អចលនទ្រព្យ | November 20, 2021 | 185

រៀនអនុវត្តតាមក្បួនវិនិយោគអចលនវត្ថុតាមលោកWarren Buffett

នៅអាយុត្រឹម១១ឆ្នាំ លោកWarren Buffett បានរៀនមេរៀនសំខាន់មួយអំពីការវិនិយោគ។ លោកបានទិញភាគហ៊ុនបីចំណែកតម្លៃ៣៨ដុល្លារ ដែលធ្លាក់ចុះភ្លាមមកនៅត្រឹម២៧ដុល្លារ មុនពេលឡើងវិញដល់៤០ដុល្លារ។ កុមារBuffett បានលក់ភាគហ៊ុនទាំងអស់នោះដោយចំណេញបន្តិចបន្តួច។ ក្រោយមក ហ៊ុននោះក៏ស្ទុះឡើងដល់២០០ដុល្លារក្នុងមួយចំណែក។ អារម្មណ៍សោកស្តាយចំពោះការលក់ឆាប់ពេកនោះបានធ្វើឱ្យលោកស្គាល់សារៈសំខាន់នៃភាពអត់ធ្មត់ក្នុងការវិនិយោគយូរអង្វែង។

 

 

លោកWarren Buffett ក៏រៀនវិនិយោគរយៈពេលយូរ ហើយក្បួនវិនិយោគរបស់លោកក៏អាចយកទៅអនុវត្តបានក្នុងវិស័យផ្សេងៗទៀត សូម្បីតែអចលនវត្ថុ។ រៀនពីកំពូលវិនិយោគិនជោគជ័យបំផុត និងប្រែក្លាយក្បួនទាំងនេះឱ្យទៅជារបស់អ្នក៖

 

១/ វិនិយោគយូរអង្វែង

គ្មាននរណាម្នាក់ទិញចម្ការមួយដោយផ្អែកលើការរំពឹងគិតថានឹងមានភ្លៀងធ្លាក់ឆាប់ៗនោះទេ ប៉ុន្តែគេទិញដោយសារគេគិតថាវាជាវិនិយោគល្អសម្រាប់ពេល១០ឬ២០ឆ្នាំទៅមុខទៀត។ សហគ្រិនឬវិនិយោគិនវ័យក្មេងដែលទើបតែចាប់ផ្តើមរៀនដើរបានពីរបីឆ្នាំប្រហែលយល់ថាមិនសូវមានអ្វីគួរឱ្យខ្លាចឬមិនមានអ្វីភាន់ច្រឡំច្រើនទេក្នុងការផ្តោតលើការទទួលបានផលចំណេញក្នុងរយៈពេលខ្លី។ ប៉ុន្តែវិនិយោគយូរអង្វែងពិតជានាំទៅរកផលចំណេញខ្ពស់ពិតប្រាកដ។ លោកWarren Buffett មិនខ្វល់រឿងរង់ចាំអ្វីទេ គឺលោកសម្លឹងរកមើលវិនិយោគណាដែលរឹងមាំ ហើយទិញទុក។ 

 

នៅពេលអ្នកផ្តោតគិតតែលើរយៈពេលខ្លី អ្នកជៀសមិនផុតពីការភ័យអរនិងកំហុសតូចតាចទេ ដូច្នេះហើយ ជំនួសឱ្យការគិតខ្លីៗបែបនេះ អ្នកត្រូវពង្រីកទស្សនវិស័យនិងមើលឱ្យបានវែងឆ្ងាយ។ 

 

២/ ក្នុងករណីអាក្រក់បំផុត ត្រូវប្រុងប្រយ័ត្ន

ទិញតែវត្ថុណាដែលធ្វើឱ្យអ្នករីករាយក្នុងការរក្សាទុក បើទោះជាទីផ្សារត្រូវបិទទ្វាររយៈពេល១០ឆ្នាំក៏ដោយ។ តាមរយៈការផ្តោតលើរយៈពេលយូរអង្វែង លោកWarren Buffett ចេះរៀបចំផែនការសម្រាប់ត្រៀមទុកពេលមានហេតុការណ៍អាក្រក់បំផុតកើតឡើង។ ការគិតគូរតម្រូវការមូលដ្ឋានរបស់អ្នកក៏ជាផ្នែកមួយនៃផែនការនោះដែរ។ វិបត្តិសេដ្ឋកិច្ចអាចនឹងធ្វើឱ្យអ្នកអស់អ្វីៗជាប់ខ្លួន ប៉ុន្តែបើអ្នកវិនិយោគលើអចលនវត្ថុ ហើយអ្នកមានកន្លែងរស់នៅសមរម្យ អ្នកនឹងមានភាពស្តុកស្តម្ភរង់ចាំនៅខាងមុខមិនខាន។ 

 

ស្ថានភាពអាក្រក់បំផុតក៏អាចនឹងកើតឡើងនៅពេលមានស្ថានភាពសេដ្ឋកិច្ចល្អដែរ ប៉ុន្តែការមានវិនិយោគអចលនវត្ថុត្រៀមទុកប្រៀបដូចជាការមានកន្លែងសម្រាប់ការពារសុវត្ថិភាពដែរ។ 

 

៣/ ភាពអត់ធ្មត់នាំទៅរកលទ្ធផលធំ

មនុស្សម្នាក់អាចអង្គុយក្រោមម្លប់ឈើដ៏ត្រជាក់គេចពីកម្តៅថ្ងៃបាននៅថ្ងៃនេះដោយសារមានមនុស្សម្នាក់ផ្សេងទៀតបានដាំដើមឈើនោះពីយូរមកហើយ។ ស្នូលនៃយុទ្ធសាស្រ្តវិនិយោគរបស់លោកWarren Buffett គឺការអត់ធ្មត់ ជាជំនាញមួយដែលតម្រូវឱ្យមានការប្រឹងប្រែងបន្តិចបន្តួច ប៉ុន្តែមានប្រយោជន៍យូរអង្វែង។ បើអ្នកទិញផ្ទះមួយក្នុងពេលនេះតម្លៃ១០ម៉ឺនដុល្លារ ហើយបង់រំលស់រយៈពេល២០ឆ្នាំ ហើយទ្រព្យសម្បត្តិរបស់អ្នកនឹងកើនឡើងពីព្រោះតម្លៃផ្ទះនេះនឹងឡើងបីបួនដងនៅពេល២០ឆ្នាំក្រោយមក។ 

 

គ្មានវិនិយោគិនណាអាចបង្កើនចំណេញបានដល់១២០ភាគរយរៀងរាល់ពេល២ឆ្នាំនោះទេ ប៉ុន្តែបើវិនិយោគលើផ្ទះ អ្នកអាចទទួលបានចំណេញប្រសើរជាងវិនិយោគផ្សេងទៀត។ តម្លៃអចលនវត្ថុតែងតែឡើងរាល់ឆ្នាំដោយសារតម្រូវការក៏ចេះតែកើនឡើងទៅតាមកំណើនមនុស្សដែរ។  

 

ប្រែសម្រួល៖ វេហា

មតិយោបល់