គំនិតអាជីវកម្ម | November 24, 2021 | 148

លក្ខណសម្បត្តិដែលសហគ្រិនទាំងអស់ត្រូវមាន

តើការបង្កើតពាណិជ្ជកម្មថ្មីជាជម្រើសត្រឹមត្រូវទេសម្រាប់អ្នក? ធ្វើម៉េចទើបដឹងថាពេលណាដែលល្អក្នុងការចាប់ផ្តើម? មនុស្សរាប់លាននាក់បានផ្លាស់ប្តូរការងារ ហើយអ្នកខ្លះទៀតក៏ទៅបង្កើតពាណិជ្ជកម្មថ្មីដោយខ្លួនឯង ក្រោយពីវិបត្តិកូវីដបានបង្ខំឱ្យគេពិចារណាឡើងវិញដល់មាគ៌ាអាជីព មហិច្ឆតា និងអាទិភាពរបស់ពួកគេ។ បើអ្នកកំពុងតែពិចារណាថាត្រូវធ្វើអ្វីបន្តទៀត ខាងក្រោមនេះជាហេតុផលមួយចំនួនដែលជួយបញ្ជាក់ថាការចាប់ផ្តើមធ្វើពាណិជ្ជកម្មថ្មីជាជម្រើសត្រឹមត្រូវសម្រាប់អ្នក៖

 

 

១/ អ្នកមានអំនួតក្នុងការងាររបស់អ្នក

ចាប់តាំងពីមានវិបត្តិកូវីដមក មនុស្សយើងទាំងអស់បានផ្លាស់ប្តូរច្រើនក្នុងរបៀបផ្សេងៗ។ សម្រាប់មនុស្សខ្លះការកាត់ផ្តាច់ពីសង្គម និងវិធានការណ៍សំងំនៅមួយកន្លែងបានធ្វើឱ្យពួកគេដឹងខ្លួនថាគេមិនចង់ធ្វើការងារបច្ចុប្បន្នរបស់ពួកគេទៀតទេ។ 

 

បើអ្នកប្រាថ្នាចង់បានការងារដែលមានន័យជាកន្លែងដែលអ្នកអាចរកបានទាំងមហិច្ឆតាផងនិងអំនួតផង ការចាប់ផ្តើមពាណិជ្ជកម្មថ្មីប្រហែលជាផ្លូវបន្ទាប់របស់អ្នកហើយ។ បទពិសោធន៍នៃការចាប់ផ្តើមនិងការពង្រីកកិច្ចការអ្វីមួយដែលជារបស់អ្នកអាចផ្តល់ជារង្វាន់នៃការពេញចិត្តចំពោះខ្លួនឯង និងជាថាមពលដែលរុញច្រានអ្នកឱ្យចាប់ផ្តើមកិច្ចការថ្មីៗ។

 

២/ បញ្ហាប្រឈមធ្វើឱ្យអ្នករំភើបចិត្ត

ការធ្វើជាម្ចាស់ពាណិជ្ជកម្មខ្នាតតូចមិនមែនគ្មានបញ្ហាប្រឈមសោះនោះទេ។ បើទោះជាដំណើរចាប់ផ្តើមមិនងាយស្រួល ក៏វាមិនមែនជារឿងអាក្រក់ទាំងស្រុងនោះដែរ។ ការប្រឈមនិងការជម្នះឧបសគ្គនាំទៅរកការរីកចម្រើន និងការសម្រេចសក្តានុពលពិតប្រាកដរបស់អ្នក។ បើទោះជាឥទ្ធិពលនៃវិបត្តិកូវីដមិនទាន់រលាយបាត់ ក៏ម្ចាស់បាណិជ្ជកម្មខ្នាតតូចនៅតែអាចបន្តជម្នះទៅមុខបានដោយមិនចុះចាញ់ដែរ គឺរកច្រកថ្មីៗក្នុងការផលិតនិងការផ្តល់ជូន។

 

៣/ អ្នកមានចរិតជាមេដឹកនាំ

មេដឹកនាំរឹងមាំគ្រប់គ្រងពាណិជ្ជកម្មបានជោគជ័យ។ ជាទូទៅមនុស្សគិតថាគន្លឹះក្នុងការធ្វើឱ្យពាណិជ្ជកម្មជោគជ័យគឺត្រូវពឹងផ្អែកយ៉ាងខ្លាំងលើគំនិតអស្ចារ្យ ប៉ុន្តែការពិតគឺមនុស្សដែលសម្រេចជោគជ័យច្រើនជាមនុស្សដែលប្រឹងប្រែងនាំយកផលិតផលឬសេវាកម្មល្អទៅជូនអតិថិជនទេ។ ការធ្វើជាមេដឹកនាំគឺការយល់ថាអ្នកមិនអាចនិងមិនគួរធ្វើកិច្ចការគ្រប់យ៉ាងដោយខ្លួនឯងនោះទេ។ ពាណិជ្ជកម្មអាចរីកចម្រើនបានលុះត្រាតែមេដឹកនាំយល់សារៈសំខាន់នៃការលើកកម្ពស់ក្រុមការងារជុំវិញខ្លួន។ 

 

៤/ អ្នកមានក្រមសីលធម៌ការងារ

មនុស្សម្នាក់ៗមានគោលដៅផ្សេងគ្នាដែលរុញច្រានឱ្យគេប្រឹងប្រែងរាល់ថ្ងៃ។ មនុស្សខ្លះចង់បានជោគជ័យក្នុងអាជីព មនុស្សខ្លះទៀតចង់បានស្ថិរភាពហិរញ្ញវត្ថុ។ ទោះជាមានកត្តាអ្វីខ្លះនៅពីក្រោយក៏ដោយ ក៏ការផ្តល់តម្លៃនិងការជឿជាក់លើសារៈសំខាន់នៃការប្រឹងប្រែងអាចនាំអ្នកទៅដល់គោលដៅបានដែរ។ ការបង្កើតពាណិជ្ជកម្មជោគជ័យមិនអាចសម្រេចបានភ្លាមៗដូចចិត្តចង់នោះទេ។ ការងារខ្លះតម្រូវឱ្យអ្នកប្រឹងប្រែងនិងវិនិយោគពេលវេលាច្រើន ហើយទាមទារការប្តេជ្ញាចិត្តនិងមហិច្ឆតាធំ។ ការរក្សាគុណតម្លៃការប្រឹងប្រែងតែងតែមានលក្ខណៈលេចធ្លោក្នុងដំណើរសហគ្រិនភាព។ 

 

ប្រែសម្រួល៖ វេហា

មតិយោបល់