អភិវឌ្ឍចំណេះដឹង | October 14, 2021 | 88

ហេតុផលដែលអ្នកគួរតែសប្បាយចិត្តនៅពេលបរាជ័យ

តើអ្នកធ្លាប់ជួបរឿងបរាជ័យក្នុងជីវិតទេ? បើអ្នកធ្លាប់ ជារឿងប្រសើរណាស់។ គ្មាននរណាម្នាក់នៅលើផែនដីនេះដែលមិនធ្លាប់បរាជ័យក្នុងជីវិតទេ។ បរាជ័យជាផ្នែកមួយនៃដំណើររីកចម្រើនរបស់មនុស្សជាតិ។ យើងបរាជ័យដោយសារតែយើងរីកចម្រើន និងរុករកដំណោះស្រាយចំពោះបញ្ហាជីវិត។ យើងកើតមកមានចរិតចង់ចេះចង់ដឹង ហើយចរិតបែបនេះនឹងនាំយើងទៅរកជោគជ័យ ប៉ុន្តែបរាជ័យក៏ជាចំណែកមួយដែលជៀសមិនផុតដែរ។ 

 

 

គួរឱ្យស្តាយដែលមនុស្សភាគច្រើនចាត់ទុកបរាជ័យជាសញ្ញានៃភាពទន់ខ្សោយ ជាសំណាងអាក្រក់ ឬជាចំណុចខ្វះខាតទៅវិញ។ ពេលជួបរឿងបរាជ័យ យើងច្រើនតែមានអារម្មណ៍ថាអ្វីៗត្រូវចប់។ យើងដេញដោលរកហេតុផលដែលនាំឱ្យយើងបរាជ័យ។ 

 

ប៉ុន្តែដោយសារមនុស្សទាំងអស់សុទ្ធតែធ្លាប់ធ្វើខុស អ្នកត្រូវចងចាំថាកំហុសមិនមែនជាបញ្ហាទេ ប៉ុន្តែរបៀបដែលអ្នកដោះស្រាយជាមួយនឹងអារម្មណ៍របស់អ្នកទើបជាបញ្ហាពិតប្រាកដ។ អ្នកមានអារម្មណ៍មិនល្អនៅពេលបរាជ័យ ហើយនេះជារឿងធម្មតាទេ ប៉ុន្តែការបោះបង់សុបិនទាំងអស់ចោលដោយសារកំហុសឬបរាជ័យមិនមែនជារឿងត្រឹមត្រូវទេ។ ជំហានខាងក្រោមនេះនឹងជួយអ្នកឱ្យលែងខ្លាចបង្កើតកំហុស ហើយចេះអភ័យទោសឱ្យខ្លួនឯង៖

 

១/ បើអ្នកមិនបង្កើតកំហុស អ្នកមិនបានសាកល្បងអ្វីទេ

ដើម្បីរីកចម្រើននិងទទួលបានជោគជ័យក្នុងកិច្ចការអ្វីមួយ អ្នកត្រូវតែហ៊ានប្រថុយ ហើយការប្រថុយមានន័យថាអ្នកអាចនឹងបរាជ័យ។ បើជួបបរាជ័យមែន ការមានអារម្មណ៍មិនល្អគ្រាន់តែជារឿងធម្មតាប៉ុណ្ណោះ ហើយវាជាសញ្ញាដែលបញ្ជាក់ថាអ្នកបានសាកល្បងរកដំណោះស្រាយចំពោះបញ្ហាជីវិតហើយ។ កុំសំងំនៅក្នុងកំហុសឬបរាជ័យនោះយូរពេក ប៉ុន្តែត្រូវប្រើបទពិសោធន៍នោះជាឧបករណ៍ដើម្បីរៀនបន្ថែមទៀត។ បើអ្នករៀនពីកំហុស អ្នកនឹងមិនបង្កើតកំហុសដដែលនោះទៀតទេ ហើយអ្នកនឹងមានភាពរឹងមាំជាងមុន វៃឆ្លាតជាងមុន និងមានបទពិសោធន៍ច្រើនជាងមុន។ 

 

