អភិវឌ្ឍចំណេះដឹង | November 26, 2021 | 183

ទម្លាប់ពេលព្រឹកដ៏ជោគជ័យរបស់CEO ក្រុមហ៊ុនGoogle

ទម្លាប់ពេលព្រឹកមានឥទ្ធិពលណាស់លើផលិតភាពការងារពេញមួយថ្ងៃ ប៉ុន្តែមនុស្សផ្សេងគ្នាក៏មានទម្លាប់ខុសគ្នាដែរ។ គន្លឹះនៃទម្លាប់ពេលព្រឹកដ៏ជោគជ័យមិនមែនជាការចម្លងតាមទាំងស្រុងពីមនុស្សដែលធ្វើបានជោគជ័យហើយនោះទេ។ ជាក់ស្តែងទម្លាប់ពេលព្រឹករបស់លោក Sundar Pichai ជាCEOក្រុមហ៊ុនGoogle គឺក្រោកពីព្រឹក អានកាសែត ផឹកទឹកតែ និងគិតវែងឆ្ងាយ។ ប្រហែលមិនមានអ្វីប្លែកទេ ប៉ុន្តែទម្លាប់របស់លោក Sundar Pichai បង្ហាញចំណុចគន្លឹះបីយ៉ាងដែលមនុស្សយើងភាគច្រើនមើលរំលងឬភ្លេច៖

 

 

 

១/ ទម្លាប់ពេលព្រឹកមិនអាចអនុវត្តតាមដូចគ្នាទាំងអស់ទេ

ពិតណាស់ លោកស្រីOprah ប្រហែលធ្វើសមាធិនិងដុតទៀនដើម្បីធ្វើឱ្យចិត្តស្ងប់និងស្រឡះល្អ ហើយលោកMark Cuban ប្រហែលពិនិត្យមើលអ៊ីម៉ែលទាំងអស់នៅមុនម៉ោង៧ព្រឹក។ ទោះជាយ៉ាងណា អ្នកប្រហែលមានទម្លាប់ពេលព្រឹកផ្សេងពីនេះទៀត ដោយសារមនុស្សយើងទាំងអស់មានទំនោរ ចំណង់ចំណូលចិត្ត ជំនាញ និងបុគ្គលិកលក្ខណៈផ្សេងគ្នា។ ដូច្នេះហើយទម្លាប់ពេលព្រឹកមានច្រើនប្រភេទនិងរបៀប។ ចំពោះលោក Sundar Pichai ផ្ទាល់ លោកប្រឆាំងនឹងការឆាប់ក្រោកពីព្រឹកពេកហើយធ្វើការភ្លាម។ 

 

២/ ទម្លាប់ពេលព្រឹកមិនចាំបាច់សុទ្ធតែផ្តោតលើផលិតភាពទេ

មនុស្សយើងច្រើនតែសម្លឹងរកមើលឈ្មោះកំពូលវិនិយោគិនឬសហគ្រិនល្បីនៅពេលចង់បានកម្លាំងចិត្តបង្កើតទម្លាប់ល្អៗនៅពេលព្រឹក។ ក្នុងករណីភាគច្រើន ទម្លាប់ពេលព្រឹកជាការត្រៀមលក្ខណៈដើម្បីធ្វើកិច្ចការបានកាន់តែច្រើន ឬជាការផ្តោតចិត្តបានកាន់តែប្រសើរដើម្បីធ្វើការបានល្អ។ ប៉ុន្តែទម្លាប់ពេលព្រឹកក៏អាចជាពេលសម្រាកចិត្តនិងរាងកាយឱ្យបានស្រួលដែរ គឺដូចលោកPichai ដែលអានកាសែតដោយមិនប្រញាប់ប្រញាល់។ ចំណុចគន្លឹះគឺមិនមែនជាការបង្កើនផលិតភាពទេ ប៉ុន្តែជាការមានចំណុចចាប់ផ្តើមនៅក្នុងចិត្ត។  

 

៣/ ភាពទៀងទាត់ជាអាថ៌កំបាំងនៃទម្លាប់ល្អនៅពេលព្រឹក

ជាទូទៅមនុស្សដែលស្វែងរកផលិតភាពឬចង់បង្កើតទម្លាប់ល្អៗតាមគេតាមឯងនៅពេលព្រឹកច្រើនតែភ្លេចទៅវិញក្នុងរយៈពេលមួយសប្តាហ៍ឬពីរសប្តាហ៍ក្រោយមក។ ឬកាន់តែអាក្រក់ជាងនេះទៅទៀតគឺគេធ្វើតាមទម្លាប់របស់មនុស្សផ្សេងៗពីម្នាក់ទៅម្នាក់រាល់ព្រឹកដោយសារគេមើលមិនឃើញលទ្ធភាពភ្លាមៗដូចការចង់បាន។ ជាទូទៅ អ្នកមិនអាចមើលឃើញលទ្ធផលដោយគ្រាន់តែធ្វើតាមមិនទាន់បានមួយខែនោះទេ ហើយពេលខ្លះអាចនឹងយូរជាងនេះទៅទៀត។ ហើយបើអ្នកអនុវត្តមិនបានទៀងទាត់ទេ លទ្ធផលនឹងមិនកើតឡើងទាល់តែសោះ។ ជ្រើសរើសយកទម្លាប់ណាមួយដែលសមស្របសម្រាប់អ្នក និងគោលដៅរបស់អ្នក ហើយអនុវត្តតាមឱ្យបានខ្ជាប់ខ្ជួន។ 

 

ប្រែសម្រួល៖ វេហា

មតិយោបល់