គំនិតអាជីវកម្ម | October 14, 2021 | 105

សកម្មភាពដែលសហគ្រិនអាចធ្វើបានដើម្បីទាក់ទាញអតិថិជន

តើមានចំណុចអ្វីដែលម្ចាស់ពាណិជ្ជកម្មថ្មីចង់បានដូចគ្នា? លុយ? កេរ្តិ៍ឈ្មោះ? ឬធនធានមិនចេះអស់? ចម្លើយរួមគឺអតិថិជន។ ការមានអតិថិជនជាមធ្យោបាយនាំទៅរកការឈរជើងនិងរីកចម្រើនយូរអង្វែង។ ទោះជាអ្នកមានផលិតផលឬសេវាកម្មល្អយ៉ាងណាក៏ដោយ បើគ្មានមនុស្សទិញទេ អ្នកនឹងមិនអាចទៅណាបានឡើយ។ ទោះជាយ៉ាងណា ការបង្កើតមូលដ្ឋានអតិថិជនជាកិច្ចការលំបាកបំផុតសម្រាប់ពាណិជ្ជកម្មដែលទើបតែបង្កើតដំបូងៗ។ ខាងក្រោមនេះជាគំនិតមួយចំនួនដែលអ្នកអាចអនុវត្តតាមបានដើម្បីទាក់ទាញអតិថិជន១០០នាក់ដំបូង៖ 

 

 

១/ ប្រើប្រាស់បណ្តាញទំនាក់ទំនងដែលមានស្រាប់

ការប្រើប្រាស់បណ្តាញទំនាក់ទំនងក្នុងចំណោមគ្រួសារនិងមិត្តភក្តិជារឿងដែលម្ចាស់ពាណិជ្ជកម្មទាំងអស់ធ្វើ បើទោះជាចាត់ទុកថាជាយុទ្ធសាស្រ្តឬមិនបានគិតក៏ដោយ។ អ្នកប្រាប់បងប្អូននិងមិត្តភក្តិអំពីពាណិជ្ជកម្មរបស់អ្នក ហើយសង្ឃឹមថានឹងមានគេទិញ។ នេះជាចំណុចចាប់ផ្តើម។ ទោះជាយ៉ាងណា បើរៀបចំផែនការខ្លះ អ្នកអាចពង្រីកបណ្តាញទំនាក់ទំនងនេះបានយ៉ាងមានប្រសិទ្ធភាព។ អ្នកអាចស្នើឱ្យគ្រួសារនិងមិត្តភក្តិជួយផ្សព្វផ្សាយអំពីពាណិជ្ជកម្មរបស់អ្នកក្នុងចំណោមមនុស្សដែលគេស្គាល់នៅលើបណ្តាញសង្គម។ ហើយបើអ្នកមានពាណិជ្ជកម្មដែលឈរជើងបានខ្លះហើយ អ្នកក៏អាចស្នើសុំឱ្យអតិថិជនជួយផ្សព្វផ្សាយបន្តបានដែរ។ 

 

២/ បង្កើតគេហទំព័រផ្ទាល់ខ្លួនដើម្បីចែករំលែកគំនិតនិងរឿងរ៉ាវ

ពាក្យចាស់លើកឡើងថាប៊ិចមានអំណាចជាងដាវ។ ហើយនៅក្នុងសម័យអ៊ីនថឺណិតនេះ គេនៅតែអាចយកសុភាសិតមួយនេះមកអនុវត្តយ៉ាងមានប្រសិទ្ធភាពបានដដែល។ ទោះជាយ៉ាងណា នៅក្នុងពិភពឌីជីថល កន្លែងដែលអ្នកសរសេរនិងចែករំលែកគំនិតគឺគេហទំព័រ។ តាមរយៈអ៊ីនថឺណិត អ្នកអាចចែករំលែកគំនិតទាំងអស់បានពេញពិភពលោក។ ប្រហែលអ្នកកំពុងតែឆ្ងល់ថាហេតុអ្វីក៏ចាំបាច់ត្រូវបង្កើតគេហទំព័រផ្ទាល់ខ្លួន? គេហទំព័រជួយអ្នកទាក់ទាញមនុស្សដែលមានចិត្តគំនិតប្រហាក់ប្រហែលគ្នា និងបង្កើតបានជាទំនាក់ទំនងយូរអង្វែង។ គេហទំព័របែបនេះក៏ប្រាប់មនុស្សដែលចង់ដឹងអំពីអ្នកនិងពាណិជ្ជកម្មរបស់អ្នក និងរបៀបដែលអ្នកអាចជួយដោះស្រាយបញ្ហារបស់គេដែរ។ 

 

