អចលនទ្រព្យ | October 14, 2021 | 111

ម៉ានីលជាក្រុងដែលត្រូវចាយលុយច្រើននៅតំបន់អាស៊ាន

ក្រុងម៉ានីលស្ថិតនៅក្នុងលំដាប់ថ្នាក់លេខ២បន្ទាប់ពីក្រុងសិង្ហបុរី បើប្រៀបធៀបអត្រាជួលផ្ទះស្នាក់នៅក្នុងតំបន់អាស៊ាន។ ហើយទិន្នន័យពីក្រុងដែលពេញនិយមចំនួនប្រាំមួយបង្ហាញឱ្យឃើញថាក្រុងម៉ានីលស្ថិតនៅក្នុងលំដាប់ថ្នាក់លេខបីបើប្រៀបធៀបការចំណាយប្រចាំថ្ងៃ។ 

 

 

ក្រុមហ៊ុន iPrice ដែលបានប្រមូលនិងវិភាគទិន្នន័យអំពីចំណាយលើអាហារ ថ្លៃជួលផ្ទះ ចំណាយទឹកភ្លើង ការធ្វើដំណើរ និងកត្តាចាំបាច់ជាច្រើនទៀតក្នុងក្រុងម៉ានីល បង្ហាញថាក្នុងមួយខែមនុស្សម្នាក់ត្រូវចំណាយជាងមួយពាន់ដុល្លារ ដែលមានកម្រិត១៦៨ភាគរយខ្ពស់ជាងចំណូលជាមធ្យម។ នៅក្នុងការចំណាយដើម្បីរស់នៅប្រចាំថ្ងៃ ក្រុងម៉ានីលស្ថិតនៅក្រោមតែក្រុងសិង្ហបុរីនិងក្រុងបាងកកប៉ុណ្ណោះ។ 

 

បើមើលមួយជ្រុងទៀត គេឃើញភាពខុសគ្នាយ៉ាងធំមួយក្នុងការចំណាយជាទូទៅ រវាងក្រុងម៉ានីលនិងក្រុងផ្សេងទៀតក្នុងតំបន់ដែលមានសេដ្ឋកិច្ចប្រហាក់ប្រហែលគ្នា។ ចំណាយសរុបក្នុងក្រុងម៉ានីលមានទំហំលើសក្រុងហ្សាកាតា២៤ភាគរយ លើសក្រុងហូជីមិញ២៨ភាគរយ និងលើសក្រុងកូឡាឡាំពួរ៣៣ភាគរយ។

 

ការសិក្សាស្រាវជ្រាវក៏បានបង្ហាញដែរថាតម្លៃជួលផ្ទះស្នាក់នៅមានចំណែកច្រើនបំផុតលើការចំណាយប្រចាំខែរបស់អ្នកក្រុងម៉ានីល។ បើប្រៀបធៀបត្រួសៗ កន្លែងស្នាក់នៅដែលមានបន្ទប់គេងតែមួយក្នុងក្រុងម៉ានីលមានតម្លៃជួលជាង៥០ភាគរយខ្ពស់លើក្រុងកូឡាឡាំពួរ ជាក្រុងដែលមានការចំណាយទាបបំផុតក្នុងតំបន់។ 

 

គេដឹងជាទូទៅថាសិង្ហបុរីជាក្រុងដែលមានចំណាយខ្ពស់បំផុតនៅក្នុងតំបន់អាស៊ាន ប៉ុន្តែគេភ្ញាក់ផ្អើលនៅពេលឃើញរដ្ឋធានីក្នុងប្រទេសដែលកំពុងតែអភិវឌ្ឍ និងមានសេដ្ឋកិច្ចនៅដាច់ឆ្ងាយពីសិង្ហបុរីបែរជាមានចំណាត់ថ្នាក់បន្ទាប់ពីប្រទេសអ្នកមាននៅក្នុងតម្លៃជួលផ្ទះទៅវិញ។ ជនជាតិហ្វីលីពីនជាច្រើន ជាពិសេសអ្នកធ្វើការកម្រិតមធ្យមជ្រើសរើសការជួលបន្ទប់នៅរួមគ្នាដោយសារតម្លៃជួលខ្ពស់ពេក។ 

 

ប្រែសម្រួល៖ វេហា

មតិយោបល់