គំនិតអាជីវកម្ម | November 22, 2021 | 135

ក្បួនចងចិត្តបុគ្គលិកនៅពេលមនុស្សគ្រប់គ្នាចង់ចេញពីក្រុមហ៊ុន

មេដឹកនាំពាណិជ្ជកម្មទាំងអស់ប្រាកដជាបានដឹងហើយថាការរៀបចំឱ្យមានអាហារសម្រន់ឬភេសជ្ជសម្រាប់បុគ្គលិករាល់ថ្ងៃមិនមែនជាវិធីទាញចិត្តបុគ្គលិកដែលមានទេពកោសល្យខ្ពស់ឱ្យនៅធ្វើការក្នុងក្រុមហ៊ុនបានយូរទេ។ ការងារពីចម្ងាយចាប់ផ្តើមក្លាយជាទម្លាប់ថ្មីមួយ ហើយបន្ថែមពីលើនេះ បុគ្គលិកស្ទើរតែ៥០ភាគរយកំពុងតែពិចារណាចង់ផ្លាស់ប្តូររបៀបធ្វើការងារទៅរកកន្លែងថ្មីឬបង្កើតការងារថ្មីដោយខ្លួនឯងតែម្តង។ 

 

 

ដូច្នេះហើយ តើថ្នាក់ដឹកនាំអាចលើកទឹកចិត្តនិងផ្តល់ភាពរីករាយដល់បុគ្គលិកដើម្បីឱ្យគេនៅធ្វើការក្នងក្រុមហ៊ុនបានច្រើនឆ្នាំទៅមុខទៀតដោយរបៀបណា? ខាងក្រោមនេះជាគំនិតមួយចំនួនដែលអ្នកអាចយកទៅអនុវត្តបាន៖

 

១/ ភ្ជាប់មូលហេតុនៅក្នុងការងារ

គ្មានបុគ្គលិកណាម្នាក់ចង់ចាត់ទុកខ្លួនគេជាឧបករណ៍ដូចម៉ាស៊ីនដែលគេអាចផ្លាស់ប្តូរបានគ្រប់ពេលនោះទេ។ បុគ្គលិកដែលមានទេពកោសល្យខ្ពស់ខ្វល់ចំពោះមូលហេតុពីក្រោយការងារទាំងអស់គេធ្វើ។ ហេតុអ្វីបានជាចាំបាច់មានក្រុមហ៊ុនមួយនេះ? ហេតុអ្វីក៏គេចាំបាច់ធ្វើការទាំងនេះ? ហេតុអ្វីក៏ការងារទាំងនេះសំខាន់? ដូច្នេះហើយ អ្នកត្រូវធ្វើយ៉ាងណាឱ្យបុគ្គលិករបស់អ្នកយល់របៀបដែលការងាររបស់ពួកគេមានឥទ្ធិពលលើក្រុមហ៊ុន និងរបៀបដែលក្រុមហ៊ុនធ្វើឱ្យមានការខុសប្លែកចំពោះពួកគេ។ 

 

២/ គិតអំពីពេលធ្វើការឡើងវិញ

ក្នុងពិភពលោកក្រោយសម័យកូវីដ បើអ្នកមិនពិចារណាដល់របៀបដែលក្រុមហ៊ុនផ្តល់ជូនភាពបត់បែនចំពោះពេលវេលាធ្វើការទេ អ្នកនឹងត្រូវបាត់បង់បុគ្គលិកឆ្នើមៗមិនខាន។ ការសិក្សាស្រាវជ្រាវថ្មីមួយបង្ហាញថា បុគ្គលិកជិត៥០ភាគរយនឹងលាឈប់ពីការងារបើនិយោជករបស់គេមិនផ្តល់គំរូធ្វើការនៅការិយាល័យផងនិងការងារពីចម្ងាយផងទេ។ ក្នុងនោះក៏មានអ្នកខ្លះសុខចិត្តឱ្យគេកាត់ប្រាក់ខែដើម្បីទទួលបានភាពបត់បែនកាន់តែច្រើនក្នុងពេលធ្វើការដែរ។ 

 

៣/ សួរបុគ្គលិកថាគេត្រូវការអ្វីខ្លះ

មានគំរូនិងគំនិតខ្លះដែលអ្នកអាចយកទៅអនុវត្តដើម្បីតម្រូវចិត្តបុគ្គលិក ប៉ុន្តែមធ្យោបាយដែលមានប្រសិទ្ធភាពបំផុតដើម្បីដឹងថាមានកត្តាអ្វីខ្លះដែលជំរុញនិងលើកទឹកចិត្តពួកគេគឺសួរគេត្រង់ៗតែម្តង។ ស្តាប់ទៅដូចជាសាមញ្ញពេក ប៉ុន្តែវាពិតជាយុទ្ធសាស្រ្តដែលមានឥទ្ធិពល។ អ្នកគ្រប់គ្រងអាចបង្កើនការចូលរួមរបស់បុគ្គលិកតាមរយៈការសាកសួរអំពីតម្រូវការរបស់ពួកគេ។ តាមរយៈការកំណត់ដឹងថាបុគ្គលិកចង់បានអ្វីខ្លះ អ្នកគ្រប់គ្រងនឹងអាចទទួលបានតម្លាភាពកាន់តែច្បាស់នៅក្នុងផែនទីផលិតកម្ម ឱកាសរីកចម្រើនកាន់តែច្រើន និងភាពបត់បែនកាន់តែខ្លាំង។ 

 

សរុបមក ការរក្សាបុគ្គលិកល្អៗឱ្យបន្តនៅធ្វើការបានយូរអង្វែងមិនមែនគ្រាន់តែជាការផ្តល់ជូនប្រាក់ខែច្រើនឬការលួងចិត្តតាមសម្បកក្រៅនោះទេ។ អ្នកគ្រប់គ្រងត្រូវធ្វើយ៉ាងណាយល់ទុក្ខធុរៈនិងតម្រូវការរបស់ក្រុមការងារ គាំទ្រ និងផ្តល់ឱកាស ព្រមទាំងបង្កើតគោលនយោបាយបត់បែនជាច្រើនទៀតតម្រូវតាមស្ថានការណ៍ជាក់ស្តែង។ 

 

ប្រែសម្រួល៖ វេហា

មតិយោបល់