អចលនទ្រព្យ | November 22, 2021 | 166

វិបត្តិកូវីដ១៩បង្ខំឱ្យមានបច្ចេកវិទ្យាប្រាជ្ញាសិប្បនិម្មិតក្នុងវិស័យអចលនវត្ថុ

អស់រយៈពេលជាច្រើនឆ្នាំមកហើយដែលមនុស្សខ្លាចការស្ទុះឡើងនៃប្រាជ្ញាសិប្បនិម្មិតនិងបច្ចេកវិទ្យាថ្មីៗ។ មនុស្សដែលធំដឹងក្តីឡើងមុនពេលមានទូរសព្ទទំនើបនិងអ៊ីនថឺណិតបារម្ភថាការងាររបស់គេនឹងត្រូវបាត់បង់ដោយសារបច្ចេកវិទ្យា។ ទោះជាយ៉ាងណា វិបត្តិកូវីដ១៩បានផ្លាស់ប្តូរឥរិយាបថរបស់មនុស្សស្ទើរតែទាំងអស់ចំពោះមនុស្សយន្ត ប្រាជ្ញាសិប្បនិម្មិត និងបច្ចេកវិទ្យា។ ពេលត្រូវបង្ខំចិត្តនៅក្នុងផ្ទះ មនុស្សចាប់ផ្តើមទិញទំនិញលើអ៊ីនថឺណិតនិងប្រើប្រាស់បច្ចេកវិទ្យាកាន់តែច្រើនទាំងក្នុងការធ្វើពាណិជ្ជកម្មនិងការកម្សាន្ត។ 

 

 

ពេលនេះ បើទោះជាវិបត្តិកូវីដស្រាកស្រានទៅវិញ ក៏យើងចាប់ផ្តើមមានទម្លាប់ពឹងផ្អែកលើបច្ចេកវិទ្យាដដែល។ នៅស្ទើរតែគ្រប់ទិដ្ឋភាពនៃជីវិតប្រចាំថ្ងៃ យើងមានកម្មវិធីប្រើប្រាស់លើទូរសព្ទដៃ។ ការទទួលបានព័ត៌មាននិងលទ្ធផលភ្លាមៗជាអ្វីដែលយើងចង់បាន។ នៅក្នុងឧស្សាហកម្មជាច្រើន កម្មវិធីប្រាជ្ញាសិប្បនិម្មិតជាអ្នកចាប់ផ្តើមដំណើរការ ហើយមនុស្សនៅចាំជួយតែប៉ុណ្ណោះ។ 

 

ជាក់ស្តែង វិស័យអចលនវត្ថុជាឧទាហរណ៍មួយនៃការប្រើប្រាស់បច្ចេកវិទ្យាប្រាជ្ញាសិប្បនិម្មិតដើម្បីជួយសម្រួលដល់ការជួលផ្ទះ។ បើអ្នកធ្លាប់ជួលផ្ទះពីមុនមក អ្នកប្រាកដជាដឹងថាបទពិសោធន៍នេះពិបាកយ៉ាងណាខ្លះ។ ប៉ុន្តែពេលនេះ យុវជនពីរនាក់គឺលោក Shiv Gettu និង Kendrick Bradley បានមើលឃើញតម្រូវការមួយក្នុងទីផ្សារជួលអចលនវត្ថុ។ លោកBradley បានលាឈប់ពីការងារផ្នែកវិស្វកម្មនៅក្នុងក្រុមហ៊ុនគ្រប់គ្រងអចលនវត្ថុមួយដើម្បីយល់ដឹងវិសាលភាពនៃភ្នាក់ងារជួលអចលនវត្ថុ។ លោកបានកត់សម្គាល់ឃើញកង្វះខាតបច្ចេកវិទ្យាគាំទ្រក្រុមការងារលក់អចលនវត្ថុ។ លោកក៏បបួលមិត្តរួមបន្ទប់បង្កើតក្រុមហ៊ុនមួយដែលបំពេញកង្វះខាតមួយនេះ ហើយក្នុងរយៈពេល៩ខែ ប្រាក់ចំណូលរបស់ពួកគេក៏កើនឡើងដល់២លានដុល្លារ។ 

