អចលនទ្រព្យ | November 16, 2021 | 193

ស្គាល់ផ្នែកធំៗនៃការវិនិយោគក្នុងវិស័យអចលនវត្ថុ

ផ្នែកធំៗនៃវិស័យអចលនវត្ថុមានបីគឺលំនៅដ្ឋាន ពាណិជ្ជកម្ម និងឧស្សាហកម្ម៖ 

 

 

១/ វិស័យលំនៅដ្ឋាន

វិស័យលំនៅដ្ឋានផ្តោតចម្បងលើការទិញនិងលក់អចលនវត្ថុដែលប្រើប្រាស់ជាផ្ទះឬប្រើប្រាស់ក្នុងគោលបំណងមិនទាក់ទងនឹងពាណិជ្ជកម្ម។ វិស័យលំនៅដ្ឋានមានដូចជាផ្ទះដាច់ដោយឡែក ផ្ទះនៅក្នុងបណ្តុំអគារ ខុនដូ និងប្រភេទកន្លែងស្នាក់នៅរយៈពេលយូរជាច្រើនទៀត។ គិតត្រឹមឆ្នាំ២០២១ វិស័យមួយនេះនៅតែមានតម្លៃកើនឡើងជាប្រចាំ ហើយតម្លៃទីផ្សារក្នុងវិស័យទាំងមូលនេះក៏កើនឡើងដល់កម្រិតមិនធ្លាប់មានដែរ។ ស្របពេលដែលយុវវ័យកាន់តែមានមហិច្ឆតានិងឯករាជ្យភាព ចរន្តនៃការធ្វើជាម្ចាស់កម្មសិទ្ធិលើលំនៅដ្ឋាននឹងមានកាន់តែច្រើន ដែលរុញច្រានការពង្រីកខ្លួននៃក្រុងនិងទីប្រជុំជននានា និងកាន់តែធ្វើឱ្យតម្លៃកើនឡើងខ្ពស់។ 

 

២/ វិស័យអចលនវត្ថុពាណិជ្ជកម្ម

វិស័យអចលនវត្ថុពាណិជ្ជកម្មគិតបញ្ចូលអចលនវត្ថុទាំងអស់ដែលប្រើប្រាស់ក្នុងគោលបំណងពាណិជ្ជកម្ម ដូចជាផ្សារទំនើប ហាងទំនិញ ការិយាល័យ សណ្ឋាគារ ផ្ទះសំណាក់ និងប្រភេទអគារ ឬដីធ្លីដែលប្រើប្រាស់សម្រាប់គោលដៅបង្កើតពាណិជ្ជកម្ម។ ការប៉ាន់ស្មានអំពីទីផ្សារអចលនវត្ថុពាណិជ្ជកម្មក្នុងរយៈពេលបីបួនឆ្នាំចុងក្រោយនេះបង្ហាញឱ្យឃើញតម្លៃសរុបឡើងដល់ខ្ទង់១៦ទ្រីលានដុល្លារ។ ទោះជាយ៉ាងណា ដោយសារតម្លៃឡើងចុះក្នុងសេដ្ឋកិច្ចសកល វិនិយោគិនមួយចំនួនក៏បង្ហាញការស្ទាក់ស្ទើរក្នុងការបន្តវិនិយោគក្នុងវិស័យមួយនេះដែរ។ ទោះជាយ៉ាងណា គេនៅតែរំពឹងថានៅក្នុងប្រទេសកំពុងអភិវឌ្ឍ វិស័យអចលនវត្ថុពាណិជ្ជកម្មនៅតែដើរតួសំខាន់ដដែល។ 

 

៣/ អចលនវត្ថុឧស្សាហកម្ម

វិស័យអចលនវត្ថុឧស្សាហកម្មសំដៅដល់អចលនវត្ថុដែលប្រើប្រាស់ដើម្បីផលិត ដូចជារោងចក្រ និងឃ្លាំងទំនិញជាដើម។ ក្រុមហ៊ុនផលិតសម្ភារៈកាន់កាប់ច្រើនលើអចលនវត្ថុប្រភេទនេះ ដែលពេលខ្លះគ្របដណ្តប់លើទីតាំងផលិតវត្ថុធាតុដើម និងរោងចក្រផលិតថាមពលថែមទៀត។ រយៈពេលនៃការជួលអចលនវត្ថុប្រភេទនេះខុសគ្នាទៅតាមប្រភេទដែលអាចមានចន្លោះពី១០ឆ្នាំទៅ២៥ឆ្នាំ អាស្រ័យលើទីតាំង ប្រភេទ និងក្រុមហ៊ុនដែលជួល។ ហើយជាទូទៅ អចលនវត្ថុឧស្សាហកម្មក៏មានការបែងចែកទៅតាមប្រភេទផ្សេងៗទៀត

 

ផ្នែកផ្សេងគ្នាមានខ្នាតរង្វាស់ខុសគ្នាដែលវិនិយោគិននិងអ្នកវិភាគប្រើប្រាស់ដើម្បីពិនិត្យនិងវាយតម្លៃ។ 

 

ប្រែសម្រួល៖ វេហា

មតិយោបល់