២/ មនុស្សគ្រប់គ្នាបង្កើតកំហុស

ក្នុងនាមជាមនុស្ស យើងជៀសមិនផុតពីការធ្វើខុសទេ។ ដំណើរជីវិតនេះគ្មានផែនទីចង្អុលផ្លូវសម្រាប់មនុស្សគ្រប់គ្នាទេ។ យើងទាំងអស់គ្នាសុទ្ធតែរស់នៅក្នុងរបៀបសាកល្បង ដូច្នេះគ្មាននរណាដឹងថាធ្វើអ្វីខុសទេ បើមិនសាកល្បង។ បើទោះជាមានមនុស្សណាម្នាក់ធ្វើកិច្ចការអ្វីមួយពីមុនមក ហើយអ្នកចង់ធ្វើឱ្យបានប្រសើរជាងគេ អ្នកត្រូវប្រថុយក្នុងការខុស។ កុំខ្លាចរអាចំពោះលទ្ធភាពនៃបរាជ័យ ប៉ុន្តែអ្នកត្រូវប្រើប្រាស់វាជាសញ្ញាប្រាប់ថាអ្នកកំពុងតែឈានទៅរកចំណុចពិសេស។ អ្នកនឹងទទួលបានជោគជ័យនៅពេលណាមួយ បើអ្នកមិនបោះបង់។  

 

៣/ បរាជ័យរបស់អ្នកជាសញ្ញាប្រាប់ថាអ្នកកំពុងតែប្រឹងប្រែង

នៅពេលអ្នកដឹងថាអ្នកបង្កើតកំហុសអ្វីមួយក្នុងពេលប្រឹងប្រែងធ្វើកិច្ចការឱ្យត្រឹមត្រូវ អ្នកមិនត្រូវញញើតញញើមទេ។ អ្នកត្រូវមានកម្លាំងចិត្តដោយដឹងថាកំហុសរបស់អ្នកកំពុងតែជួយអ្នកឱ្យកាន់តែប្រសើរឡើងក្នុងកិច្ចការដែលអ្នកធ្វើ។ អ្នកក៏នឹងកាន់តែរឹងមាំ និងមានចំណេះដឹងកាន់តែច្រើនដែរ។ ប្រឹងប្រែងដើម្បីធ្វើឱ្យប្រាកដថាកំហុសរបស់អ្នកក៏កាន់តែប្រសើរឡើងដែរ ពីមួយពេលទៅមួយពេល។ 

 

៤/ បរាជ័យរបស់អ្នកបញ្ជាក់ថាអ្នកមានភាពក្លាហានណាស់

ការប៉ុនប៉ងធ្វើអ្វីមួយដែលអ្នកមិនដឹងច្បាស់ថានឹងអាចទៅរួចឬអត់នោះតម្រូវឱ្យមានភាពក្លាហានច្រើនណាស់។ អ្នកកំពុងតែវិនិយោគពេលវេលា ថាមពល និងធនធានផ្សេងទៀតទៅក្នុងកិច្ចការដែលអ្នកមិនដឹងច្បាស់ថានឹងទទួលបានលទ្ធផលយ៉ាងណា។ បើទោះជាអ្នកត្រូវបរាជ័យ ក៏ការពិតអ្នកបានផ្តល់អ្វីៗគ្រប់យ៉ាងដែលអ្នកមានទាំងនេះបញ្ជាក់ថាអ្នកជាមនុស្សប្រភេទណាដែរ។ ការមានភាពក្លាហានមិនមែនមានន័យថាអ្នកមិនចេះខ្លាចទេ ប៉ុន្តែបើទោះជាអ្នកខ្លាចយ៉ាងណាក៏អ្នកហ៊ានសាកល្បងដែរ។ 

 

៥/ បរាជ័យរបស់អ្នកធ្វើឱ្យអ្នកកាន់តែរឹងមាំ

ក្រោយពីអ្នកបរាជ័យច្រើនដងមក អ្នកនឹងក្លាយជាមនុស្សដែលកាន់តែមានភាពជម្នះខ្លាំងឡើង។ នៅពេលអ្នកជួបបរាជ័យ ជារឿងធម្មតាទេដែលអ្នកខ្លាចរអា បាក់ទឹកចិត្ត ឬខឹងសម្បា ប៉ុន្តែបើអ្នកអាចគ្រប់គ្រងកំហឹងនិងការខកចិត្តបាន អ្នកនឹងដឹងថាអ្នកខ្លាំងក្លាកម្រិតណា។ អ្នកនឹងមានការប្តេជ្ញាចិត្តខ្លាំងជាងមុន។ លោកRobert Kiyosaki ធ្លាប់និយាយថា អ្នកឈ្នះមិនខ្លាចចាញ់ ប៉ុន្តែអ្នកចាញ់ខ្លាចចាញ់។ បរាជ័យជាផ្នែកមួយនៃដំណើរទៅរកជោគជ័យ ដូច្នេះហើយមនុស្សដែលខ្លាចបរាជ័យក៏ខ្លាចជោគជ័យដែរ។ 

 

ប្រែសម្រួល៖ វេហា

មតិយោបល់