អចលនទ្រព្យ | November 23, 2021 | 175

ដំបូន្មានសម្រាប់ភ្នាក់ងារដែលជួយអ្នកទិញនិងអ្នកលក់អចលនវត្ថុ

២០២១ជាឆ្នាំដែលមានទីផ្សារអ្នកលក់ខ្លាំង ហើយក្រុមអ្នកជំនាញរំពឹងថាចរន្តបែបនេះនឹងបន្តទៅដល់ឆ្នាំ២០២២ទៀត។ មានកត្តាជាច្រើនដែលរុញច្រានតម្លៃនិងតម្រូវការពីអ្នកទិញឱ្យឡើងកាន់តែខ្ពស់។ ក្នុងពេលដែលត្រៀមខ្លួនបោះជំហានទៅរកឆ្នាំថ្មី ឥឡូវនេះជាឱកាសល្អដើម្បីពិចារណាលើសកម្មភាពតូចៗដែលភ្នាក់ងារអាចជួយអ្នកលក់ និងអ្នកទិញអាចអនុវត្តបានដើម្បីទទួលបានផលចំណេញខ្ពស់បំផុតនៅពេលខាងមុខ។ 

 

 

១/ ស្រាវជ្រាវមុននឹងទាក់ទងអតិថិជន

នៅក្នុងទីផ្សារដែមានការប្រកួតប្រជែងខ្លាំង ភ្នាក់ងារអចលនវត្ថុមានឥទ្ធិពលខ្លាំងលើការលក់។ ទោះជាយ៉ាងណាអ្នកត្រូវស្រាវជ្រាវមុននឹងចាប់ផ្តើមទាក់ទង គឺកុំចាប់ឱ្យនរណាម្នាក់មកផ្តល់ព័ត៌មានគ្រប់យ៉ាងក្នុងពេលដែលអ្នកអាចស្វែងរកទិន្នន័យបានស្ទើរគ្រប់យ៉ាងដោយខ្លួនឯង។ ការធ្វើបែបនេះបង្ហាញឱ្យឃើញសមត្ថភាពខ្ពស់និងការយកចិត្តទុកដាក់របស់អ្នកក្នុងកិច្ចការ។ 

 

២/ កុំនាំភ្ញៀវនិយាយរឿងអវិជ្ជមាន

នៅពេលជួបជជែកឬនិយាយទូរសព្ទជាមួយភ្ញៀវ អ្នកមិនចាំបាច់លើកយកបញ្ហានៅក្នុងសហគមន៍ ឬបញ្ហាផ្ទះដែលត្រូវការជួសជុលនោះទេ។ រឿងអវិជ្ជមានទាំងអស់នេះនឹងត្រូវអតិថិជនយកទៅចែកចាយបន្តយ៉ាងរហ័ស ហើយជះឥទ្ធិពលអវិជ្ជមានលើការសម្រេចចិត្តរបស់គេ។ 

 

៣/ សួរសំណួរដែលមានប្រយោជន៍

ជាទូទៅភ្នាក់ងារចូលចិត្តហៅទូរសព្ទហើយសួរតែរឿងលក់ឬទិញតែប៉ុណ្ណោះ។ បើចង់មានប្រៀបជាងគូប្រជែង អ្នកត្រូវរៀនសួរសំណួរដែលវៃឆ្លាតនិងទាក់ទាញដើម្បីជួយឱ្យអ្នកទិញនិងអ្នកលក់សម្រេចចិត្តបានកាន់តែប្រសើរ។ ឧទាហរណ៍ថាអ្នកបំផុសសំណួរដូចជា ក្រៅពីតម្លៃ តើមានចំណុចអ្វីដែលនឹងជួយអ្នកលក់ ឬអ្នកទិញឱ្យទទួលបានប្រយោជន៍កាន់តែច្រើនពីកិច្ចព្រមព្រៀងមួយនេះទេ? 

 

៤/ រំឭកអ្នកទិញកុំឱ្យនិយាយពេលដើរមើលផ្ទះ

ផ្ទះខ្លះមានបំពាក់ប្រព័ន្ធថតរូបភាពនិងសំឡេង ហើយការលើករឿងអវិជ្ជមានមកនិយាយក្នុងពេលដើរមើលអាចជាតម្រុយនាំទៅរករឿងមិនសប្បាយចិត្តក្នុងការពិចារណារបស់ភាគីម្ខាងទៀត។ អ្នកត្រូវប្រាប់អតិថិជនរបស់អ្នកឱ្យកត់សម្គាល់បញ្ហាក្នុងរបៀបស្ងាត់ៗ ហើយយកទៅជជែកគ្នានៅក្នុងការិយាល័យវិញ។ 

 

៥/ តាមដានស្ថានការណ៍ទីផ្សារ

បង្កើតមធ្យោបាយទៀងទាត់មួយដើម្បីតាមដានទីផ្សាររាល់ថ្ងៃ។ បច្ចុប្បន្ននេះអ្នកអាចប្រើប្រាស់បច្ចេកវិទ្យាដែលមានស្រាប់ដើម្បីកំណត់សម្រិតសម្រាំងយកតែព័ត៌មានណាដែលទាក់ទងនឹងវិស័យដែលអ្នកធ្វើពាណិជ្ជកម្ម គឺប្រៀបដូចមានអ្នកចាំសង្ខេបព័ត៌មានពីគ្រប់ទិសដៅឱ្យអ្នករាល់ព្រឹកឬរាល់ល្ងាចដែរ។ អ្នកអាចមើលឃើញសកម្មភាពទីផ្សារទាំងមូលបានដោយគ្រាន់តែមើលមួយភ្លែត។ 

 

ប្រែសម្រួល៖ វេហា

មតិយោបល់