អចលនទ្រព្យ | October 13, 2021 | 109

គន្លឹះវិនិយោគក្នុងអចលនវត្ថុដែលអ្នកចាប់ផ្តើមគួរដឹង

តើអ្នកដឹងទេថាតាំងពីទសវត្សឆ្នាំទី៦០មក ការវិនិយោគខាងអចលនវត្ថុបានក្លាយជាមធ្យោបាយឈានមុខគេក្នុងការបង្កើតទ្រព្យ? យុទ្ធសាស្រ្តវិនិយោគមួយនេះត្រូវគេយកទៅប្រើជាច្រើនជំនាន់មនុស្សដើម្បីបង្កើនលំហូរសាច់ប្រាក់ប្រចាំខែ សម្រេចគោលដៅហិរញ្ញវត្ថុ និងចូលនិវត្តន៍បានយ៉ាងមានប្រសិទ្ធភាព។ ហេតុផលមួយដែលអចលនវត្ថុក្លាយជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការបង្កើតទ្រព្យគឺអត្រាអតិផរណា។ ឧទាហរណ៍ថាអ្នកទិញផ្ទះមួយកាលពី២០ទៅ៣០ឆ្នាំមុន។ មកដល់ពេលនេះ តម្លៃផ្ទះនោះនឹងកើនឡើង៣ដង ហើយអ្នកអាចបង្កើតលំហូរសាច់ប្រាក់វិជ្ជមានរាល់ឆ្នាំពីផ្ទះនោះ។ ដើម្បីសម្រេចគោលដៅវិនិយោគក្នុងអចលនវត្ថុដ៏អស្ចារ្យបែបនេះ មានជំហានមួយចំនួនដែលអ្នកត្រូវអនុវត្តតាម។

 

 

ជំហានទីមួយគឺត្រូវកំណត់និងបញ្ជាក់ឱ្យច្បាស់អំពីគោលដៅនៃការវិនិយោគនីមួយៗរបស់អ្នក។ នៅពេលត្រូវសម្រេចចិត្តចំពោះការវិនិយោគធំៗ ការគ្រាន់តែនិយាយថា «ខ្ញុំមានគោលដៅបែបនេះ ឬបែបនោះ» មិនទាន់គ្រប់គ្រាន់ទេ។ ប្រើប្រាស់សំណួរមួយចំនួនខាងក្រោមនេះដើម្បីជួយបំប្រួញគោលដៅអ្នក និងកំណត់ការរំពឹងទុកដែលមានភាពប្រាកដនិយម ហើយបង្កើតជម្រើសវិនិយោគលើអចលនវត្ថុដែលត្រឹមត្រូវ៖

 

១. តើអ្នកមានគម្រោងចង់ចូលនិវត្តន៍នៅពេលណា?

២. ពេលអ្នកចូលនិវត្តន៍ តើអ្នកត្រូវការលុយប៉ុន្មានដើម្បីរស់នៅក្នុងជីវភាពសមរម្យ?

៣. តើប្រភពចំណូលសម្រាប់ចូលនិវត្តន៍អ្វីខ្លះដែលអ្នកមាននៅពេលនេះ?

៤. តើអ្នកមានលុយប៉ុន្មានសម្រាប់វិនិយោគលើអចលនវត្ថុ?

៥. តើអ្នកចង់បានអចលនវត្ថុសម្រាប់ការរីកចម្រើននៅពេលអនាគតឬចង់បានលំហូរសាច់ប្រាក់បច្ចុប្បន្ននេះ?

៦. តើអ្នកមានផែនការសម្រាប់ធ្វើដំណើរកម្សាន្ត បង់សាលាសម្រាប់កូន ឬចំណាយសម្រាប់មើលថែម្តាយឪពុកដែរទេ?

 

ជំហានទីពីរក្នុងការវិនិយោគលើអចលនវត្ថុគឺត្រូវសម្លឹងមើលស្ថានភាពហិរញ្ញវត្ថុបច្ចុប្បន្នរបស់អ្នក។ ប្រហែលអ្នកត្រៀមចិត្តនិងអារម្មណ៍រួចរាល់ដើម្បីវិនិយោគមែន ប៉ុន្តែស្ថានភាពហិរញ្ញវត្ថុរបស់អ្នកប្រហែលប្រាប់ដំណើរខុសពីនេះទៅវិញ។ ការប្រើប្រាស់សំណួរខាងក្រោមនេះដើម្បីដេញដោលខ្លួនឯងនឹងជួយបង្ហាញឱ្យឃើញស្ថានភាពហិរញ្ញវត្ថុបច្ចុប្បន្នរបស់អ្នកឱ្យឃើញកាន់តែច្បាស់ និងអាចជាតម្រុយប្រាប់បានថាតើអ្នកអាចវិនិយោគលើអចលនវត្ថុបានឬអត់៖

១. តើអ្នកសល់លុយប៉ុន្មាននៅចុងខែនីមួយ?

