គំនិតអាជីវកម្ម | November 23, 2021 | 156

មូលហេតុដែលសហគ្រិនត្រូវក្រោកឡើងដើម្បីផ្លាស់ប្តូរពិភពលោក

ពិភពលោកសព្វថ្ងៃនេះមិនមាននិរន្តរភាពទេ ទោះជាមើលពីជ្រុងបរិស្ថានឬសមភាពសង្គមក៏ដោយ។ ក្នុងពេលដែលពលរដ្ឋទូទៅរង់ចាំឱ្យរដ្ឋាភិបាលចាត់វិធានការណ៍ទ្រង់ទ្រាយធំដើម្បីបង្កើតសង្គមមួយដែលគ្មានមនុស្សណាម្នាក់រងផលប៉ះពាល់អវិជ្ជមាន ក៏យើងទាំងអស់គ្នាអាចប្រើប្រាស់ដំណោះស្រាយតាមពាណិជ្ជកម្មបានដែរ។ លោកRichard Branson ធ្លាប់និយាយថា សហគ្រិនភាពគឺការប្រែក្លាយសកម្មភាពដែលធ្វើឱ្យជីវិតអ្នករីករាយទៅជាធនធាន ដើម្បីអ្នកអាចធ្វើបានកាន់តែច្រើននិងរីកចម្រើន។ 

 

 

សហគ្រិនមានតួនាទីបង្កើតពាណិជ្ជកម្មដែលមានឥទ្ធិពលវិជ្ជមានលើសហគមន៍និងបរិស្ថាន។ ប្រព័ន្ធសេដ្ឋកិច្ចបច្ចុប្បន្ននេះត្រូវគេបង្កើតឡើងដោយផ្តោតលើផ្នត់គំនិតផ្តោតលើប្រយោជន៍ជាមុន ដែលធ្វើឱ្យមនុស្សស្រេកឃ្លានចង់បានលុយខ្លាំងជាងការគិតគូរដល់ជីវិតមនុស្សនិងសុខភាពរបស់ភពផែនដីទាំងមូល។ ប៉ុន្តែក្នុងនាមជាសហគ្រិន អ្នកមានឥទ្ធិពលផ្លាស់ប្តូរផ្នត់គំនិតបែបនេះ។ បើទោះជាការធ្វើបដិវត្តន៍ប្រព័ន្ធសេដ្ឋកិច្ចបច្ចុប្បន្ននេះហាក់ដូចជាបន្ទុកធ្ងន់ជ្រុល ក៏វាមិនធ្ងន់ហួសរហូតធ្វើមិនបាននោះដែរ។ 

 

សម្លឹងមើលក្នុងខ្លួនអ្នក ដើម្បីកំណត់គុណតម្លៃនិងមរតកដែលអ្នកចង់បន្សល់ទុកឱ្យមនុស្សជំនាន់ក្រោយ ក៏ដូចជាសម្លឹងមើលក្នុងពាណិជ្ជកម្មដើម្បីរកចំណុចដែលអ្នកអាចធ្វើបានកាន់តែប្រសើរ និងកន្លែងដែលអ្នកមិនទាន់ធ្វើបានដូចគុណតម្លៃរបស់អ្នកដើម្បីធ្វើឱ្យពិភពលោកនេះប្រសើរឡើង។ 

 

ឧបករណ៍និងយុទ្ធសាស្រ្តដើម្បីធ្វើបដិវត្តន៍គំរូពាណិជ្ជកម្មរបស់អ្នកស្ថិតនៅក្នុងខ្លួនសហគ្រិនគ្រប់គ្នា ដែលរង់ចាំអ្នកសម្លឹងរកមើលឱ្យឃើញថាអ្នកត្រូវធ្វើអ្វីខ្លះនិងចាប់ផ្តើមវិនិយោគពេលវេលានិងធនធានដើម្បីធ្វើកិច្ចការនោះប៉ុណ្ណោះ។

 

ទោះជាយ៉ាងណា ការចាប់ផ្តើមដំណើរបែបនេះត្រូវការពេលវេលានិងទស្សនវិស័យវែងឆ្ងាយ។ អ្នកត្រូវខ្លួនជាគំរូនៃការផ្លាស់ប្តូរដែលអ្នកចង់ឃើញ។ តើពិភពលោកបែបណាដែលអ្នកស្រមៃចង់ឱ្យពាណិជ្ជកម្មរបស់អ្នកធ្វើប្រតិបត្តិការ? តើអ្នកអាចចូលរួមវិភាគទានក្នុងពិភពលោកបែបនោះបានដោយរបៀបណាខ្លះ? តើមានជំហានអ្វីខ្លះដែលអ្នកអាចចាប់ផ្តើមបាននៅថ្ងៃនេះហើយនាំទៅរកទិសដៅនោះ?

 

ការផ្លាស់ប្តូរទម្រង់សេដ្ឋកិច្ចនិងមូលដ្ឋាននៃរបៀបធ្វើពាណិជ្ជកម្មជារឿងដែលសហគ្រិនអាចធ្វើបាន។ វាគ្រាន់តែតម្រូវឱ្យមានភាពក្លាហានហ៊ានធ្វើកិច្ចការដែលខុសប្លែកពីគេប៉ុណ្ណោះ គឺត្រូវហ៊ានបង្ហាញតម្រូវការដើម្បីផ្លាស់ប្តូរ និងហ៊ានគិតឱ្យហួសពីកម្រិតនៃកិច្ចការដែលមនុស្សដទៃបានធ្វើកន្លងមក។ 

 

ប្រែសម្រួល៖ វេហា

មតិយោបល់