គំនិតអាជីវកម្ម | November 25, 2021 | 58

តើកីឡាអាចជួយអ្វីខ្លះដល់ផលិតភាពក្នុងពាណិជ្ជកម្ម?

យើងទាំងអស់គ្នាបានដឹងយូរមកហើយថាកីឡាមានប្រយោជន៍ច្រើនក្នុងជីវិត។ តាមរយៈការបង្កើតទម្លាប់លេងកីឡាទៀងទាត់ អ្នកអាចរក្សាសុខភាព ថែរាងកាយ គ្រប់គ្រងអារម្មណ៍ និងកាត់បន្ថយសម្ពាធតានតឹងជាច្រើន។ បន្ថែមពីលើនេះ កីឡាក៏មានឥទ្ធិពលយ៉ាងខ្លាំងលើផលិតភាពក្នុងការងារនិងពាណិជ្ជកម្មរបស់អ្នកដែរ។  

 

 

មានឧទាហរណ៍ជាច្រើននៃមេដឹកនាំពាណិជ្ជកម្មលេចធ្លោដែលតែងតែមានទម្លាប់លេងកីឡាជាប្រចាំ។ កីឡានិងការហាត់ប្រាណជួយគាំទ្រមហិច្ឆតា គំនិតច្នៃប្រឌិត និងផ្តល់ថាមពលដើម្បីធ្វើការរាល់ថ្ងៃបានយ៉ាងមានប្រសិទ្ធភាព។ ជាក់ស្តែងលោកTim Cook តែងតែហាត់ប្រាណរាល់ថ្ងៃ ហើយលោកMark Zuckerberg លេងក៏ឡាយ៉ាងហោចណាស់បីដងក្នុងមួយសប្តាហ៍។ 

 

តើកីឡានិងពាណិជ្ជកម្មមានចំណុចអ្វីខ្លះដែលដូចគ្នា? 

 

១/ ស្មារតីនៃក្រុម

ទាំងក្នុងការងារនិងកីឡា អ្នកត្រូវសម្របសម្រួលតាមភាគីចូលរួមទាំងអស់។ កីឡាជួយបណ្តុះសមត្ថភាពសម្របសម្រួលតាមក្រុមបានល្អបំផុត។ បើអ្នកចង់ឈ្នះ កុំភ្លេចទទួលយកគំនិតយោបល់ពីមនុស្សជុំវិញខ្លួនក្នុងក្រុមរបស់អ្នក។ 

 

២/ សមត្ថភាពប្រឹងប្រែងពេញទំហឹង

គ្មានកីឡាណាដែលអ្នកអាចសម្រេចគោលដៅដោយការឈប់ប្រឹងប្រែងនៅពាក់កណ្តាលទីទេ។ រឿងបែបនេះក៏មិនខុសគ្នាអ្វីនៅក្នុងពាណិជ្ជកម្មដែរ គឺកីឡានិងពាណិជ្ជកម្មសុទ្ធតែតម្រូវឱ្យអ្នកតាំងចិត្តចាប់ផ្តើម និងបន្តជម្នះគូប្រជែងឬឧបសគ្គទើបទៅដល់គោលដៅ។ 

 

៣/ ជំនាញក្នុងការប្រឹងប្រែង

ទោះជាអ្នកធ្វើកិច្ចការអ្វីក៏ដោយ ក៏តែងតែមានមនុស្សម្នាក់ដែលធ្វើបានប្រសើរជាងអ្នកដែរ។ នៅក្នុងស្ថានភាពបែបនេះ គ្មានជម្រើសអ្វីផ្សេងក្រៅពីប្រឹងប្រែងឱ្យអស់ពីកម្លាំងកាយចិត្តដើម្បីសម្រេចគោលដៅទេ ទោះជាគោលដៅនោះជាការយកឈ្នះនៅក្នុងកីឡាឬការសម្រេចបានលទ្ធផលតាមផែនការក៏ដោយ។

 

៤/ ស្មារតីប្រកួតប្រជែង

តើមានសកម្មភាពអ្វីដែលបង្កើតស្មារតីប្រកួតប្រជែងបានល្អជាងកីឡា? សមត្ថភាពព្រមទទួលយកការជម្នះនិងការប្រកួតប្រជែងពីភាគីម្ចាងទៀតដែលខ្លាំងពូកែជាងអ្នកជាជំនាញមួយដែលរុញច្រានអ្នកឱ្យប្រឹងប្រែងលើសពីកម្រិតធម្មតា។ 

 

៥/ វិន័យផ្ទាល់ខ្លួន

អត្តពលិកនិងអ្នកលេងកីឡាទាំងអស់សុទ្ធតែយកចិត្តទុកដាក់និងអនុវត្តតាមក្បួនទម្លាប់ទៀងទាត់រាល់ថ្ងៃដើម្បីថែរក្សាសុខភាពនិងបង្កើនសមត្ថភាព។ តើមានកំពូលពាណិជ្ជករឬសហគ្រិនខ្លាំងពូកែណាម្នាក់ដែលគ្មានគោលការណ៍ឬវិន័យផ្ទាល់ខ្លួនទេ? 

 

ប្រែសម្រួល៖ វេហា

មតិយោបល់