អចលនទ្រព្យ | November 15, 2021 | 170

ក្បួនចាំបាច់សម្រាប់ការទិញអចលនវត្ថុវិនិយោគ

ទីផ្សារអចលនវត្ថុភាគច្រើនចាប់ផ្តើមងើបវិញហើយ។ បើទោះបីមនុស្សគ្រប់គ្នាអាចទិញអចលនវត្ថុបាន ក៏មិនមែនមានន័យថាមនុស្សទាំងអស់នោះសុទ្ធតែនឹងទទួលបានជោគជ័យទេ។ អ្នកមិនត្រូវទិញអចលនវត្ថុនៅកន្លែងណាក៏បាននោះទេ គឺត្រូវស្រាវជ្រាវជាមុន និងធ្វើយ៉ាងណាប្រែក្លាយទៅជាផលចំណេញឱ្យបានឆាប់។ មានក្បួនខ្នាតមួយចំនួនដែលអ្នកត្រូវអនុវត្តតាមក្នុងការទិញអចលនវត្ថុដើម្បីវិនិយោគ៖

 

 

១/ ចាប់ផ្តើមដោយគិតដល់ទីបំផុតជាមុន

តើអ្នកចង់បានលទ្ធផលអ្វីពីការទិញលក់មួយនេះ? បើទោះជាសំណួរនេះមានលក្ខណៈសាមញ្ញ ក៏មានវិនិយោគិនជាច្រើនដែលចាប់ផ្តើមប្រតិបត្តិការនីមួយៗមិនដឹងថាចង់បានអ្វីឱ្យច្បាស់នៅទីបំផុតដែរ។ តើអ្នកចង់ទិញសម្រាប់លក់វិញដើម្បីចំណេញភ្លាមៗឬចង់ទិញទុកលក់យូរអង្វែងទៅមុខ? តើអ្នកដឹងថាអ្នកមានថវិកាកម្រិតណាទេ? មានសំណួរជាច្រើនដែលអ្នកគួរតែឆ្លើយមុនពេលចាប់ផ្តើមស្វែងរកមើលអចលនវត្ថុ។ បើអ្នកមិនមានទស្សនវិស័យច្បាស់លាស់ទេ អ្នកងាយនឹងវង្វេងក្នុងទិសដៅជាច្រើនណាស់។

 

២/ ស្គាល់ទីផ្សារឱ្យបានច្បាស់

មុនពេលអ្នកសម្រេចចិត្តទិញអចលនវត្ថុនៅកន្លែងណាមួយ អ្នកត្រូវដឹងគ្រប់យ៉ាងអំពីទីផ្សារ។ ការទិញអចលនវត្ថុវិនិយោគល្អតែងតែតម្រូវឱ្យមានការងារច្រើនជាងការដែលអ្នកគិតទៅទៀត។ អ្នកមិនត្រឹមតែត្រូវយល់អ្វីៗគ្រប់យ៉ាងអំពីអចលនវត្ថុនីមួយៗនោះទេ ប៉ុន្តែក៏ត្រូវស្គាល់ទីផ្សាររបស់អ្នកដែរ។ សូម្បីតែអចលនវត្ថុដែលល្អបំផុតក៏អាចឈានទៅរកការខាតបត់បានដែរនៅក្នុងទីផ្សារមិនល្អ។ ផ្ទុយទៅវិញ ផលចំណេញបំផុតច្រើនតែទទួលបានពីការទិញអចលនវត្ថុនៅកម្រិតទាបក្នុងទីផ្សារដែលកំពុងតែរីកចម្រើន។ ការយល់អំពីទីផ្សារមានន័យថាជាការសម្លឹងមើលសាវតារតម្លៃលក់ ប្រជាសាស្រ្ត អត្រាមាននិងគ្មានការងារធ្វើ ការផ្លាស់ប្តូរនៃអត្រាពន្ធ និងការអនុញ្ញាតសាងសង់អគារថ្មីៗជាដើម។

 

៣/ យល់តួលេខឱ្យបានច្បាស់

មានតួលេខជាច្រើនទាក់ទងនឹងការទិញអចលនវត្ថុនីមួយៗដើម្បីវិនិយោគ។ សម្រាប់អ្នកចាប់ផ្តើមដំបូងៗ អ្នកត្រូវដឹងអំពីរបៀបដែលអ្នករៀបចំផែនការរកដើមទុកទុនមកទិញអចលនវត្ថុនីមួយៗ។ ចំណុចមួយនេះនឹងមានឥទ្ធិពលដោយត្រង់លើអលចនវត្ថុនោះ។ ជាការចាំបាច់ណាស់ដែលត្រូវដឹងខ្ទង់ចំណាយផ្សេងៗនិងកិច្ចការដែលត្រូវធ្វើ។ អ្នកក៏ត្រូវដឹងស្ថានភាពទីផ្សារនៅពេលលក់វិញដែរមានតួលេខ ខ្ទង់ចំណាយ និងរូបមន្តជាច្រើនដែលអ្នកត្រូវដឹងដើម្បីទទួលបានចំណេញច្រើនពីការវិនិយោគ។

 

៤/ កុំភ្លេចចចារ

ការសម្រេចចិត្តទិញជាជំហានចុងក្រោយនៃការវិនិយោគ។ អ្នកអាចកំណត់ដឹងអចលនវត្ថុណាដែលអ្នកចង់បាន ប៉ុន្តែបើអ្នកមិនទិញទេ វានឹងធ្លាក់ទៅក្នុងដៃអ្នកដទៃ។ ការចចារតម្រូវឱ្យអ្នកធ្វើលើសពីការត្រឹមតែផ្តល់តម្លៃណាមួយហើយរង់ចាំការយល់ព្រមពីអ្នកលក់។ ការផ្តល់ជូនតម្លៃទាបមិនមែនជាបញ្ហាអ្វីទេបើអចលនវត្ថុនោះមានកន្លែងច្រើនដែលត្រូវជួលជុលនិងកែច្នៃ។ ការយល់តួលេខគ្រប់ជ្រុងជ្រោយនៅពីក្រោយការទិញលក់នឹងជួយពង្រឹងចំណុចខ្លាំងក្នុងការចចាររបស់អ្នក។ ការចចារក៏មានន័យថាជាការស្គាល់ពេលដែលត្រូវដើរចេញដែរ។ 

 

ប្រែសម្រួល៖ វេហា

មតិយោបល់