គំនិតអាជីវកម្ម | November 22, 2021 | 148

ផ្លាស់ប្តូរតម្រូវការពាណិជ្ជកម្មសម្រាប់ឆ្នាំ២០២២

វិបត្តិកូវីដ១៩បានផ្លាស់ប្តូរពាណិជ្ជកម្មយ៉ាងច្រើនក្នុងរយៈពេលពីរឆ្នាំមកនេះ។ ក្នុងពេលដែលស្ថានភាពពិភពលោកកំពុងតែត្រៀមខ្លួនឈានចូលក្នុងដំណាក់កាលក្រោយវិបត្តិ ម្ចាស់ពាណិជ្ជកម្មទាំងអស់ក៏ត្រូវបត់បែនទៅតាមស្ថានភាពប្រែប្រួលនេះដែរដើម្បីឈរជើងនិងរីកចម្រើនបាន។ ខាងក្រោមនេះជាចំណុចមួយចំនួនដែលអ្នកត្រូវផ្លាស់ប្តូរដើម្បីត្រៀមខ្លួនឱ្យរួចរាល់៖

 

 

១/ គោលបំណងដែលគ្របដណ្តប់លើទិដ្ឋភាពផលិតផល

ក្រុមហ៊ុនលែងបង្កើតផលចំណេញតែម្យ៉ាងទៀតហើយ។ យីហោល្បីៗកំពុងតែប្រកួតប្រជែងគ្នាដោយសារគេបានកំណត់គោលបំណងយ៉ាងច្បាស់លាស់។ យោងតាមការសិក្សាចរន្តទីផ្សារឆ្នាំ២០២២ ការមានគោលបំណងបានផ្លាស់ប្តូរពីមហិច្ឆតាទៅជាអាទិភាពប្រកបដោយយុទ្ធសាស្រ្ត។ ក្រុមហ៊ុនដែលរីកចម្រើនក្នុងកម្រិត១០ភាគរយឬខ្ពស់ជាងនេះកំពុងតែប្រែក្លាយគោលបំណងទៅជាសកម្មក្នុងរបៀបស៊ីជម្រៅជាងពេលដែលរីកចម្រើនក្នុងអត្រាយឺតជាងនេះ។ ពិចារណាអំពីមូលហេតុដែលអ្នកធ្វើកិច្ចការដែលអ្នកកំពុងតែធ្វើ។ 

 

២/ ចំណេះដឹងអតិថិជនប្រែប្រួលអស់ហើយ

យីហោដែលទទួលបានជោគជ័យបំផុតយល់ថាអតិថិជនរបស់គេស្ថិតនៅជាចំណុចស្នូលនៃការសម្រេចចិត្តទាំងអស់។ ដើម្បីចាប់យកនិងផ្តល់ជូនអតិថិជនបានល្អបំផុត ពាណិជ្ជកម្មត្រូវតែយល់ប្រភេទអតិថិជនរបស់ខ្លួន។ មានក្រុមហ៊ុនតិចតួចណាស់ដែលមានប្រភេទអតិថិជនដែលគេអាចឆ្លើយតបបាននៅក្នុងទីផ្សារ។ ការកំណត់ប្រភេទអតិថិជនឱ្យបានច្បាស់និងការបែងចែកទៅតាមប្រភេទនឹងជួយឱ្យពាណិជ្ជកម្មរបស់អ្នកផ្តោតលើតម្រូវការរបស់អតិថិជនយ៉ាងមានប្រសិទ្ធភាព។ 

 

៣/ បង្កើនការរំពឹងទុករបស់អតិថិជន

ការរំពឹងទុករបស់អតិថិជនមិនមែនកើនឡើងខ្ពស់ដូចពេលនេះទេ។ អតិថិជនរំពឹងចង់បានបទពិសោធន៍ដែលគ្មានភាពរអាក់រអួលពីពាណិជ្ជកម្មរបស់អ្នកភ្លាមៗនៅពេលគេភ្ជាប់ទំនាក់ទំនងជាមួយអ្នក។ ការបង្កើតក្តីរំពឹងទាំងនេះអាចធ្វើទៅបានលុះត្រាតែអ្នកប្រើប្រាស់ឥទ្ធិពលនៃបច្ចេកវិទ្យានិងទិន្នន័យ។ ឧបករណ៍ទាំងពីរនេះនឹងជួយអ្នកបង្កើតបទពិសោធន៍អតិថិជនដែលមានទំនាក់ទំនងនិងស្របទៅតាមតម្រូវការផ្សេងៗគ្នា។ 