 

ទោះជាយ៉ាងណា នៅពេលវិបត្តិកូវីដ១៩ចាប់ផ្តើមរាតត្បាតខ្លាំងនៅឆ្នាំ២០២០ ក្រុមហ៊ុនរបស់យុវជនទាំងពីរនេះមានគោលដៅដាក់ជួលអចលនវត្ថុយូរអង្វែង ហើយនៅពេលដែលការធ្វើដំណើរកម្សាន្តលែងមានដំណើរការ ពួកគេត្រូវគិតឡើងវិញ។ ពួកគេក៏ចាប់ផ្តើមប្រើប្រាស់បច្ចេកវិទ្យាប្រាជ្ញាសិប្បនិម្មិតដើម្បីផ្លាស់ប្តូរដំណើរការដោយស្វ័យប្រវត្តិ និងប្រែក្លាយទៅជាក្រុមហ៊ុនថ្មីមួយឈ្មោះZuma។ គំនិតរបស់ស្ថាបនិកទាំងពីរនាក់នេះគឺដើម្បីផ្លាស់ប្តូររបៀបជួលផ្ទះ។ 

 

នៅពេលដំណើរការស្វែងរកជួលផ្ទះត្រូវធ្វើតាមអ៊ីនថឺណិត អ្នកជួលអាចផ្ញើសារទៅសាកសួរជម្រើសដែលមានសម្រាប់ជួល។ កម្មវិធីប្រាជ្ញាសិប្បនិម្មិតនឹងផ្ញើគំរូមួយ ដែលមានទាំងតម្លៃជួល ចំនួនលុយដែលតម្រូវឱ្យដាក់កក់ និងលក្ខខណ្ឌផ្សេងៗទៀតក្នុងការជួល។ នៅក្នុងសេវាកម្មនេះក៏មានទាំងតារាងប្រៀបធៀប រូបថត និងវីដេអូដែលបង្ហាញកន្លែងផ្សេងៗក្នុងផ្ទះដែលអតិថិជនប្រុងនឹងជួលនោះដែរ។ សកម្មភាពទាំងអស់នេះអាចធ្វើបានដោយគ្រាន់តែអ្នកអង្គុយស្ងៀមនៅក្នុងផ្ទះ គឺមិនបាច់ចំណាយពេលនិងកម្លាំងកាយចិត្តដើរមើលដោយផ្ទាល់និងប្រៀបធៀបនោះទេ។ កម្មវិធីស្វ័យប្រវត្តិបែបនេះក៏មានប្រយោជន៍ច្រើនសម្រាប់ម្ចាស់អចលនវត្ថុដែរ គឺមិនបាច់រៀបចំផ្ទះនិងកំណត់ពេលដើម្បីជួបនាំភ្ញៀវដើរមើលច្រើនដង។ 

 

កម្មវិធីប្រាជ្ញាសិប្បនិម្មិតរបស់ក្រុមហ៊ុនZuma នេះជួយផ្តល់ភាពស្វ័យប្រវត្តិទាំងការបង្ហាញ ការទាក់ទង និងការកំណត់ពេលវេលាណាត់ជួបផ្ទាល់។ កម្មវិធីដែលជាជំនួយការផ្នែកលក់នេះមានឈ្មោះថាKelsey និងអាចឆ្លើយសំណួរស្មុគស្មាញបានក្នុងពេលយ៉ាងខ្លី និងជួយរៀបចំដំណើរការបានយ៉ាងច្រើនមុននឹងឈានទៅរកការសម្រេចចិត្តជួបគ្នារវាងអ្នកលក់និងអ្នកទិញដើម្បីចចារសម្រេច។ 

 

ប្រែសម្រួល៖ វេហា

មតិយោបល់