គំនិតអាជីវកម្ម | November 25, 2021 | 59

ឧបករណ៍បង្កើតយុទ្ធសាស្រ្តសម្រាប់ពង្រីកពាណិជ្ជកម្ម

បន្ទាប់ពីការចាប់ផ្តើមយ៉ាងរឹងមាំនៃពាណិជ្ជកម្មរបស់អ្នក តើអ្នកបានមើលឃើញសញ្ញានៃការរាំងស្ទះណាមួយទេ? ឬមួយអ្នកបានរកឃើញយុទ្ធសាស្រ្តពាណិជ្ជកម្មដែលមានប្រសិទ្ធភាព ប៉ុន្តែពេលនេះអ្នកចង់រុញច្រានកំណើនឱ្យកាន់តែឆាប់រហ័សមែនទេ? បើអ្នកឆ្លើយស្របទៅតាមសំណួរទាំងពីរនេះ ប្រហែលអ្នកមានផ្លូវត្រូវដើរវែងឆ្ងាតទៅទៀត។ ម្ចាស់ពាណិជ្ជកម្មទាំងអស់ចង់រីកចម្រើននៅគ្រប់រូបភាពទាំងអស់ គឺទាំងបរិមាណនិងគុណភាព។ ដើម្បីជួយឱ្យពាណិជ្ជកម្មរីកចម្រើន អ្នកត្រូវវាយតម្លៃនិងបង្កើតផែនការយុទ្ធសាស្រ្តដែលអាចអនុវត្តតាមបាន។ 

 

 

១/ ការវិភាគបញ្ហាឬវិបត្តិ

គ្មានអ្វីដែលរំខានដល់ដំណើររីកចម្រើនរបស់ពាណិជ្ជកម្មបានល្អដូចវិបត្តិទេ។ បញ្ហានេះកើតឡើងដោយសារសភាវគតិរបស់ម្ចាស់ពាណិជ្ជកម្មគឺចង់កាត់បន្ថយការខូចខាតឬការខាតបង់ឱ្យនៅតិចបំផុត។ ការវិភាគវិបត្តិជួយអ្នកឱ្យមើលបញ្ហាបានស៊ីជម្រៅនិងគ្រប់ជ្រុងជ្រោយ ហើយវិភាគស្ថានការណ៍បានល្អិតល្អន់និងសម្លឹងរកមើលឱកាសដើម្បីរីកចម្រើន។ 

 

នៅក្នុងការវិភាគស្ថានការណ៍ អ្នកត្រូវការកម្រងសំណួរមួយចំនួនដើម្បីដេញដោលរកការពិត៖

តើវិបត្តិនេះនឹងផ្លាស់ប្តូរក្នុងឧស្សាហកម្មរបស់អ្នកដែរទេ? 

តើវិបត្តិនេះនឹងប៉ះពាល់ដល់ប្រភពចំណូលរបស់អ្នកដូចម្តេចខ្លះ?

តើវិបត្តិនេះនឹងផ្លាស់ប្តូរប្រព័ន្ធគុណតម្លៃនៃពាណិជ្ជកម្មរបស់អ្នកដូចម្តេចខ្លះ?

តើវិបត្តិនេះនឹងប៉ះពាល់ទំនាក់ទំនងអតិថិជនក្នុងពាណិជ្ជកម្មរបស់អ្នកដូចម្តេចខ្លះ?

តើវិបត្តិនេះនឹងផ្លាស់ប្តូរច្រកចែកចាយនិងដៃគូពាណិជ្ជកម្មដូចម្តេចខ្លះ?

តើតម្រូវការធនធានរបស់អ្នកនឹងផ្លាស់ប្តូរដូចម្តេចខ្លះដោយសារវិបត្តិនេះ?

