អចលនទ្រព្យ | November 17, 2021 | 209

រៀនស្គាល់មូលដ្ឋាននៃស្ថានភាពទីផ្សារអចលនវត្ថុ

ការយល់អំពីទីផ្សារអចលនវត្ថុនឹងធ្វើឱ្យអ្នកក្លាយជាអ្នកទិញឬអ្នកលក់អចលនវត្ថុដ៏មានឥទ្ធិពល។ បើអ្នកជាអ្នកទិញ ការយល់កត្តាពាក់ព័ន្ធទាំងនេះអាចជួយអ្នកកំណត់របៀបចចារនិងឥទ្ធិពលក្នុងការទិញបានយ៉ាងមានប្រសិទ្ធភាព។ ហើយបើអ្នកជាអ្នកលក់វិញ ការស្គាល់ច្បាស់កត្តាទាំងនេះក៏នឹងជួយកំណត់តម្លៃផ្ទះ និងប៉ាន់ស្មានតួលេខនៃការផ្តល់ជូននិងរយៈពេលនៃការលក់ដែរ។ 

 

 

តំបន់មួយប្រហែលមានផ្ទះជាច្រើនមែន ប៉ុន្តែមានតែផ្ទះមួយចំនួនប៉ុន្តែដែលគេដាក់លក់ក្នុងរយៈពេលណាមួយ។ ការផ្គត់ផ្គង់ផ្ទះសម្រាប់លក់ទាក់ទងនឹងតម្រូវការជាកត្តាកំណត់ថាតើទីផ្សារនោះល្អសម្រាប់អ្នកទិញឬអ្នកលក់។ នៅពេលមានផ្ទះច្រើនដាក់លក់ ប៉ុន្តែមិនមានមនុស្សច្រើនចង់ទិញ វាអាចជាពេលល្អសម្រាប់អ្នកទិញ។ ស្ថានភាពបែបនេះគេហៅថាទីផ្សាររបស់អ្នកទិញ។ ផ្ទុយទៅវិញ នៅពេលមិនសូវមានផ្ទះច្រើនដាក់លក់ ប៉ុន្តែមានមនុស្សច្រើនចង់ទិញ វាជាពេលល្អសម្រាប់អ្នកលក់ ហើយគេហៅស្ថានភាពនេះថាជាទីផ្សារអ្នកលក់។ 

 

ការទិញក្នុងទីផ្សារអ្នកទិញមានន័យថាអ្នកមានឥទ្ធិពលច្រើន។ អ្នកអាចនឹងទទួលបានតម្លៃទាប និងឆាប់រហ័សដែលល្អសម្រាប់អ្នក។ អ្នកលក់ក៏អាចនឹងជួយបង់ថ្លៃចំណាយបន្ថែមមួយចំនួន ដើម្បីសម្រួលដំណើរការទិញលក់នេះឱ្យបានឆាប់។ ប៉ុន្តែការទិញនៅក្នុងទីផ្សារអ្នកលក់វិញអាចជារឿងលំបាក។ អ្នកលក់អាចនឹងទទួលបានការផ្តល់ជូនពីអតិថិជនច្រើន ហើយបើផ្ទះនោះកាន់តែស្រស់ស្អាតនិងមានចំណុចទាក់ទាញច្រើនថែមទៀត ការប្រជែងគ្នាក្នុងចំណោមអ្នកទិញអាចនឹងរុញច្រានតម្លៃឱ្យឡើងកាន់តែខ្ពស់។ ប្រហែលអ្នកត្រូវយល់ព្រមតាមលក្ខខណ្ឌជាច្រើនដែលអ្នក់ចង់បាន បើទោះជាមានតម្លៃខ្ពស់ឬមិនងាយស្រួលសម្រាប់អ្នកក៏ដោយ។ 

 

ការលក់ក្នុងទីផ្សាររបស់អ្នកលក់មានន័យថាអ្នកមានអំណាចច្រើន។ អ្នកអាចនឹងទទួលបានការផ្តល់ជូនពីអតិថិជនច្រើន និងប្រហែលទទួលបានតម្លៃខ្ពស់ជាងការប្រកាសដំបូងទៅទៀត។ អ្នកនឹងមានអំណាចក្នុងការកំណត់លក្ខខណ្ឌតាមការចង់បាន ហើយប្រហែលអ្នកមិនចាំបាច់ត្រុវជួលជុលឱ្យបានល្អមុនពេលលក់ទេ។ 

 

ការលក់នៅក្នុងទីផ្សារអ្នកទិញអាចជាបញ្ហាលំបាក។ ប្រហែលអ្នកមិនទទួលបានតម្លៃដែលអ្នកចង់បានទេ ឬក៏មិនអាចទទួលបានតម្លៃស្មើនឹងផ្ទះស្រដៀងគ្នារបស់អ្នកជិតខាងដែលលក់បានកាន់តែប៉ុន្មានខែមុននោះទេ។ ជាងនេះទៅទៀត ប្រហែលអ្នកត្រូវជួលជុលនិងកែលម្អច្រើនដើម្បីបង្កើនភាពទាក់ទាញក្នុងភ្នែកអតិថិជន។

 

ផ្ទះដែលមានស្រាប់មិនមែនជាប្រភពតែមួយនៃផ្ទះសម្រាប់ដាក់លក់ទេ។ ផ្ទះក៏កើនឡើងក្នុងទីផ្សារនៅពេលក្រុមហ៊ុនឬវិនិយោគិនសាងសង់បន្ថែមដែរ។ ផ្ទះដែលសាងសង់ថ្មីច្រើនតែមានតម្លៃខ្ពស់ជាងផ្ទះដែលមានស្រាប់ដោយសារផ្ទះថ្មីត្រូវសាងសង់ទៅតាមចំណង់ចំណូលចិត្តនិងការនិយមរបស់មនុស្សសម័យថ្មី និងស្របទៅតាមច្បាប់ទម្លាប់កំណត់របស់តំបន់នីមួយៗ។ ជាងនេះទៅទៀត ផ្ទះថ្មីមិនសូវមានកន្លែងដែលត្រូវជួលជុលឬកែលម្អបន្ថែមទេក្នុងពេលអនាគតឆាប់ៗ។

 

កត្តាសេដ្ឋកិច្ចទូទៅមួយចំនួនដូចជាអត្រាមានការងារធ្វើ ការបង្កើតការងារថ្មី អត្រាកំណើនប្រជាជនក្នុងតំបន់ និងកំណើនប្រាក់ចំណូលក៏មានឥទ្ធិពលលើតម្រូវការផ្ទះដែរ។ នៅពេលមានការងារថ្មីកាន់តែច្រើន ហើយក្រុមហ៊ុនផ្តល់ប្រាក់ខែកាន់តែខ្ពស់ មនុស្សចង់បានកម្មសិទ្ធិលើផ្ទះសម្បែងកាន់តែច្រើន។ សេដ្ឋកិច្ចតំបន់ដែលរឹងមាំអាចជាកត្តាវិជ្ជមានសម្រាប់ទីផ្សារផ្ទះក្នុងតំបន់ ដែលមានតម្រូវការខ្ពស់ និងតម្លៃកាន់តែខ្ពស់ដែរ។

 

ប្រែសម្រួល៖ វេហា

មតិយោបល់