៣/ ពង្រីកវត្តមានតាមរយៈការហៅទូរសព្ទនិងផ្ញើអ៊ីម៉ែលទៅមនុស្សដែលមិនធ្លាប់ជួប

បើអ្នកអាចរកបានអតិថិជន១០០នាក់ពីបណ្តាញទំនាក់ទំនងដែលមានស្រាប់ជាការប្រសើរណាស់ ប៉ុន្តែមិនយូរប៉ុន្មានអ្នកនឹងត្រូវពង្រីកបណ្តាញទំនាក់ទំនងទៅមនុស្សដែលអ្នកមិនធ្លាប់ស្គាល់តាមរយៈការហៅទូរសព្ទ ឬផ្ញើអ៊ីម៉ែល។ យុទ្ធសាស្រ្តទាំងពីរនេះជាការផ្សព្វផ្សាយពាណិជ្ជកម្មរបស់អ្នកទៅដល់មនុស្សដែលចង់ដឹង ប៉ុន្តែគេមិនធ្លាប់ស្គាល់ឬមិនទាន់ដឹងអំពីពាណិជ្ជកម្មរបស់អ្នកនៅឡើយ។ យុទ្ធសាស្រ្តទាំងពីរនេះត្រូវតែដើរទន្ទឹមគ្នា ពីព្រោះថាបើគេរវល់ខ្លាំងមិនអាចនិយាយច្រើនតាមទូរសព្ទ គេអាចចំណាយពេលអានអ៊ីម៉ែលរបស់អ្នកនៅពេលក្រោយ ហើយបើគេចង់លុបអ៊ីម៉ែលរបស់អ្នកទាំងមិនបានអាន ក៏អ្នកបានប្រាប់គេខ្លះហើយដែរតាមទូរសព្ទ។ 

 

៤/ ចែកចាយផលិតផលខ្លះដោយមិនគិតលុយ

រឿងមួយដែលអតិថិជនភាគច្រើនមិនអាចព្រងើយកន្តើយបានគឺផលិតផលសាកល្បងដែលមិនបាច់ចំណាយ។ អ្នកអាចនឹងទាក់ទាញអតិថិជនបានតាមរយៈការផ្តល់ឱ្យគេបានស្គាល់ផលិតផលឬគុណភាពនៃសេវាកម្មរបស់អ្នក ហើយបើគេចូលចិត្ត គេនឹងចាយលុយមិនខាន។ ទោះជាយ៉ាងណា អ្នកត្រូវធ្វើឱ្យប្រាកដថាបទពិសោធន៍អតិថិជននៅក្នុងដំណាក់កាលនេះត្រូវតែមានលក្ខណៈល្អឥតខ្ចោះពីព្រោះអតិថិជនងាយនឹងវាយតម្លៃទាបណាស់ បើគុណភាពមិនដល់កម្រិតដែលគេពេញចិត្តទេ។ នេះជាដំណាក់កាលដែលអ្នកអាចទទួលបានការជឿទុកចិត្ត ឬបាត់បង់អតិថិជនជារៀងរហូត។ 

 

៥/ កុំភ្លេចប្រើប្រាស់បណ្តាញឱ្យមានប្រយោជន៍

នៅក្នុងសម័យបច្ចុប្បន្ននេះ ឥទ្ធិពលនៃបណ្តាញសង្គមគ្មានអ្វីប្រៀបផ្ទឹមបានទេ។ មនុស្សជិត៥ពាន់លាននាក់ប្រើប្រាស់បណ្តាញសង្គមក្នុងឆ្នាំ២០២១នេះ ដែលមានន័យថាអតិថិជនរបស់អ្នកភាគច្រើននៅលើបណ្តាញសង្គម។ មានមធ្យោបាយជាច្រើនដែលអ្នកអាចប្រើប្រាស់បណ្តាញសង្គមដើម្បីទាក់ទាញអតិថិជន ដូចជាការធ្វើទីផ្សារតាមរយៈបុគ្គលដែលល្បីឈ្មោះ និងការជួលអ្នកជំនាញឱ្យពង្រីកវត្តមានបណ្តាញសង្គមរបស់អ្នកទៅក្នុងចំណោមមនុស្សដែលអ្នកមិនស្គាល់ជាដើម។ បណ្តាញសង្គមមិនត្រឹមតែជាឧបករណ៍ផ្សព្វផ្សាយនិងទាក់ទាញអតិថិជនទេ អ្នកក៏អាចប្រើវាដើម្បីតាមដាននិងដើរឱ្យទាន់ចរន្តពេញនិយមនៅក្នុងសង្គម និងសកម្មភាពផ្សេងៗទៀតដែលគូប្រជែងរបស់អ្នកកំពុងតែមានដែរ។ 

 

ប្រែសម្រួល៖ វេហា

មតិយោបល់