 

តាមរយៈការឆ្លើយសំណួរទាំងនេះ អ្នកអាចមើលឃើញយ៉ាងច្បាស់របៀបដែលពាណិជ្ជកម្មរបស់អ្នករងផលប៉ះពាល់ពីវិបត្តិនិងរបៀបដែលអាចគេចផុតពីឥទ្ធិពលអវិជ្ជមាន។ តាមរយៈការបំបែកវិបត្តិទៅជាផ្នែកតូចៗ អ្នកនឹងងាយស្រួលគ្រប់គ្រងស្ថានការណ៍ហើយអាចមើលឃើញឱកាសក្នុងបញ្ហាទាំងនោះដើម្បីរីកចម្រើនបានថែមទៀត។ 

 

២/ វិភាគតាមក្បួនបួនចំណុច

ការវិភាគតាមក្បួនមួយនេះទទួលបានការពេញនិយមទូទៅក្នុងពាណិជ្ជកម្ម ហើយវាជាផ្នែកសំខាន់មួយនៃការរីកចម្រើនរបស់ពាណិជ្ជកម្ម។ ពាណិជ្ជកម្មរបស់អ្នកអាចរីកចម្រើនបានលុះត្រាតែអ្នកដឹងដំណាក់កាលរីកចម្រើននិងស្គាល់របៀបដែលអនុវត្តទៅមានប្រសិទ្ធភាពនិងរបៀបដែលមិនមានប្រសិទ្ធភាព។ ការវិភាគតាមក្បួនបួនចំណុចនេះមានលក្ខណៈសាមញ្ញខ្លាំង ប៉ុន្តែក៏មានប្រសិទ្ធភាពបំផុតដែរដោយសារវាតម្រូវឱ្យអ្នកពិនិត្យមើលចំណុចខ្លាំងនិងចំណុចខ្សោយរបស់ក្រុមហ៊ុនដើម្បីអ្នកអាចដឹងទីតាំងបច្ចុប្បន្ននេះនៃពាណិជ្ជកម្មរបស់អ្នក។ 

 

ក្រៅពីពិនិត្យរកមើលចំណុចខ្លាំងនិងចំណុចខ្សោយ ជំហានពីរបន្ទាប់ទៀតក្នុងក្បួននេះគឺអ្នកត្រូវបំផុសគំនិតរកមើលសក្តានុពលនៃឱកាសនិងសក្តានុពលនៃហានិភ័យឬការគំរាមកំហែងណាមួយដែលអាចនឹងកើតឡើង។ 

 

៣/ ការវិភាគពីដើមដល់ចប់

ការវិភាគកម្រិតនេះជាការបន្តពីក្បួនទាំងពីរខាងលើ ដោយសារក្រោយពីអ្នកបានបំផុសគំនិតនិងវាយតម្លៃពាណិជ្ជកម្មរួចហើយ អ្នកត្រៀមខ្លួនរួចរាល់ដើម្បីបង្កើតយុទ្ធសាស្រ្តដែលនាំទៅរកការរីកចម្រើនក្នុងពាណិជ្ជកម្ម។ ក្បួននេះក៏ក្តោបលើទិដ្ឋភាពសំខាន់បួននៃពាណិជ្ជកម្មដែរ គឺបេសកកម្ម គោលដៅ យុទ្ធសាស្រ្ត និងបច្ចេកទេស។ 

 

បេសកកម្មគឺការត្រូវសម្រេចឱ្យច្បាស់ពាណិជ្ជកម្មរបស់អ្នកត្រូវទៅដល់ចំណុចណានៅក្នុងក្របខ័ណ្ឌពេលវេលាជាក់លាក់មួយ។ គោលដៅគឺជាការគូសវាសបង្ហាញដំណាក់កាលឬចំណុចចម្បងៗនៃដំណើរពាណិជ្ជកម្មរបស់អ្នកដែលត្រូវអនុវត្តតាម។ យុទ្ធសាស្រ្តជាការរៀបចំក្បួននិងជំហានដើម្បីឈានទៅសម្រេចបេសកកម្មនិងគោលដៅដែលបានកំណត់ទុក។ ចំណែកបច្ចេកទេសជាការបង្កើតផែនការសកម្មភាពជាក់ស្តែងនិងភាពបត់បែនទៅតាមស្ថានការណ័ក្នុងពេលអនុវត្ត។ ជាទូទៅ បច្ចេកទេសជាការកំណត់ថានរណាត្រូវធ្វើកិច្ចការអ្វីខ្លះ ហើយត្រូវធ្វើឱ្យរួចរាល់នៅពេលណា។ 

 

ប្រែសម្រួល ៖វេហា

មតិយោបល់