 

៤/ យុទ្ធសាស្រ្តទីផ្សារប្រែក្លាយទៅជាដំណើរអតិថិជន

ពាណិជ្ជកម្មប្រហែលនៅតែនិយាយអំពីយុទ្ធសាស្រ្តទីផ្សារដដែល ប៉ុន្តែការពិតគឺគេកំពុងតែព្យាយាមយល់ដំណើររបស់អតិថិជនទៅវិញទេ។ ការគិតគូរជារួមនៃពាណិជ្ជកម្មមានន័យថាជាការពិចារណាដល់ទំនាក់ទំនងទាំងអស់ដែលអតិថិជនមានជាមួយអ្នក។ តាំងពីការផ្សព្វផ្សាយពាណិជ្ជកម្មលើកទីមួយដែលគេមើលឃើញ រហូតដល់ការស្វែងរកព័ត៌មាននៅលើគេហទំព័ររបស់អ្នក ទាំងអស់នេះជាផ្នែកសំខាន់ណាស់នៃដំណើររបស់អតិថិជន គឺមិនត្រូវធ្វើឱ្យគេមានបទពិសោធន៍អវិជ្ជមាននៅក្នុងដំណាក់កាលណាមួយទេ។ 

 

៥/ ការផ្លាស់ប្តូរទៅរកទម្រង់ឌីជីថលជាអ្វីៗទាំងអស់

បើពាណិជ្ជកម្មរបស់អ្នកនៅមិនទាន់ចាប់ផ្តើមទទួលយកបច្ចេកវិទ្យាឌីជីថលទេ អ្នកមិនត្រូវរង់ចាំទៀតទេ។ ការប្រើប្រាស់បច្ចេកវិទ្យាជួយឱ្យអ្នកយល់ចំណុចគន្លឹះនៃដំណើរអតិថិជនបានកាន់ប្រសើរឡើង។ វាក៏ជួយអ្នកឱ្យបង្កើតបទពិសោធន៍តាមតម្រូវការពិតប្រាកដសម្រាប់អតិថិជនរបស់អ្នកដែរ។ ជំនួសឱ្យការប្តូរធាតុមនុស្សចេញពីទំនាក់ទំនងជាមួយអតិថិជន ឧបករណ៍ឌីជីថលជួយអ្នកឱ្យទាក់ទងក្នុងរបៀបកាន់តែផ្ទាល់ខ្លួនខ្លាំងឡើង។ 

 

៦/ ពាណិជ្ជកម្មសង្គមកំពុងតែគ្របដណ្តប់ពាណិជ្ជកម្មលើអ៊ីនថឺណិត

ពាណិជ្ជកម្មសង្គមជាវិស័យមួយដែលកំពុងរីកចម្រើនយ៉ាងរហ័សបំផុតក្នុងចំណោមពាណិជ្ជកម្មលើអ៊ីនថឺណិត។ បើពាណិជ្ជកម្មរបស់អ្នកពឹងផ្អែកលើការលក់តាមអ៊ីនថឺណិត ការយកចិត្តចំពោះវេទិកាបណ្តាញសង្គមត្រូវតែជាអាទិភាពរបស់អ្នកនៅក្នុងឆ្នាំ២០២២។ ក្នុងពេលដែលការលក់ពាណិជ្ជកម្មសង្គមមានតម្លៃសរុបជិត២៧លានដុល្លារនៅក្នុងឆ្នាំ២០២០ គេព្យាករថាទំហំនេះនឹងកើនឡើងយ៉ាងខ្លាំងនៅត្រឹមឆ្នាំ២០២៥។ ពេលនេះអ្នកប្រើប្រាស់នឹងចាយលុយជិត៨០ពាន់លានដុល្លារ។ 

 

ប្រែសម្រួល៖ វេហា

 

មតិយោបល់