អចលនទ្រព្យ | November 19, 2021 | 189

មធ្យោបាយបង្កើនសោភណភាពនិងគុណភាពផ្ទះនៅពេលចុងសប្តាហ៍

ទោះបីអ្នកមានបំណងចង់លក់ផ្ទះឬចង់ស្វែងរកអ្នកជួល ឬគ្រាន់តែចង់បង្កើនផលចំណេញពីការវិនិយោគ ក៏ការជួសជុលនិងបង្កើនគុណភាពផ្ទះអាចជួយអ្នកសម្រេចគោលបំណងនោះបានដែរ។ 

 

 

បើទោះជាការកែច្នៃឡើងវិញទាំងស្រុងឬការសង់បន្ទប់បន្ថែមពិតជាជួយបានច្រើន ក៏ជាទូទៅមិនមែនគម្រោងកែច្នៃទ្រង់ទ្រាយធំបែបនេះទេដែលអាចធ្វើឱ្យមានភាពខុសប្លែកនោះ។ តើអ្នកមិនសូវមានពេលនិងធនធានច្រើនមែនទេ? ខាងក្រោមនេះជាគម្រោងងាយៗមួយចំនួនដែលអ្នកអាចយកទៅអនុវត្តបានដើម្បីកែច្នៃបង្កើនគុណភាពផ្ទះនៅពេលចុងសប្តាហ៍៖

 

១/ លាបពណ៌ផ្ទះឡើងវិញ

ការលាបពណ៌ថ្មីជាមធ្យោបាយឆាប់បំផុតក្នុងការផ្លាស់ប្តូរមុខមាត់ផ្ទះរបស់អ្នក ទោះបីនៅខាងក្រៅឬខាងក្នុងក៏ដោយ។ បើអ្នកមានផែនការចង់ដាក់ផ្ទះនៅលើទីផ្សារអចលនវត្ថុ អ្នកគួរលាបតែពណ៌សនិងពណ៌ដែលមិនឆើតពេក ជាពិសេសនៅខាងក្នុង។ ការលាបពណ៌បែបនេះជួយធ្វើឱ្យអតិថិជនងាយស្រួលគិតរចនានិងមើលមិនឃើញខុសប្លែករវាងការចូលចិត្តរបស់ម្ចាស់ផ្ទះចាស់និងចំណង់ចំណូលចិត្តផ្ទាល់ខ្លួនរបស់គេ។ 

 

២/ ជូតសម្អាតឬជួលជុលទូដាក់ចានឆ្នាំង

ទូដាក់ចានឆ្នាំជាកន្លែងដែលភ្ញៀវយកចិត្តទុកដាក់មើលបំផុតនៅក្នុងកន្លែងចម្អិតអាហារ ហើយបើអ្នករស់នៅក្នុងផ្ទះនេះច្រើនឆ្នាំមកហើយ ឬក៏មានមនុស្សជួលនៅច្រើនឆ្នាំ ប្រហែលកន្លែងមួយនេះលែងសូវមានអ្វីទាក់ទាញទៀតហើយ។ ការផ្លាស់ប្តូរទូដាក់ចានឆ្នាំងទាំងនេះជាជម្រើសមួយមែនហើយ ប៉ុន្តែអ្នកក៏ជួលជុល ជូតសម្អាតឬលាបពណ៌បានដែរ។

 

៣/ វិនិយោគលើបច្ចេកវិទ្យាទំនើប

តុបតែងផ្នែកខាងក្រៅនៃផ្ទះរបស់អ្នកតាមរយៈឧបករណ៍បច្ចេកវិទ្យាទំនើបដូចជាបំពាក់កាមេរ៉ាសុវត្ថិភាពជុំវិញផ្ទះជាមធ្យោបាយបង្កើនភាពជឿជាក់និងទុកចិត្តកាន់តែខ្លាំងសម្រាប់អ្នករស់នៅក្នុងផ្ទះនោះ។ ជាងនេះទៅទៀត អ្នកក៏អាចបង្ហាញភាពវៃឆ្លាតលើផ្ទះនេះតាមរយៈការផ្លាស់ប្តូរអំពូលនិងបំពាក់សម្ភារៈប្រើប្រាស់ដែលស៊ីថាមពលតិចដែរដើម្បីបង្ហាញការយកចិត្តទុកដាក់វែងឆ្ងាយទាំងការចំណាយរបស់អ្នករស់នៅនិងការគិតគូរដល់បរិស្ថានទាំងមូលដែរ។ 

 

៤/ សម្អាតបន្ទប់ទឹកកុំឱ្យមានស្នាមប្រឡាក់និងក្លិនមិនល្អ

ភ្ញៀវដែលចូលមើលផ្ទះកម្រជៀសផុតពីការចូលបន្ទប់ទឹកណាស់។ ហើយក៏ប្រហែលគ្មានកន្លែងណាក្នុងផ្ទះដែលធ្វើឱ្យភ្ញៀវអាចវាយតម្លៃរបៀបរស់នៅក្នុងផ្ទះនោះបានល្អដូចបន្ទប់ទឹកដែរ។ ស្នាមប្រឡាក់នៅលើកម្រាល តាមជញ្ជាំង ឬក្លិនមិនល្អចំណុចដែលមានឥទ្ធិពលអវិជ្ជមានខ្លាំងបំផុតលើចិត្តរបស់ភ្ញៀវ ហើយក៏មានឥទ្ធិពលលើការសម្រេចចិត្តរបស់គេដែរ។ 

 

ប្រែសម្រួល៖ វេហា

មតិយោបល់