អភិវឌ្ឍចំណេះដឹង | November 25, 2021 | 63

ក្បួនផ្លាស់ប្តូរទម្លាប់ដើម្បីឈានទៅសម្រេចគោលដៅ

ទស្សនវិទូអាមេរិកម្នាក់ធ្លាប់និយាយថា មនុស្សយើងជាលទ្ធផលនៃសកម្មភាពដែលយើងធ្វើញឹកញាប់។ ហេតុដូច្នេះហើយ ការប្រឹងប្រែងឱ្យអស្ចារ្យបំផុតមិនមែនជាសកម្មភាពដែលធ្វើតែម្តងបានសម្រេចនោះទេ ប៉ុន្តែវាត្រូវតែជាទម្លាប់។ តើអ្នកធ្លាប់ឆ្ងល់របៀបដែលអ្នកចំណាយពេល២៤ម៉ោងដែលអ្នកមានរាល់ថ្ងៃទេ? មនុស្សយើងភាគច្រើនស្រមៃចង់ទទួលបានផលិតភាពកាន់តែច្រើន ចង់បានការពេញចិត្តកាន់តែខ្លាំង និងចង់បានជោគជ័យពីសកម្មភាពរាល់ថ្ងៃរបស់យើង។ ប៉ុន្តែភាគច្រើនយើងមិនបានសម្រេចដូចការចង់បានទាំងអស់នេះទេ។ ហេតុអ្វី? ទោះជាអ្នករៀបផែនការច្រើនយ៉ាងណា និងគិតដល់គោលដៅរបស់អ្នកដូចម្តេចក្តី បើទម្លាប់របស់អ្នកមិនស្របគ្នាទេ អ្នកនឹងមិនសម្រេចបានលទ្ធផលធំដុំទេ។ 

 

 

ក្រុមអ្នកវិទ្យាសាស្រ្តផ្នែកប្រសាទយល់ស្របគ្នាថាទម្លាប់បង្កើតឡើងនៅក្នុងចិត្តរបស់យើង គឺមានប្រភពនៅជាមួយនឹងផ្នែកនៃខួរក្បាលដែលមានតួនាទីគ្រប់គ្រងអារម្មណ៍យើងដែរ។ មានន័យថា អារម្មណ៍របស់យើងជាកត្តាបញ្ជាសកម្មភាពដែលយើងសម្រេចថាត្រូវធ្វើនៅពេលណាមួយ សូម្បីតែយើងមិនបានដឹងឬតាំងចិត្តធ្វើក៏ដោយ។ អារម្មណ៍របស់យើងពិតជាមានឥទ្ធិពលលើទម្លាប់របស់យើង។ 

 

ពេលដឹងបែបនេះហើយតើអ្នកត្រូវធ្វើដូចម្តេចខ្លះដើម្បីផ្លាស់ប្តូរទម្លាប់អាក្រក់ទៅរកទម្លាប់ល្អៗដែលនឹងជួយអ្នកឱ្យសម្រេចគោលដៅ? 

 

១/ បង្កើតជំនឿរឹងមាំលើសមត្ថភាពរបស់អ្នក

បើជំនឿចិត្តរបស់អ្នករឹងមាំ ទំនុកចិត្តរបស់អ្នកនឹងបញ្ជូនសញ្ញាទៅខួរក្បាលអំពីទង្វើដែលត្រូវធ្វើនៅពេលបន្ទាប់ទៀត។ វាជាសំឡេងពីខាងក្នុងដែលខ្សឹបប្រាប់គ្រប់ការសម្រេចចិត្តរបស់អ្នកទាក់ទងនឹងសមត្ថភាព។ 

 

២/ ដឹងឥរិយាបថនិងសកម្មភាពរបស់អ្នក

បើអ្នកពិតជាចង់ស្គាល់ខ្លួនឯង អ្នកត្រូវសម្លឹងមើលខ្លួនឯងឱ្យបានច្បាស់។ សង្កេតដោយមិនមានការវាយតម្លៃអ្វីទាំងអស់ ហើយមើលឱ្យឃើញឥរិយាបថ និងអារម្មណ៍ទាំងអស់ដែលកំពុងតែរុញច្រានសកម្មភាពរបស់អ្នក។ 

 

៣/ ចាប់ផ្តើមពីជំហានតូចៗទៅ

នៅគ្នុងសៀវភៅ The Little Book of Talent អ្នកនិពន្ធដែលជាទីប្រឹក្សាកីឡាផងសង្កត់ធ្ងន់លើសារៈសំខាន់នៃការចាប់ផ្តើមសកម្មភាព ការអនុវត្តតាមដដែលៗ និងជំហានតូចៗតោរកកម្រិតខ្ពស់បំផុតនៃសមត្ថភាពល្អឥតខ្ចោះ។ បើអ្នកចាប់ផ្តើមពីជំហានតូចៗទៅហើយបន្តកុំឈប់ អ្នកនឹងមានជំនាញខ្លាំងមិនខាន។ 

 

៤/ ការអនុវត្តដដែលៗជាគន្លឹះសំខាន់

ការអនុវត្តដដែលៗបង្កើតបានជាទម្លាប់យូរអង្វែង។ បើអ្នកចង់ផ្លាស់ប្តូរទម្លាប់អ្វីមួយដែលមិនល្អ អ្នកត្រូវតាំងចិត្តអនុវត្តតាមសកម្មភាពដែលអ្នកចង់ធ្វើរហូតដល់វាក្លាយជាផ្នែកមួយដែលអ្នកអាចធ្វើបានដោយមិនបាច់គិត ឬតាំងចិត្តអ្វីទាំងអស់។

 

៥/ គោរពនិងស្រឡាញ់អត្តសញ្ញាណរបស់អ្នក

មនុស្សជាច្រើនលែងស្គាល់ខ្លួនឯងទៀតហើយ។ នៅក្នុងពិភពលោកដែលពោរពេញដោយព័ត៌មាននេះ ការផ្តោតចិត្តលើរឿងរ៉ាវដែលពាក់ព័ន្ធនឹងខ្លួនឯងជាកិច្ចការលំបាកខ្លាំងណាស់។ ទម្លាប់ជួយអ្នកឱ្យសម្រេចគោលដៅគួរតែទទួលបានអាទិភាពលើសរឿងផ្សេងទៀត។ បើអ្នកមិនយល់អាទិភាពរបស់ខ្លួនឯងទេ ប្រហែលអ្នកក្លាយជាជនរងគ្រោះនៃគំនិតនិងឥទ្ធិពលសង្គមដែលគ្របសង្កត់លើសមត្ថភាពរបស់អ្នកហើយ។

 

ប្រែសម្រួល៖ វេហា

មតិយោបល់