គំនិតអាជីវកម្ម | October 14, 2021 | 103

ការពិតដែលសហគ្រិនជោគជ័យទាំងអស់ដឹងដូចគ្នា

ជោគជ័យរបស់មនុស្សម្នាក់ត្រូវកំណត់ដោយរបៀបដែលមនុស្សគិតនិងធ្វើសកម្មភាព។ គ្មានអ្វីអាថ៌កំបាំងទេដែលមនុស្សជោគជ័យពិតប្រាកដមានផ្នត់គំនិតខុសពីមនុស្សទូទៅ និងសុខចិត្តធ្វើកិច្ចការដែលមនុស្សភាគច្រើនមិនហ៊ានធ្វើ។ ការពិតមួយចំនួនខាងក្រោមនេះជាតែងតែស្ថិតនៅក្នុងចិត្តរបស់សហគ្រិនគ្រប់គ្នាដែលសម្រេចបានលទ្ធផលតាមការចង់បានរបស់គេ៖ 

 

 

១/ ពាក្យថា«ថ្ងៃណាមួយ»ជាជំងឺដែលបំផ្លាញសុបិនរបស់អ្នក

ការរង់ចាំឱ្យកាលៈទេសៈឬចក្រវាលនេះដើរស្របតាមជោគវាសនារបស់អ្នកទើបចាប់ផ្តើមអនុវត្តតាមគម្រោងដែលអ្នកមាននៅក្នុងចិត្តជាយូរមកហើយនោះ គ្រាន់តែជាលេសមួយដើម្បីគេចវេសពីការប្រឈមនឹងការដឹងថាអ្នកមានសមត្ថភាពកម្រិតណាក្នុងការសម្រេចឱ្យបានសុបិនដែលអ្នកចង់បាន។ 

 

២/ គ្រាន់អ្វីដែលធ្វើមិនបានទេ បើអ្នកប្រឹងប្រែងឱ្យដល់កម្រិត

នេះជារឿងសំខាន់បំផុត គឺយើងដឹងថាកិច្ចការសំខាន់និងមានប្រយោជន៍ច្រើនមិនងាយងាយធ្វើបានទេ ហើយក៏មានពេលខ្លះដែលយើងចង់បោះបង់ព្យាយាមចោលដែរ។ ប៉ុន្តែគ្មានកិច្ចការណាដែលមិនអាចធ្វើបានទេសម្រាប់មនុស្សដែលមានការប្តេជ្ញាចិត្តពិតប្រាកដ។ 

 

៣/ ការធ្វើខុសនាំឱ្យខាតបង់តិចជាងការមិនធ្វើអ្វីសោះ

នេះជាពាក្យរបស់លោកSeth Godin ដែលរំឭកប្រាប់មនុស្សគ្រប់គ្នាថា ការបោះជំហានទៅមុខយឺតៗប្រសើរជាងការនៅស្ងៀមមួយកន្លែង។ បើអ្នកបង្កើតកំហុសអ្វីមួយគឺដោយសារអ្នកកំពុងតែប្រឹងប្រែងធ្វើឱ្យស្ថានភាពប្រសើរជាងមុន។ 

 

៤/ មនុស្សដែលចង់បានខ្លាំងបំផុតជាមនុស្សដែលត្រូវជោគជ័យ

ការមានភាពឆ្លាតវៃបំផុត មានទេពកោសល្យខ្ពស់ ឬមានលុយច្រើនបំផុតមិនមែនជារឿងចាំបាច់ទេ បើទោះជាវាសំខាន់ក្នុងកម្រិតមួយក៏ដោយ ប៉ុន្តែទីបំផុតវាមិនមែនជាខ្នាតរង្វាស់ជីវិតទេ។ នៅទីបំផុតនៃជីវិត មនុស្សដែលមិនបោះបង់ព្យាយាម និងបង្ហាញឆន្ទៈពិតប្រាកដជាមនុស្សដែលលេចធ្លោជាងគេ។ 

៥/ ការរាប់អានតែមនុស្សអវិជ្ជមានជាផ្លូវនាំទៅបាត់បង់គំនិតច្នៃប្រឌិត

បរិស្ថានរបស់យើងមានឥទ្ធិពលខ្លាំងណាស់ក្នុងការបម្រង់ឥរិយាបថរបស់យើង។ មូលហេតុចម្បងគេដែលមនុស្សមិនមានកម្លាំងចិត្តចង់ធ្វើកិច្ចការអ្វីមួយគឺមកពីបរិស្ថានរបស់គេ។ ស្វែងរកក្រុមមនុស្សដែលមានឥទ្ធិពលរុញច្រានឱ្យអ្នកមានភាពស្វាហាប់ក្នុងជីវិតនិងជឿជាក់លើខ្លួនឯង។ 

 

៦/ គ្មាននរណាម្នាក់សម្រេចចិត្តជំនួសអ្នកទេ

គ្រប់ការសម្រេចចិត្តទាំងអស់ទោះជាល្អឬអាក្រក់ក៏ជារបស់អ្នកដែរ។ ជៀសឱ្យផុតពីការធ្លាក់ក្នុងអន្ទាក់នៃការដើរតួជាជនរងគ្រោះ។ អ្នកត្រូវតែទទួលខុសត្រូវចំពោះអ្វីៗដែលកើតឡើងក្នុងជីវិតរបស់អ្នក ទោះជាយ៉ាងជោគជ័យឬបរាជ័យក៏ដោយ។ 

 

ប្រែសម្រួល៖ វេហា

មតិយោបល់