អចលនទ្រព្យ | November 13, 2021 | 211

ក្បួនវិភាគការទិញលក់អចលនវត្ថុដែលវិនិយោគិនត្រូវចេះ

កិច្ចការគ្រប់យ៉ាងនៅក្នុងវិស័យអចលនវត្ថុតម្រូវឱ្យមានការវិភាគ តាំងពីកម្រិតងាយស្រួលបំផុតរហូតដល់កម្រិតស្មុគស្មាញបំផុត។ ការវិភាគរបៀបទិញលក់អចលនវត្ថុគឺការចម្រាញ់អចលនវត្ថុរាប់ពាន់កន្លែងដើម្បីជ្រើសរើសយកទីតាំងណាដែលត្រូវនឹងការចង់បានរបស់អ្នក ហើយជាទូទៅ គឺអចលនវត្ថុណាដែលផ្តល់លំហូរសាច់ប្រាក់បានល្អបំផុត។ 

 

 

មុននឹងឈានដល់ដំណាក់កាលនិងក្បួនវិភាគ អ្នកត្រូវពិចារណាមូលហេតុដែលអ្នកវិនិយោគក្នុងវិស័យអចលនវត្ថុនិងបង្ហាញគោលដៅរបស់អ្នកជាមុនសិន។ អ្នកមិនត្រូវអនុវត្តតាមក្បួនគេទាំងអស់និងរង់ចាំមើលលទ្ធផលដោយមិនដឹងថាត្រូវឬខុសនោះទេ។ មុននឹងប្រឡូកចូលក្នុងការវិនិយោគអចលនវត្ថុ អ្នកត្រូវយល់ឱ្យច្បាស់របៀបប្រៀបធៀបទីផ្សារ និងអចលនវត្ថុ។ សន្មតថាអ្នកស្គាល់បំណងខ្លួនឯងច្បាស់និងស្គាល់ទីផ្សារខ្លះៗហើយ ខាងក្រោមនេះជាក្បួនដែលអ្នកត្រូវអនុវត្តតាមក្នុងការវិភាគអចលនវត្ថុ៖

 

១/ ក្បួន២ភាគរយ

ក្បួនទូទៅរបស់វិនិយោគិនអចលនវត្ថុសម្រាប់ជួលគឺ២ភាគរយ។ ក្បួននេះយកតម្លៃជួលប្រចាំខែទៅចែកនឹងតម្លៃទិញអចលនវត្ថុនោះ។ វិនិយោគិនភាគច្រើនរំពឹងចង់បានលទ្ធផលចន្លោះពី១ទៅ២ភាគរយដើម្បីទទួលបានលំហូរសាច់ប្រាក់វិជ្ជមាន។ ឧទាហរណ៍ថាបើតម្លៃជួលអចលនវត្ថុ២០០០ដុល្លារក្នុងមួយខែ ហើយតម្លៃទិញអចលនវត្ថុនោះ២០០០០០ដុល្លារ អ្នកត្រូវយក២០០០ចែកនឹង២០០០០០០ ដែលស្មើនឹង១ភាគរយ។ បើទោះជាលទ្ធផលមិនដូចការរំពឹងទុកមែន ប៉ុន្តែក្បួនដែលបង្ហាញលទ្ធភាពវិជ្ជមានបែបនេះ គេអាចប្រថុយបានហើយ គឺនៅពេលលទ្ធផលកើនតែខ្ពស់ លំហូរសាច់ប្រាក់កើនឡើងកាន់តែប្រសើរដែរ។ បើអចលនវត្ថុណាដែលមានលទ្ធផលទាបជាង១ភាគរយក្នុងក្បួនគណនានេះ វាមិនទំនងថានឹងអាចបង្កើតលំហូរសាច់ប្រាក់វិជ្ជមានបានទេ។ 

 