២. តើអ្នកមានបំណុលអ្វីខ្លះដែលត្រូវសងរាល់ខែ?

៣. តើអ្នកត្រូវបង់ពន្ធអ្វីខ្លះ ហើយតើពន្ធផ្នែកណាខ្លះដែលអ្នកអាចបន្ថយបានតាមរយៈការវិនិយោគលើអចលនវត្ថុ?

 

ជំហានទីបីគឺត្រូវកំណត់យុទ្ធសាស្រ្តរកហិរញ្ញវត្ថុមកគាំទ្រការវិនិយោគលើអចលនវត្ថុរបស់អ្នក។ ពេលនេះអ្នកដឹងច្បាស់អំពីគោលដៅ និងស្ថានភាពហិរញ្ញវត្ថុផ្ទាល់ខ្លួនច្បាស់ហើយ រឿងបន្ទាប់ទៀតគឺត្រូវគិតដល់យុទ្ធសាស្រ្តរកដើមទុនមកវិនិយោគតាមការចង់បានរបស់អ្នក។ ការសាកសួរនិងឆ្លើយសំណួរខាងក្រោមនេះនឹងអាចជួយអ្នកឱ្យកំណត់ឃើញយុទ្ធសាស្រ្តក្នុងការរកដើមទុនបាន៖

១. តើអ្នកនឹងប្រើប្រាស់ដើមទុនពីណាដើម្បីបង់ថ្លៃកក់មុន? 

២. តើអ្នកមានផែនការដាក់ដើមទុនប៉ុន្មានទៅក្នុងយុទ្ធសាស្រ្តនៃការវិនិយោគរបស់អ្នក?

៣. តើកម្ចីប្រភេទណាដែលនឹងផ្តល់ប្រយោជន៍ល្អបំផុតដល់ស្ថានភាពបច្ចុប្បន្នរបស់អ្នក?

គោលដៅនៃការកំណត់បង្កើតយុទ្ធសាស្រ្តហិរញ្ញវត្ថុនោះគឺដើម្បីបំប្រួញលើប្រភេទនៃអចលនវត្ថុដែលអ្នកអាចមានសមត្ថភាពទិញបាន។ ប្រើប្រាស់ព័ត៌មានទាំងនេះដើម្បីកំណត់ប្រភេទ គុណភាព និងទីតាំងនៃអចលនវត្ថុដែលអ្នកត្រូវទិញ។ 

 

ជំហានទីបួនគឺត្រូវកំណត់យុទ្ធសាស្រ្តទិញអចលនវត្ថុរបស់អ្នក។ ការកំណត់គោលដៅបានច្បាស់នឹងជួយអ្នកឱ្យរកឃើញឱកាសដែលត្រឹមត្រូវ ក្នុងទីផ្សារដែលត្រូវ។ មធ្យោបាយមួយក្នុងការកំណត់យុទ្ធសាស្រ្តទិញឱ្យបានត្រឹមត្រូវសម្រាប់អ្នកគឺត្រូវពិចារណាស្ថានភាពបែបនេះ។ ឧទាហរណ៍ថាអ្នកមានលុយ១០ម៉ឺនដុល្លារដើម្បីវិនិយោគ អ្នកអាចនឹងអនុវត្តតាមយុទ្ធសាស្រ្តវិនិយោគបែបនេះ៖

១. អ្នកអាចយកលុយនោះទៅទិញអចលនវត្ថុ ឬ

២. អ្នកអាចទិញអចលនវត្ថុបួនកន្លែងដោយកក់មុនត្រឹមតែ២០ភាគរយលើការវិនិយោគនីមួយៗ។

គោលដៅនៃយុទ្ធសាស្រ្តបែបនេះគឺការទិញអលចនវត្ថុច្រើនក្នុងពេលដែលអ្នកប្រមូលលំហូរសាច់ប្រាក់ប្រចាំខែមកជួយបង់រំលស់។

 

ប្រែសម្រួល៖ វេហា

 

មតិយោបល់