គំនិតអាជីវកម្ម | November 23, 2021 | 142

គន្លឹះសម្រាប់បង្កើតពាណិជ្ជកម្មរីកចម្រើននៅលើអ៊ីនថឺណិត

ការបង្កើតពាណិជ្ជកម្មថ្មីមិនមែនជារឿងងាយស្រួលទេ។ ប៉ុន្តែអ្នកក៏មិនគួរខ្លាចរហូតដល់មិនហ៊ានចាប់ផ្តើមធ្វើកិច្ចការដែលអ្នកចង់ធ្វើនោះដែរ។ អ្នកអាចចាប់មួយជំហានម្តងនិងអនុវត្តតាមគន្លឹះទាំងនេះ៖

 

 

១/ កុំដកថយនៅពេលជួបការលំបាក

ផ្នត់គំនិតសំខាន់នៃការចាប់ផ្តើមពាណិជ្ជកម្មគឺ នៅពេលជួបបញ្ហាលំបាក មនុស្សដែលហ៊ានជម្នះអាចឈានទៅមុខបាន។ ការចាប់ផ្តើមបង្កើតក្រុមហ៊ុនអ្វីមួយតម្រូវឱ្យមានការលះបង់និងប្រឹងប្រែងច្រើនណាស់។ ថ្ងៃខ្លះអ្នកនឹងជួបរឿងល្អ ហើយថ្ងៃខ្លះទៀតអ្នកនឹងជួបបញ្ហាឈឺក្បាលដែលស្ទើរតែបង្ខំឱ្យបោះបង់ព្យាយាមទាំងស្រុងចោល ប៉ុន្តែទាំងរឿងល្អនិងរឿងលំបាកសុទ្ធតែកើតឡើងដើម្បីគោលបំណងមួយដូចគ្នា គឺធ្វើឱ្យអ្នកក្លាយជាមនុស្សរឹងប៉ឹងនិងមានសមត្ថភាពគ្រប់គ្រងស្ថានការណ៍។ 

 

២/ បង្កើតគណនីលើវេទិកាសម្រាប់ធ្វើពាណិជ្ជកម្ម

បើអ្នកមិនមែនជាអ្នកជំនាញខាងបង្កើតគេហទំព័រទេ អ្នកមិនបាច់ប្រឹងប្រែងបង្កើតហាងដោយខ្លួនឯងតាំងពីពេលចាប់ផ្តើមនៅលើអ៊ីនថឺណិតនោះទេ។ មានវេទិកាជាច្រើនដែលគេបង្កើតឡើងសម្រាប់បំពេញតួនាទីដូចជាទីផ្សារលើអ៊ីនថឺណិតទាំងមូលដែរ ហើយវេទិកាខ្លះទៀតក៏មានទាំងសមត្ថភាពបង្កើតរបាយការណ៍អតិថិជនថែមទៀតផង។ អ្នកអាចជួយឱ្យអតិថិជនចូលមើលគេហទំព័ររបស់អ្នក អ្នកអាចតាមដានរបៀបនៃការទិញទំនិញរបស់អតិថិជន និងមើលដឹងកន្លែងដែលមានតម្រូវការខ្លាំងជាងគេ។ 

 

៣/ ត្រៀមខ្លួនបត់បែនទៅតាមការផ្លាស់ប្តូររបស់ទីផ្សារ

ពាណិជ្ជកម្មខ្នាតតូចត្រូវដើរឱ្យទាន់ការផ្លាស់ប្តូរក្នុងទីផ្សារ គឺទាំងក្នុងស្រុកនិងអន្តរជាតិ។ សូម្បីតែក្នុងពេលស្ថានភាពទីផ្សារល្អបំផុត ក៏អ្នកចាំបាច់ត្រូវតាមដាននិងត្រៀមសមត្ថភាពបត់បែនយ៉ាងរហ័សដែរដើម្បីឈរជើងបាន។ តាមឱ្យទាន់របត់ទាំងអស់ ហើយស្គាល់ការផ្គត់ផ្គង់និងតម្រូវការរបស់ទីផ្សារដែលពាណិជ្ជកម្មលើអ៊ីនថឺណិតរបស់អ្នកកំពុងតែផ្តោតដើម្បីយកឈ្នះគូប្រជែង។ អ្នកត្រូវមានផែនការមេ ប៉ុន្តែក្នុងពេលជាមួយគ្នាក៏ត្រូវទុកចន្លោះបត់បែនសម្រាប់ពេលដែលខុសពីការរំពឹងទុកដែរ។ 

 

៤/ ចាត់ទុកអតិថិជនជាចំណុចផ្តោតតាំងពីពេលចាប់ផ្តើមទៅ

អតិថិជនរបស់អ្នកជាសរសៃឈាមនៃក្រុមហ៊ុនរបស់អ្នក។ បើអ្នកមិនអាចប្តេជ្ញាទាំងស្រុងលើការយកចិត្តទុកដាក់ចំពោះអតិថិជនទេ អ្នកនឹងមិនមានអតិថិជនមកគាំទ្រឡើយ។ តាមរយៈការផ្តោតលើការផ្តល់ជូនគុណតម្លៃឱ្យបានច្រើនបំផុត អ្នកនឹងទទួលបានជោគជ័យជានិច្ច។ ជាពិសេសនៅពេលចាប់ផ្តើមពាណិជ្ជកម្មក្នុងវិស័យដែលមានគូប្រជែងស្រាប់ទៅហើយ មធ្យោបាយងាយបំផុតក្នុងការដណ្តើមយកចំណែកទីផ្សារគឺតាមរយៈការផ្តល់ជូនបទពិសោធន៍ដែលប្រសើរជាងគេ។ 

 

ប្រែសម្រួល៖ វេហា

មតិយោបល់