គំនិតអាជីវកម្ម | October 13, 2021 | 116

ហេតុផលដែលបុគ្គលិកឆ្នើមលាឈប់ពីការងារ

ដើម្បីដឹកនាំពាណិជ្ជកម្មមួយដែលជោគជ័យខ្លាំង អ្នកត្រូវមានបុគ្គលិកដែលខ្លាំងពូកែដែរ។ ទោះជាយ៉ាងណា ការជួលបុគ្គលិកខ្លាំងពូកែគ្រាន់តែជាចំណុចចាប់ផ្តើមប៉ុណ្ណោះ។ បុគ្គលិកខ្លាំងពូកែងាយទទួលបានឱកាសការងារណាស់ ហើយគេក៏តែងតែសម្លឹងរកមើលកន្លែងការងារដែលប្រសើរសម្រាប់ខ្លួនគេដែរ។ គ្មានអ្វីចម្លែកទេដែលក្នុងចំណោមបុគ្គលិកខ្លាំងពូកែប្រាំនាក់ មានម្នាក់តែងតែស្វែងរកកន្លែងថ្មីជានិច្ច។ 

 

 

ដំណឹងល្អសម្រាប់និយោជកនោះគឺថា ក្រុមហ៊ុនអាចជៀសផុតពីការរុញច្រានបុគ្គលិកឱ្យស្វែងរកកន្លែងថ្មីតាមរយៈការឈប់បង្កើតកំហុសដដែលៗទាំងអស់នេះ៖

 

១/ ប្រើបុគ្គលិកខ្លាំងពូកែធ្វើការច្រើនជ្រុល

បើអ្នកគោរពនិងបម្រើមនុស្សដែលអ្នកធ្វើការជាមួយ គេនឹងគោរពនិងបម្រើអ្នកវិញ។ បើអ្នកមានមនុស្សល្អ អ្នកមិនត្រូវប្រើប្រាស់ឱ្យហួសកម្រិតពេកទេ។ បើទោះជាបុគ្គលិកឆ្នើមអាចធ្វើការបានច្រើន ហើយអ្នកចង់ទទួលបានផលិតភាពកាន់តែខ្ពស់ ក៏អ្នកមិនត្រូវធ្លាក់ក្នុងការចង់ប្រើគេឱ្យច្រើនជ្រុលរហូតដល់លើសគេឯងនោះទេ។ គេនឹងកត់សម្គាល់ ហើយគេនឹងមានអារម្មណ៍ថាអ្នកគ្រប់គ្រងកំពុងតែកេងចំណេញលើគេ។ 

 

២/ មិនគោរពពេលវេលាក្រៅម៉ោងធ្វើការ

ការគ្រប់គ្រងតុល្យភាពរវាងជីវិតគ្រួសារនិងការងារជារឿងលំបាក ហើយមានមនុស្សតិចនាក់ណាស់ដែលអាចធ្វើបានសព្វថ្ងៃនេះ។ តាមពិតទៅ ការមានតុល្យភាពល្អពិតជាមានសារៈសំខាន់ណាស់ចំពោះមនុស្ស ហើយបុគ្គលិក១៤ភាគរយនិយាយថាបញ្ហាមួយនេះជាអាទិភាពរបស់គេ។ នៅពេលបុគ្គលិកពេញចិត្តនឹងជីវិតនៅក្រៅការងាររបស់គេ គេអាចធ្វើការបានយ៉ាងមានប្រសិទ្ធភាពហើយទទួលបានផលិតភាពកាន់តែខ្ពស់។ 

 

៣/ គ្រប់គ្រងល្អិតល្អន់ពេក

ការធ្វើជាចៅហ្វាយនាយល្អមានន័យថាជាការជួលមនុស្សដែលមានទេពកោសល្យ ហើយទុកឱ្យគេធ្វើការតាមតួនាទីនិងទំនួលខុសត្រូវរបស់គេ។ បើអ្នកព្យាយាមគ្រប់គ្រងគេគ្រប់ពេល គេនឹងបែកអារម្មណ៍ពីការងារចំពោះមុខ ហើយនឹងបាត់បង់ទំនុកចិត្តលើក្រុមការងារមិនខាន។ ផ្ទុយទៅវិញ បើអ្នកចាប់ផ្តើមបង្កើតទំនុកចិត្តតាំងពីដំបូងទៅ អ្នកនឹងអាចបណ្តោយឱ្យក្រុមការងារចេះសម្រេចចិត្តដោយខ្លួនឯង និងនាំយកគំនិតថ្មីៗមកចូលរួមជានិច្ច។ 

 

៤/ មិនបណ្តុះគោលបំណង

មេដឹកនាំល្អប្រមូលនិងតម្រង់ក្រុមការងារនៅជុំវិញកិច្ចការដែលពួកគេត្រូវធ្វើ។ ចំណែកមេដឹកនាំអស្ចារ្យវិញផ្តល់កម្លាំងចិត្តមនុស្សតាមរយៈមូលហេតុដែលពួកគេកំពុងតែធ្វើការ ហើយនេះជាគន្លឹះនាំទៅរកការសម្រេចបានសមិទ្ធផលអស្ចារ្យ។ ការសិក្សាស្រាវជ្រាវបង្ហាញថាមានទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងផលចំណេញរបស់ក្រុមហ៊ុននិងកម្រិតដែលបុគ្គលិកជឿជាក់លើបេសកកម្មនិងគោលបំណងរបស់ក្រុមហ៊ុននោះ។  សូមចងចាំថា អ្នកមិនចាំបាច់ត្រូវតែសង្គ្រោះជីវិតមនុស្សដើម្បីបណ្តុះគោលបំណងនោះទេ គឺអ្នកគ្រាន់តែផ្តល់ទិសដៅធំទូលាយចំពោះកិច្ចការដែលក្រុមការងារកំពុងតែប្រឹងប្រែងដើម្បីសម្រេចបានប៉ុណ្ណោះ។ 

 

៥/ មិនផ្តល់ឱកាសឱ្យរីកចម្រើន

ការសិក្សារបស់សកលវិទ្យាល័យHarvard រកឃើញថាកង្វះខាតឱកាសដើម្បីអភិវឌ្ឍជាមូលហេតុចម្បងដែលនាំឱ្យបុគ្គលិកមានទេពកោសល្យស្វែងរកការងារនៅកន្លែងថ្មី។ បើអ្នកចង់ជៀសផុតពីស្ថានភាពបែបនេះ អ្នកត្រូវបង្ហាញឱ្យក្រុមការងារឃើញថាអ្នកផ្តល់ឱកាសអភិវឌ្ឍនិងសុខចិត្តវិនិយោគលើការរីកចម្រើនរបស់ពួកគេ។ ការផ្តល់ឱកាសដើម្បីរៀន និងរីកចម្រើនជាទម្រង់នៃការផ្តល់កម្លាំងចិត្តវែងឆ្ងាយផងនិងជាចំណងចងចិត្តបុគ្គលិកល្អៗដែលចង់អភិវឌ្ឍខ្លួនផង។ 

 

ប្រែសម្រួល៖ វេហា

 

មតិយោបល់