គំនិតអាជីវកម្ម | November 22, 2021 | 156

ប្រឡូកក្នុងYouTube ឱ្យពេញទំហឹងនិងរកចំណូលខ្ទង់លានដុល្លារដោយសារកូវីដ

នៅពេលដើរចូលក្នុងផ្ទះរបស់លោកGraham Stephan គេឃើញការតុបតែងទូកញ្ចក់ចិញ្ចឹមត្រីក្នុងរបៀបប្លែកៗ ហើយវត្ថុដែលភ្ញៀវទាំងអស់មិនអាចមើលរំលងនោះគឺរង្វាន់នៃការទទួលស្គាល់ពីក្រុមហ៊ុនYouTube។ លោកហៅការតុបតែងដែលមានតម្លៃ៤៥០០០ដុល្លារនេះថាជាការវិនិយោគ គឺលោកទទួលបានភាពរីករាយយ៉ាងខ្លាំងខុសពីចំណាយលើរបស់ផ្សេងទៀត។ 

 

 

សព្វថ្ងៃលោកGraham មានអាយុ៣១ឆ្នាំ គ្រប់គ្រងលើគណនី៥នៅលើYouTube និងបណ្តាញផ្សព្វផ្សាយផ្ទាល់ខ្លួនមួយ ហើយទម្ងន់ការងាររបស់លោក៏មានកាន់តែច្រើនដែរ ដោយសារលោកជួលបុគ្គលិកតែពីរនាក់ប៉ុណ្ណោះ។ ក្រោយពីទទួលបានប្រាក់ចំណូលប្រចាំឆ្នាំបាន១លានដុល្លារក្នុងឆ្នាំ២០១៩ និងទទួលបានប្រាក់ចំណូលជាង៥លានដុល្លារក្នុងឆ្នាំ២០២០ លោកGraham កំពុងតែស្ថិតនៅក្នុងដំណើរឈានទៅរកកំណើនប្រាក់ចំណូល៦លានដុល្លារក្នុងឆ្នាំ២០២១នេះ ក្នុងនោះមាន៣លានដុល្លារបានមកពីការផ្សាយពាណិជ្ជកម្មនៅលើYouTube និងចំណូលផ្សេងទៀតបានមកពីការឧបត្ថម្ភនិងសហការ ក៏ដូចជាការលក់មេរៀននៅលើអ៊ីថឺណិត។  

 

លោករីកចម្រើនខ្លាំងបែបនេះក្រោយពេលបោះបង់អាជីពក្នុងវិស័យអចលនវត្ថុ មកផ្តោតលើការបង្កើតវីដេអូលើYouTube ពេញទំហឹង ដោយសារវិបត្តិកូវីដបានបង្ខំឱ្យមនុស្សភាគច្រើនសំងំនៅក្នុងផ្ទះ។ ជីវិតរបស់លោកGraham នៅពេលនេះផ្តោតតែលើការគំនិតផលិតវីដេអូ និងរីករាយចំពោះជោគជ័យដែលទទួលបាន។ 

 

នៅពេលវិបត្តិកូវីដបង្ខំមនុស្សឱ្យសំងំក្នុងផ្ទះចាប់ពីពាក់កណ្តាលឆ្នាំ២០២០ លោកGraham បានពិចារណាឡើងវិញចំពោះអ្វីដែលលោកចង់ធ្វើ និងកន្លែងដែលលោកចង់ធ្វើការ។ លោកក៏សម្រេចចិត្តផ្តូរលំនៅ និងបង្កើតកន្លែងធ្វើការនៅក្នុងផ្ទះថ្មីនោះ។ 

 

នៅពេលលោកGraham សម្រេចចិត្តប្តូរទៅធ្វើការពេញដៃពេញជើងនៅលើYouTube ក្នុងពាក់កណ្តាលឆ្នាំ២០២០ គណនីYouTube របស់លោកមានអ្នកគាំទ្រប្រហែល១,៥លាននាក់ និងស្ថិតនៅក្នុងដំណើរឈានទៅទទួលបានប្រាក់ចំណូល១លានដុល្លារពីYouTube ជាលើកដំបូង។ 

 

ពេលនេះគណនីYouTubeធំរបស់លោកមានអ្នកគាំទ្រប្រហែល៣,៥លាននាក់ ហើយកំណើនទាំងអ្នកគាំទ្រនិងប្រាក់ចំណូលមិនមែនកើតចេញពីការបន្ថែមម៉ោងធ្វើការរបស់លោកតែម្យ៉ាងនោះទេ គឺកើនឡើងដោយសារការផ្លាស់ប្តូរប្រភេទវីដេអូដែលលោកផលិត។ ដំបូងលោកចាប់ផ្តើមពីការបង្កើតវីដេអូដែលនិយាយអំពីការវិនិយោគនិងរកប្រាក់ចំណូលពីអចលនវត្ថុ ប៉ុន្តែក្រោយមកក៏ប្តូរទៅវិភាគព័ត៌មាននិងពន្យល់ប្រធានបទហិរញ្ញវត្ថុដែលស្មុគស្មាញវិញ។ 

 

លោកGraham ក៏បញ្ជាក់ដែរថាការអានគំនិតយោបល់រាប់ពាន់នាក់នៅលើវីដេអូរបស់លោកបានជួយលោកកំណត់ដឹងការចង់បានពីអ្នកទស្សនា។ ការផ្លាស់ប្តូរនេះក៏ជំរុញឱ្យលោកGraham បង្កើតវីដេអូដែលផ្អែកលើព័ត៌មានប្រចាំថ្ងៃដែរ។ 

 

ប្រែសម្រួល៖ វេហា

មតិយោបល់