិយោគនោះ

ឧទាហរណ៍ថាបើអ្នកចង់វិនិយោគអចលនវត្ថុក្នុងទីផ្សារជុំវិញតំបន់របស់អ្នក ប្រហែលអ្នកនឹងខាតបង់ឱកាសច្រើន។ តាម្រយៈការវិនិយោគលើអចលនវត្ថុនៅក្រៅស្រុក អ្នកអាចនឹងមានគោលដៅនៃការលំហែកម្សាន្តម្តងម្កាល ហើយបើពេលអ្នកមិនស្នាក់នៅទីនោះ អ្នកនអាចទុកកន្លែងនោះសម្រាប់ជួលបានយ៉ាងចំណេញ។ 

 

២/ ផ្តោតលើអចលនវត្ថុណាមួយឱ្យបានច្បាស់

ប្រការល្អបំផុតក្នុងពេលចាប់ផ្តើមគឺត្រូវផ្តោតលើអចលនវត្ថុតែមួយកន្លែងប៉ុណ្ណោះក្នុងមួយពេល។ ដើមទុនរបស់អ្នកត្រូវចំណាយច្រើនច្រកលើការវិនិយោគតែមួយនេះ ដូចជាត្រូវគ្របដណ្តប់លើតម្លៃគោល តម្លៃសេវាសម្រាប់ភាគីទីបី និងចំណាយពាក់ព័ន្ធផ្សេងៗទៀត។ តាមរយៈការផ្តោតលើអចលនវត្ថុតែមួយក្នុងមួយពេល អ្នកនឹងកាត់បន្ថយបញ្ហាស្មុគស្មាញបានច្រើននិងជៀសផុតពីលទ្ធភាពនៃការបង្កើតកំហុសមួយចំនួនទៀត។  

 

៣/ ជ្រើសរើសទីតាំងដែលអាចទុកចិត្តបាន

អ្នកមិនត្រូវភ្លេចស្រាវជ្រាវរកមើលអចលនវត្ថុក្នុងទីផ្សារដែលរឹងមាំនោះទេ ជាពិសេសបើអ្នកវិនិយោគលើកទីមួយ។ តាមរយៈការស្រាវជ្រាវបានត្រឹមត្រូវ អ្នកអាចនឹងមានឱកាសកាន់តែប្រសើរក្នុងការទទួលបានអចលនវត្ថុក្នុងកន្លែងដែលងាយស្រួលចេញចូលនិងតម្លៃសមរម្យ។ 

 

៤/ ប្រយ័ត្នប្រយែងចំពោះអចលនវត្ថុថ្មីៗ

ការទិញអចលនវត្ថុដែលទើបតែសាងសង់ថ្មីៗអាចជាការប្រថុយខ្ពស់។ បើអចលនវត្ថុនោះនៅមិនទាន់សាងសង់រួចរាល់ទេ អ្នកត្រូវសុំគេមើលគម្រោងផ្សេងទៀតដែលក្រុមហ៊ុនសាងសង់នោះធ្លាប់ធ្វើក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ បើគេជាក្រុមហ៊ុនល្អ គេនឹងអាចបង្ហាញភស្តុតាងនៃអចលនវត្ថុជោគជ័យរបស់គេហើយ។  

 

៥/ កុំភ្លេចបំពេញចំណេះដឹងអំពីរឿងពន្ធ

អ្នកត្រូវកំណត់ឱ្យច្បាស់ថាអ្នកនឹងត្រូវបង់ថ្លៃអ្វីខ្លះ ហើយតម្លៃដែលត្រូវបង់នោះកើតឡើងញឹកញាប់កម្រិតណា។ ដើម្បីយល់ដឹងកាន់តែច្រើន អ្នកគួរនិយាយជាមួយមនុស្សជំនាញផ្តល់ប្រឹក្សាអំពីពន្ធដែលចេះច្បាប់ពន្ធរបស់ប្រទេសច្បាស់លាស់ ដើម្បីងាយស្រួលក្នុងការសម្រេចចិត្តថាទិញទៅចំណេញឬខាត។ រឿងពន្ធមិនដូចគ្នាទេពីប្រទេសមួយទៅប្រទេសមួយ ដូច្នេះអ្នកមិនអាចសន្និដ្ឋានតែសម្បកក្រៅបានឡើយ។ 

 

ប្រែសម្រួល៖ វេហា

មតិយោបល់