អភិវឌ្ឍចំណេះដឹង | November 24, 2021 | 61

អាថ៌កំបាំងក្នុងជោគជ័យគឺការចេះសួរសំណួរខ្លួនឯង

លោកBenjamin Franklin មិនត្រឹមតែមានមនុស្សស្គាល់ច្រើនដោយសាររូបរបស់លោកស្ថិតនៅក្រដាសប្រាក់១០០ដុល្លារនោះទេ ប៉ុន្តែលោកក៏ល្បីឈ្មោះខាងចាបផ្តើមនិងបញ្ចប់ថ្ងៃនីមួយដោយការសួរសំណួរខ្លួនឯងដែរ។ លោកតែងតែក្រោកពីដំណេកមុនថ្ងៃរះរាល់ព្រឹក និងចាប់ផ្តើមសួរសំណួរថា «តើថ្ងៃនេះខ្ញុំអាចធ្វើកិច្ចការល្អអ្វីបានខ្លះ?» ក្រោយពីឆ្លើយសំណួរនេះហើយ លោកក៏ទទួលទានអាហារពេលព្រឹក និងចាប់ផ្តើមធ្វើការ សិក្សា សរសេរ និងគិត។ ហើយក្រោយពីបញ្ចប់ការងារក្នុងមួយថ្ងៃ មុនពេលចូលគេង លោកតែងតែសួរខ្លួនឯងទៀតថា «តើខ្ញុំបានធ្វើកិច្ចការល្អអ្វីខ្លះនៅថ្ងៃនេះ?»

 

 

ទោះជាថ្ងៃណា ឬរដូវកាលអ្វីក៏ដោយ ក៏ទម្លាប់សួរដេញដោលខ្លួនឯងរាល់ថ្ងៃនេះមិនដែលខកខានដែរ។ ទម្លាប់ប្រចាំថ្ងៃបែបនេះបានជួយលោកFranklinសម្រេចគោលដៅ សុបិន និងបុគ្គលិកលក្ខណៈដែលបន្សល់ទុកជាមរតករាប់រយឆ្នាំមកដល់បច្ចុប្បន្ន។ ហេតុដូច្នេះហើយ បើមាននរណាសួរលោកថាតើលោកសម្រេចគោលដៅឬផ្លាស់ប្តូរផ្នត់គំនិតបានដោយរបៀបណា លោកប្រាកដជាឆ្លើយថា គឺតាមរយៈការសួរខ្លួនឯងរាល់ថ្ងៃ។ 

 

ទោះជាយ៉ាងណា មានមនុស្សជាច្រើនដែលមើលមិនឃើញប្រយោជន៍នៃសកម្មភាពដដែលៗបែបនេះ ហើយក៏មានហេតុផលមួយចំនួនដែលមនុស្សមិនចូលចិត្តសួរដេញដោលខ្លួនឯងដែរ។ សម្រាប់មនុស្សខ្លះ ការសួរខ្លួនឯងជាសកម្មភាពដែលគួរឱ្យធុញទ្រាន់ ហើយគេសុខចិត្តអង្គុយមើលទូរទស្សន៍ឬតាមដានបណ្តាញសង្គមទៅវិញ។ ប៉ុន្តែការសិក្សាបង្ហាញថា ការឆ្លើយសំណួរមានឥទ្ធិពលខ្លាំងណាស់លើការផ្លាស់ប្តូរបុគ្គលិកលក្ខណៈ។ សមត្ថភាពក្នុងការធ្វើបែបនោះជាទេពកោសល្យពីកំណើតរបស់មនុស្សម្នាក់ៗ។ ហេតុដូច្នេះហើយបានជាគ្រូពេទ្យចិត្តវិទ្យាល្បីៗទាំងអស់តែងតែប្រើសំណួរដើម្បីព្យាបាលអ្នកជំងឺ។ សូម្បីតែនៅក្នុងការងារប្រចាំថ្ងៃក៏មនុស្សប្រើប្រាស់សំណួរនៅគ្រប់កន្លែងដែរ។ ហេតុដូច្នេះហើយ មនុស្សជោគជ័យចំណាយពេលច្រើនឆ្លើយសំណួរសំខាន់ចំពោះខ្លួនគេ។ សរុបមក មនុស្សមិនអាចកែប្រែអ្វីបានទេ បើគេសួរខ្លួនឯងសំណួរដដែលៗ ហើយឆ្លើយដដែលៗ។ យ៉ាងហោចណាស់មានប្រយោជន៍មួយចំនួនក្នុងការសួរនិងព្យាយាមឆ្លើយសំណួរក្នុងរបៀបផ្សេងៗ៖

