អភិវឌ្ឍចំណេះដឹង | October 13, 2021 | 102

ហ្វីលីពីនធ្លាក់ចំណាត់ថ្នាក់ទាបក្នុងការទាក់ទាញវិនិយោគបរទេស

ប្រទេសហ្វីលីពីនត្រូវគេចាត់ចូលក្នុងចំណោមប្រទេសដែលទាក់ទាញវិនិយោគដោយផ្ទាល់ពីបរទេសបានទាបជាងគេក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនេះ។ ក្នុងចំណោមប្រទេសនិងតំបន់ទាំង១៤ដែលក្រុមហ៊ុន Oxford Economics ជ្រើសរើសយកមកប្រៀបធៀបគ្នា ហ្វីលីពីនស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៣ គឺខ្ពស់ជាងតែកោះតៃវាន់មួយប៉ុណ្ណោះ។ 

 

 

ការចាត់ចំណាត់ថ្នាក់ទាបបែបនេះគឺដោយសារហេដ្ឋារចនាសម្ព័ន្ធនិងការដឹកជញ្ជូនមិនសូវល្អ បរិស្ថានពាណិជ្ជកម្មទូទៅមិនងាយស្រួល ការមិនអាចពឹងផ្អែកបានក្នុងផ្នែកនយោបាយ និងទំហំទីផ្សារតូចដែលមានសក្តានុពលទាប ហើយលាយឡំជាមួយនឹងស្នាមរបួសសេដ្ឋកិច្ចពីវិបត្តិកូវីដ១៩ផង។

 

ចំណែកឯនៅក្នុងរបាយការណ៍ Doing Business 2020 របស់ធនាគារពិភពលោក ប្រទេសហ្វីលីពីនស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ៩៥ក្នុងចំណោមតំបន់សេដ្ឋកិច្ចចំនួន១៩០។ 

 

ផ្ទុយពីចំណាត់ថ្នាក់ទាបក្នុងការប្រៀបធៀបទាំងពីរខាងលើនេះ ប្រទេសហ្វីលីពីនបែរជាមានចំណុចវិជ្ជមានក្នុងហេដ្ឋារចនាសម្ព័ន្ធនាំចេញ និងសន្ទុះពលកម្មទៅវិញ។ ក្រុមហ៊ុន Oxford Economics ដដែលបង្ហាញថាសកម្មភាពពង្រីកក្រុងដែលកំពុងតែកើតឡើង និងកម្លាំងពលកម្មវៃក្មេងច្រើនមានន័យថានៅក្នុងរយៈពេលមួយទសវត្សខាងមុខនេះ យើងអាចរំពឹងដល់ការផ្គត់ផ្គង់កម្លាំងពលកម្មដែលកើនឡើងបាន។ យើងក៏ព្យាករដល់ការកើនឡើងនៃប្រាក់ចំណូលប្រចាំឆ្នាំបានដែរ។ 

 

ចំណែកប្រទេសដែលជាប់លំដាប់ថ្នាក់ខ្ពស់ក្នុងការទាក់ទាញវិនិយោគបរទេសដោយផ្ទាល់នៅក្នុងរបាយការណ៍របស់ក្រុមហ៊ុន Oxford Economics គឺប្រទេសចិន វៀតណាម និងម៉ាឡេស៊ី។ 

 

របាយការណ៍ក្រុមហ៊ុន Oxford Economics បញ្ជាក់ថាយើងជឿជាក់លើលំហូរវិនិយោគបរទេសដោយផ្ទាល់ទៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនេះថានឹងនៅតែរឹងមាំ បើទោះជាមានការរអាក់រអួលផ្នែកផ្គត់ផ្គង់ខ្លះដែលបណ្តាលមកពីវិបត្តិកូវីដ១៩ និងភាពមិនច្បាស់លាស់ចំពោះល្បឿននៃការងើបឡើងវិញក៏ដោយ។ 

 

យើងរំពឹងថាប្រទេសចិននឹងនៅតែជាគោលដៅឈានមុខគេចំពោះវិនិយោគបរទេសដោយផ្ទាល់ ដោយសារទីផ្សារក្នុងស្រុកដែលរីកចម្រើនយ៉ាងរហ័ស។ ហើយខណៈដែលចង្វាក់ផ្គត់ផ្គង់នៅតែបន្តកែសម្រួលទៅតាមចំណាយពលកម្មដែលឡើងខ្ពស់ក្នុងប្រទេសចិន និងគោលនយោបាយពាណិជ្ជកម្មការពារនិយម យើងអាចព្យាករដល់តំបន់អាស៊ានជាពិសេសប្រទេសវៀតណាម ថាជានឹងទទួលបានប្រយោជន៍កាន់តែច្រើន។ 

 

ប្រែសម្រួល៖ វេហា

មតិយោបល់