២/ ក្បួន៥០ភាគរយ

ក្នុងពេលដែលក្បួន២ភាគរយជាកត្តាជួយសម្រេចចិត្តបានរហ័សថាត្រូវវិនិយោគឬអត់ ក៏វានៅតែមិនអាចព្យាករលំហូរសាច់ប្រាក់បានច្បាស់លាស់ដែរ។ ហេតុដូច្នេះហើយ វិនិយោគិនត្រូវចេះក្បួន៥០ភាគរយថែមទៀត។ ក្បួននេះអះអាងថា ជាមធ្យម ប្រាក់ចំណូលពាក់កណ្តាលពីអចលនវត្ថុត្រូវយកទៅចំណាយលើប្រតិបត្តិការផ្សេងៗ លើកលែងតែការទូទាត់បំណុលចេញ។ ចំណាយនេះមានដូចជាពន្ធ ការធានារ៉ាប់រង ថ្លៃទឹកភ្លើង ការជួសជុល និងចំណាយប្រចាំខែប្រចាំឆ្នាំផ្សេងទៀត។ 

 

ក្បួន៥០ភាគរយនេះអាចជួយវិនិយោគិនប៉ាន់ស្មានបានយ៉ាងរហ័សអំពីលំហូរសាច់ប្រាក់ពីអចលនវត្ថុសម្រាប់ជួល ដោយសារវាបញ្ចូលចំណាយទាំងអស់ទៅក្នុងកញ្ចប់តួលេខតែមួយ គឺពាក់កណ្តាល។ ឧទាហរណ៍ថាផ្ទះអ្នកជួលបាន២០០០ដុល្លារក្នុងមួយខែ។ ក្បួន៥០ភាគរយបញ្ជាក់ថាពាក់កណ្តាលនៃចំណូលនោះ(១០០០ដុល្លារ)នឹងត្រូវយកទៅចាត់ជាចំណាយ ហើយអ្នកនៅសល់១០០០ដុល្លារ ប៉ុន្តែអ្នកក៏ត្រូវបង់សងបំណុលធនាគារទៀតដែរ(លើកលែងតែអ្នកចាយលុយផ្ទាល់ខ្លួនដើម្បីទិញផ្ទះនោះ)។ 

 

ឧទាហរណ៍ទៀតថា អ្នកត្រូវបង់សងបំណុលធនាគារ៦០០ដុល្លាររាល់ខែ តើអ្នកនៅសល់បានប៉ុន្មាន? គឺ៤០០ដុល្លារ។ ហើយ៤០០ដុល្លារនេះជាលំហូរសាច់ប្រាក់របស់អ្នក។ 

 

៣/ ក្បួន៧០ភាគរយ

ចុះបើអ្នកទិញអចលនវត្ថុដើម្បីលក់វិញភ្លាមៗ តើត្រូវប្រើក្បួនអ្វី? គឺក្បួន៧០ភាគរយដើម្បីកំណត់ដឹងថាអ្នកត្រូវបង់ថ្លៃប៉ុន្មានសម្រាប់អចលនវត្ថុមួយ។ ក្បួន៧០ភាគរយអះអាងថា ថ្លៃខ្ពស់បំផុតដែលអ្នកគួរតែបង់ដើម្បីទិញអចលនវត្ថុមួយគឺ៧០ភាគរយនៃថ្លៃដាក់លក់វិញក្រោយពីជួសជុលរួច (ដោយមិនគិតបញ្ចូលតម្លៃជួសជុលនោះ)។ ដូច្នេះហើយ បើផ្ទះមួយត្រូវលក់ក្នុងតម្លៃ៣០០០០០០ដុល្លារ ហើយតម្រូវឱ្យជួលជុលអស់ប្រហែល៥០០០០ដុល្លារ អ្នកត្រូវយក៣០០០០០០ដុល្លារ គុណនឹង៧០ភាគរយ ដែលស្មើនឹង២១០០០០ដុល្លារ ហើយយកលទ្ធនេះទៅដក៥០០០០ដុល្លារចេញ ដែលនៅសល់១៦០០០០ដុល្លារ។ យោងតាមក្បួន៧០ភាគរយនេះ តម្លៃខ្ពស់បំផុតដែលវិនិយោគិនគួរតែបង់ដើម្បីទិញអចលនវត្ថុនោះគឺ១៦០០០០ដុល្លារ។ 

 

ប្រែសម្រួល៖ វេហា

មតិយោបល់