 

១/ សំណួរជួយតម្រង់បុគ្គលិកលក្ខណៈនិងផ្នត់គំនិត

សំណួរបង្កើតគំរូថ្មីៗដែលកាន់តែមានលក្ខណៈបត់បែនក្នុងខួរក្បាលដែលប្រើប្រាស់ព័ត៌មានជាច្រើន។ បើមានគំរូកាន់តែច្រើន ខួរក្បាលនឹងកាន់តែងាយស្រួលស្វែងរកដំណោះស្រាយល្អៗ។ នៅពេលបញ្ហាកើតឡើង ខួរក្បាលជ្រើសរើសយកគំរូណាមួយដែលស័ក្តិសមបំផុតពីជម្រើសជាច្រើន ដោយមិនធ្វើតែតាមទម្លាប់ដដែលៗនោះទេ។ តាមរយៈសំណួរនិងចម្លើយ ក្មេងៗអាចរៀនយល់ដឹងហេតុនិងផល ព្រមទាំងអត្ថន័យរបស់ពាក្យ។  

 

២/ សំណួរជួយបើកចិត្តឱ្យឡើងខ្ពស់លើសពីផ្នត់គំនិតដែលមានស្រាប់

បើខួរក្បាលរបស់អ្នកកាន់តែមានភាពបត់បែន វាអាចស្រួបយកព័ត៌មានបានកាន់តែច្រើនដែរ ដោយជួយឱ្យអ្នកមើលឃើញទស្សនៈនិងគំនិតប្លែកៗកាន់តែច្រើន ហើយកាន់តែសំខាន់ជាងនេះទៀត គឺជួយឱ្យអ្នកលែងសូវពឹងផ្អែកលើគំនិតលំអៀងនិងព្រំដែនចង្អៀតចង្អល់។

 

៣/ ការឧស្សាហ៍ឆ្លើយសំណួរធ្វើឱ្យសមត្ថភាពគិតបានរហ័ស

តើអ្នកធ្លាប់ជួបមនុស្សដែលគិតយឺតទេ? ជាទូទៅ មនុស្សឆ្លើយសំណួរក្នុងរបៀបយឺតយ៉ាវណាស់ ហើយរឿងទាំងអស់នេះសុទ្ធតែមានមូលហេតុនិងទំនាក់ទំនងនឹងគ្នា។ បើអ្នកសួរសំណួរដដែលៗកាន់តែញឹកញាប់ អ្នកនឹងឆ្លើយបានកាន់តែរហ័ស។ នៅពេលអ្នកអាចឆ្លើយសំណួរទាក់ទងនឹងគោលដៅនិងសុបិនរបស់អ្នកបានរហ៍ស ផែនការប្រចាំថ្ងៃរបស់អ្នកក៏កាន់តែមានភាពច្បាស់លាស់។

 

៤/ តាមរយៈសួរសំណួរល្អ យើងអាចបង្កើតសុភមង្គលនិងភាពស្ងប់ចិត្តបាន

យើងទាំងអស់គ្នាដឹងថាភាពស្ងប់ចិត្តមានន័យដូចម្តេច ប៉ុន្តែមានមនុស្សតិចនាក់ណាស់ដែលចំណាយពេលយល់ដឹងមូលហេតុនាំទៅរកអារម្មណ៍បែបនេះ។ នៅពេលអ្នកចាប់ផ្តើមសួរសំណួរដែលកាន់តែស៊ីជម្រៅអំពីរឿងសំខាន់ៗ អ្នកចាប់ផ្តើមយល់កាន់តែច្រើនអំពីអារម្មណ៍។ បើអ្នកឆ្លើយសំណួរទាក់ទងនឹងសុភមង្គលខ្លួនឯងរាល់ថ្ងៃ អ្នកនឹងចង់ញញឹមដោយមិនបាច់ប្រឹង។ ហើយដោយសារអ្នកធ្វើការទាក់ទងនឹងចរិតលក្ខណៈរបស់ខ្លួនឯង អ្នកក៏វិនិយោគពេលច្រើនលើខ្លួនឯងដែរ។ 

 

ប្រែសម្រួល៖ វេហា

មតិយោបល់