អចលនទ្រព្យ | November 24, 2021 | 114

រៀនស្គាល់ជំនឿជនជាតិចិននៅពេលទិញផ្ទះ

ទាក់ទងនឹងវិនិយោគិនអចលនវត្ថុចិន ធាតុនៃសំណាងដើរតួសំខាន់ណាស់ក្នុងការសម្រេចចិត្ត។ ភ្នាក់ងារអចលនវត្ថុនិងអ្នកចចារជាច្រើននាក់ចាប់ផ្តើមពិចារណាជំនឿប្រពៃណីទាំងនេះនៅពេលលក់អចលនវត្ថុឱ្យអ្នកទិញជាជនជាតិចិនដែលមានចំនួនកាន់តែច្រើនឡើងនៅក្នុងទីផ្សារអចលនវត្ថុជុំវិញពិភពលោក។ 

 

 

នៅពេលធ្វើការជាមួយអតិថិជនចិន អ្នកត្រូវចងចាំជានិច្ចថាលេខខ្លះមានទំនាក់ទំនងជាមួយលាភសំណាង ហើយលេខខ្លះទៀតជាសញ្ញានាំទៅរករឿងមិនល្អដែលគួរតែជៀសវាង។ ឧទាហរណ៍លេខ៦និងលេខ៩ ច្រើនតែជាលេខសំណាង ហើយលេខ៨ជាលេខល្អបំផុតពីព្រោះថាពេលនិយាយខ្លាំងៗ លេខនេះមានសំឡេងស្រដៀងនឹងពាក្យដែលមានន័យថាសំណាង ឬរុងរឿងក្នុងភាសាចិន។ 

 

ក្នុងពេលជាមួយគ្នានេះដែរ សូមចងចាំថាត្រូវជៀសវាងលេខ៤ឱ្យដូចអ្នកគេចចេញពីជំងឺផ្តាសាយដែរ ពីព្រោះជនជាតិចិនចាត់ទុកលេខនេះថាជារឿងមិនល្អ ពីព្រោះសំឡេងរបស់លេខនេះស្រដៀងគ្នានឹងពាក្យស្លាប់ក្នុងភាសាចិន។ 

 

តើលេខទាំងអស់នេះមានទំនាក់ទំនងទៅនឹងការទិញលក់អចលនវត្ថុដូចម្តេចខ្លះ? វាអាចទាក់ទងនឹងលេខផ្លូវ លេខផ្ទះ លេខតម្លៃដាក់លក់ លេខកាលបរិច្ឆេទនៃការណាត់ជួបចចារគ្នា និងរឿងទាំងអស់ទៀតដែលទាក់ទងនឹងលេខ។ 

 

ក្រៅពីលេខ នៅមានរឿងហុងស៊ុយទៀត។ សណ្ឋាននិងទីតាំងរបស់អចលនវត្ថុពិតជាចំណុចពិចារណាខ្លាំងណាស់ក្នុងចិត្តអ្នកទិញ និងអ្នកចចារ ដោយសារទិដ្ឋភាពនិងលក្ខណៈនៃទីតាំងជួយឱ្យវិនិយោគិនចិនដឹងបានកាន់តែច្រើនអំពីភាពរុងរឿងនៃអចលនវត្ថុក្នុងកន្លែងនោះ។ 

 

ជាក់ស្តែង ផ្នែកខាងក្រោយផ្ទះដែលមានរាងជាទួលជាសញ្ញាល្អដែលបញ្ជាក់អំពីតម្លៃដីនោះថានឹងកើនឡើង។ ហើយដីដែលមានសណ្ឋានជារាងចតុកោណក៏ត្រូវគេជឿថាជាសំណាងល្អដែរ។ ហើយគេច្រើនតែគេចចេញពីដីដែលមានសណ្ឋានតូចក្រោយធំមុខ ដោយសារគេជឿថានាំទៅរកសំណាងមិនល្អ។ 

 

ផ្ទះដែលអាចមើលឃើញទីតាំងដែលមានទឹកត្រូវគេចាត់ទុកថាមានសំណាងខ្ពស់ ហើយដីដែលមានភ្នំនៅខាងក្រោយក៏ជាកន្លែងដែលគេចង់បានខ្លាំងដែរដោយសារវាជួយការពារផ្ទះពីខ្យល់ព្យុះបាន ហើយបើគ្មានអ្វីបាំងទេ ខ្យល់ព្យុះនឹងនាំយកលាភសំណាងនិងថាមពលល្អចេញទៅអស់មិនខាន។ 

 

គេជឿទៀតថាថាមពលល្អធ្វើដំណើរក្នុងរាងកោងឬទម្រង់ជាខ្យល់កួច ហើយដោយសារហេតុផលនេះហើយ គេចាត់ទុកថាអគារដែលមានរាងកោងឬរាងមូលជាផ្ទះល្អ។ ចំណុចដែលគួរជៀសវាងបំផុតគឺការរៀបចំសង់ផ្ទះដែលដាក់ទ្វារមុខនិងទ្វារក្រោយស្របគ្នា ដោយសារលុយកាក់និងលាភសំណាងនឹងហូរចេញតាមទ្វារក្រោយអស់។ 

 

ចំណែកជណ្តើរដែលនៅត្រង់ចំទ្វារមុខផ្ទះឬច្រកចូលក៏ជាសញ្ញាបញ្ជាក់អំពីការខាតបង់លុយកាក់ដែរ។ សូម្បីតែការរៀបចំបន្ទប់គេងក៏ត្រូវគិតគូរឱ្យដិតដល់ដែរ គឺខាងចុងជើងគ្រែដំណេកមិនត្រូវតម្រង់ចុះទ្វារចូលបន្ទប់នោះទេ ដោយសារវាជាសញ្ញានៃសេចក្តីស្លាប់ និងនាំឱ្យយមរាជមកលេងម្ចាស់ផ្ទះនៅពេលដេកលក់។ 

 

ប្រែសម្រួល៖ វេហា

មតិយោបល់