គំនិតអាជីវកម្ម | November 24, 2021 | 67

ប្រែក្លាយដើមទុនជាង២០០ដុល្លារទៅជា៦ពាន់លានដុល្លារក្នុងពេល៦ឆ្នាំ

ក្នុងរយៈពេលត្រឹមតែ៦ឆ្នាំ ក្រុមហ៊ុនផលិតកម្មវិធីកុំព្យូទ័រ Personio បានប្រែក្លាយទៅជាពាណិជ្ជកម្មថ្មីដែលមានតម្លៃខ្ពស់បំផុតរបស់តំបន់អឺរ៉ុប។ ប៉ុន្តែCEOរបស់ក្រុមហ៊ុននេះ គឺលោក Hanno Renner នៅចងចាំថាមានពេលមួយនោះ លុយពិតជាបញ្ហាស្មុគស្មាញណាស់សម្រាប់លោក។ 

 

 

លោកRenner រំឭកថាមានពេលមួយនោះគណនីរបស់ក្រុមហ៊ុននៅសល់លុយត្រឹមតែ២០០អឺរ៉ូប៉ុណ្ណោះមុនពេលទទួលបានដើមទុនបន្ថែមដើម្បីបន្តជីវិតទៅមុខបានទៀត។ លោកRenner បានសហការគ្នាបង្កើតក្រុមហ៊ុនPersonio ក្នុងប្រទេសអាល្លឺម៉ង់ក្នុងឆ្នាំ២០១៥ ជាមួយមិត្តភក្តិបីនាក់ទៀត។ ស្ថាបនិកទាំងបួននាក់នេះបានជួបគ្នាក្នុងពេលពួកគេរៀននៅមជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថលនិងគ្រប់គ្រង។

 

គោលដៅរបស់ក្រុមហ៊ុនPersonio គឺផ្តោតលើការបម្រើពាណិជ្ជកម្មខ្នាតតូចនិងមធ្យម ដែលជាគំនិតកើតឡើងនៅពេលស្តាប់ឮមិត្តភក្តិម្នាក់ជួបបញ្ហាគ្រប់គ្រងដំណើរការធនធានមនុស្សនៅក្នុងក្រុមហ៊ុន ដោយសារគេមិនមានកម្មវិធីកុំព្យូទ័រប្រើប្រាស់គ្រប់គ្រាន់។ ដូច្នេះហើយ មិត្តភក្តិទាំងបួននាក់នេះក៏ជួបគ្នាគិតរកដំណោះស្រាយ។ ក្នុងនាមជានិស្សិត ពួកគេមិនមានការិយាល័យទេ ដូច្នេះពួកគេក៏ធ្វើការនៅកន្លែងណាដែលពួកគេអាចជួបគ្នាបាននៅក្នុងទីធ្លាសាលាដើម្បីបង្កើតផលិតផលដំបូងរបស់ក្រុមហ៊ុនដោយប្រមូលលុយសន្សំផ្ទាល់ខ្លួនមកវិនិយោគ។  

 

នៅពេលមានអតិថិជនប្រើប្រាស់កម្មវិធីដំបូង ពួកគេប្រើប្រាស់ចំណូលនោះទៅទិញអាជ្ញាបណ្ណកម្មវិធីដំបូង ជួលការិយាល័យតូចមួយ និងជួលក្រុមការងារបន្ថែម។ បន្ទាប់មក នៅពាក់កណ្តាល់ឆ្នាំ២០១៦ ក្រុមហ៊ុនថ្មីនេះប្រមូលដើមទុនបានជាង២លានអឺរ៉ូពីវិនិយោគិនដែលធ្លាប់វិនិយោគលើក្រុមហ៊ុនLinkedIn និងក្រុមហ៊ុនFacebook។ ប៉ុន្តែមុនឈានដល់ដំណាក់កាលនោះ លោកRenner បាននិយាយថាលោកនៅមានរូបថតតួលេខលុយក្នុងធនាគារសម្រាប់ក្រុមហ៊ុន គឺត្រឹមតែ២០០អឺរ៉ូប៉ុណ្ណោះ។ 

 

ចាប់ពីពេលនោះមក ស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនPersonio បានផ្លាស់ប្តូរយ៉ាងខ្លាំង គឺក្រោយពីប្រមូលដើមទុនពីវិនិយោគិនជាបន្តបន្ទាប់ សព្វថ្ងៃក្រុមហ៊ុនមានតម្លៃខ្លួន៦,៣ពាន់លានដុល្លារ។ គម្រោងថ្មីបំផុតរបស់ក្រុមហ៊ុនគឺបង្កើតកម្មវិធី People Workflow Automation ដើម្បីជម្រុះបញ្ហារវាងផ្នែកធនធានមនុស្សនិងផ្នែកផ្សេងទៀតក្នុងក្រុមហ៊ុន។ 

 

សព្វថ្ងៃក្រុមហ៊ុនPersonio មានបុគ្គលិកជាង១០០០នាក់ គឺកើនឡើងយ៉ាងរហ័សពីឆ្នាំ២០២០ដែលមានត្រឹមតែ៣៥០នាក់។ 

 

ប្រែសម្រួល៖ វេហា

មតិយោបល់