អចលនទ្រព្យ | November 25, 2021 | 64

ទីផ្សារវិនិយោគអចលនវត្ថុរបស់ប្រទេសថៃកំពុងតែប្រែប្រួល

ទីផ្សារវិនិយោគអចលនវត្ថុរបស់ប្រទេសថៃត្រូវវិបត្តិកូវីដរំខានយ៉ាងខ្លាំងដែលធ្វើឱ្យវិនិយោគិនជួបបញ្ហានិងទំនុកចិត្តអ្នកប្រើប្រាស់ក៏រង្គោះរង្គើខ្លាំងដែរ។ យោងតាមក្រុមអ្នកជំនាញ ក្នុងពេលប្រទេសថៃគ្រោងបើកដំណើរការសេដ្ឋកិច្ចឡើងវិញ ក្រុមវិនិយោគិននិងអ្នកអភិវឌ្ឍក៏សម្លឹងមើលសក្តានុពលនៃការផ្លាស់ប្តូរយូរអង្វែងក្នុងទីផ្សារវិនិយោគអចលនវត្ថុ និងរបៀបរៀបចំខ្លួនឱ្យបានល្អបំផុត។ 

 

 

តាមការសិក្សាស្រាវជ្រាវនៅឆ្នាំ២០២០ ទំហំនៃការទិញលក់អចលនវត្ថុក្នុងប្រទេសថៃធ្លាក់ចុះជាង៤០ភាគរយនៅក្នុងឆ្នាំ២០១៩ ដែលជាកម្រិតទាបបំផុតតាំងពីមានវិបត្តិហិរញ្ញវត្ថុឆ្នាំ២០០៧-២០០៩មក។ ផ្ទុយទៅវិញ នៅពាក់កណ្តាលខាងដើមឆ្នាំ២០២១នេះ គេឃើញទំហំនៃការទិញលក់កើនឡើងដល់៩០ភាគរយនៃទំហំសរុបរបស់ឆ្នាំ២០២០។ កំណើននេះបង្ហាញថាវិនិយោគិនបានបត់បែនទៅតាមស្ថានភាពទីផ្សារនិងចេះស្វែងរកឱកាស។ 

 

ចំណែកវិស័យភស្តុភារនិងឧស្សាហកម្មវិញក៏កើនឡើងយ៉ាងខ្លាំងដែរ ហើយកំណើននេះជាការឆ្លើយតបទៅនឹងការស្ទុះឡើងយ៉ាងរហ័សនៃឧស្សាហកម្មពាណិជ្ជកម្មលើអ៊ីនថឺណិតក្នុងប្រទេសថៃ ដែលជំរុញពីការបិទខ្ទប់និងវិធានការណ៍គម្លាតសង្គម។ 

 

ក្រុមអ្នកជំនាញព្យាករថា ការវិនិយោគក្នុងទីផ្សារភស្តុភារនឹងបន្តរីកចម្រើននៅក្នុងរយៈពេលប្រាំឆ្នាំទៅមុខទៀត ខណៈដែលក្រុមអ្នកសាងសង់ស្វែងរកឱកាសពីតម្រូវការដែលបង្កើតឡើងដោយប្រតិបត្តិករពាណិជ្ជកម្មលើអ៊ីនថឺណិត និងក្រុមហ៊ុនភស្តុភារ។ វិស័យភស្តុភារនេះដែរក៏ផ្តល់ជាឱកាសសម្រាប់ក្រុមវិនិយោគិនអន្តរជាតិចូលក្នុងទីផ្សារថៃដែរ។

 

ការយល់ដឹងអំពីសង្គម បរិស្ថាន និងនិរន្តរភាពនៅតែបន្កកើនឡើងទូទាំងទីផ្សារអចលនវត្ថុអន្តរជាតិ។ ក្នុងប្រទេសថ្ងៃស្ថានភាពក៏មិនខុសគ្នាដែរ គឺតាមរយៈកំណើននៃអគារពណិជ្ជកម្មដែលចង់សម្រេចបានបទដ្ឋានបៃតងនិងសុខុមាលភាព។ ចរន្តនេះនឹងកាន់តែរឹងមាំថែមទៀតតាមរយៈកំណើននៃក្រុមហ៊ុនថៃដែលចុះហត្ថលេខាព្រមព្រៀងកាត់បន្ថយថាមពលក្នុងសកម្មភាពផ្សេងៗដូចជាយុទ្ធនាការ Race to Zero Campaign របស់អង្គការសហប្រជាជាតិជាដើម។

 

ដោយសារអចលនវត្ថុជាប្រភពចម្បងនៃការបញ្ចេញឧស្ម័នបំពុលបរិយាកាស ទាំងម្ចាស់អចលនវត្ថុនិងវិនិយោគិនត្រូវពិចារណាចំពោះអាទិភាពនៃការវិនិយោគរបស់គេ។ ក្រុមអ្នកជំនាញរំពឹងថាវិនិយោគិននឹងបង្កើនការផ្តោតវិនិយោគលើអគារដែលស្របតាមបទដ្ឋានថ្មីនិងចូលរួមកាត់បន្ថយបញ្ហាបំពុលបរិស្ថានដែលគេចាត់ទុកថាជាការវិនិយោគយូរអង្វែង។ បើទោះជាការផ្លាស់ប្តូរទៅរកនិរន្តរភាពជាចរន្តមួយដែលចាប់ផ្តើមតាំងពីមុនពេលមានវិបត្តិកូវីដ ក៏គេសង្កេតឃើញថាទាំងវិនិយោគិននិងអតិថិជន ហាក់ដូចជាបានបង្កើនភាពស្វាហាប់ក្នុងពេលដែលពិភពលោកសម្លឹងទៅរកស្ថានភាពក្រោយវិបត្តិកូវីដនេះ។

 

ទីផ្សារវិនិយោគអចលនវត្ថុរបស់ប្រទេសថៃកំពុងតែផ្លាស់ប្តូរយ៉ាងរហ័សទៅតាមឱកាសថ្មីៗទាំងក្នុងវិស័យដែលរឹងមាំនិងវិស័យដែលទើបតែស្ទុះឡើង ហើយក្រុមវិនិយោគិនក៏នឹងបត់បែនតាមយ៉ាងរហ័សដែរដើម្បីរត់ទាន់ចរន្តសកល។ 

 

ប្រែសម្រួល៖ វេហា

មតិយោបល់