គំនិតអាជីវកម្ម | October 13, 2021 | 91

វិធីសាស្រ្តប្រើភាពជាដៃគូដើម្បីបង្កើតយុទ្ធសាស្រ្តរីកចម្រើន

ភាពជាដៃគូកាន់តែមានសារៈសំខាន់ខ្លាំងឡើងនៅក្នុងពេលបច្ចុប្បន្ននេះ ដោយសារសេដ្ឋកិច្ចកំពុងតែប្រែប្រួលក្នុងល្បឿនមិនធ្លាប់មាន ហើយកិច្ចការសហការគ្នាដើម្បីសម្រេចគោលដៅរួមនឹងជួយបង្កើនល្បឿនរីកចម្រើននិងបម្រើអតិថិជនបានកាន់តែប្រសើរ។

 

 

ភាពជាដៃគូមិនអាចជាឧបករណ៍ដែលគេប្រើប្រាស់តែម្តងម្កាលទេ។ សាកប្រៀបធៀបរវាងម៉ាស៊ីនដកលុយ និងអ្នកផ្តល់ប្រឹក្សាហិរញ្ញវត្ថុផ្ទាល់ខ្លួនបន្តិចមើល គឺម៉ាស៊ីនATMជួយឱ្យអ្នកដកលុយបាននៅពេលណាដែលអ្នកត្រូវការ ប៉ុន្តែអ្នកផ្តល់ប្រឹក្សាហិរញ្ញវត្ថុវិញជួយអ្នកអភិវឌ្ឍយុទ្ធសាស្រ្តវែងឆ្ងាយសម្រាប់វិនិយោគនិងគ្រប់គ្រងលុយរបស់អ្នក។ មួយជាដៃគូពិតប្រាកដ ហើយមួយទៀតគ្រាន់តែជាមាស៊ីនប៉ុណ្ណោះ។ 

 

ភាពជាដៃគូជួយកាត់បន្ថយចំណាយតាមរយៈការផ្តល់ឱ្យក្រុមហ៊ុនទទួលបានបច្ចេកវិទ្យានិងធនធានផ្សេងទៀតដែលពិបាករកបាន។ ភាពជាដៃគូក៏ជួយឱ្យក្រុមហ៊ុនធ្វើប្រតិបត្តិការកាន់តែមានប្រសិទ្ធភាពតាមរយៈការផ្តល់លើកិច្ចការដែលគេអាចធ្វើបានល្អបំផុត។ មានហេតុផលជាច្រើនដែលភាពជាដៃគូនឹងនៅតែបន្តផ្តល់អត្ថប្រយោជន៍ដល់ក្រុមហ៊ុន ប៉ុន្តែវាតម្រូវឱ្យមានការជ្រើសរើសដៃគូដែលត្រូវនឹងតម្រូវការជាក់លាក់ដែរ៖ 

 

១/ យល់ទីផ្សាររបស់អ្នក និងស្វែងរកដៃគូដែលជួយអ្នកទៅដល់ទីផ្សារនោះ

ភាពជាដៃគូមានសារៈសំខាន់ណាស់ក្នុងការលក់រាយ។ បើទោះជាហាងទំនិញដែលមានទីតាំងជាក់ស្តែងនៅតែមានមនុស្សចេញចូលច្រើន ក៏វេទិកាពាណិជ្ជកម្មលើអ៊ីនថឺណិតកំពុងតែស្រូបយកអតិថិជនកាន់តែច្រើនឡើងៗ។ ភាពជាដៃគូនៅលើអ៊ីនថឺណិតអាចជួយបង្កើនចំនួនអតិថិជនយ៉ាងរហ័ស និងឆ្លើយតបតម្រូវការអតិថិជនតាមរយៈការបង្កើនបទពិសោធន៍នៅគ្រប់ដំណាក់កាលនៃការទិញលក់។ ដោយសារទីផ្សារនៅតែបន្តងាកទៅរកអ៊ីនថឺណិត ក្រុមហ៊ុនជោគជ័យនឹងត្រូវការស្រាវជ្រាវរកដៃគូខ្លាំងពូកែមកជួយគេឱ្យរត់តាមទាន់ចរន្តថ្មីៗ។ 

 

២/ ភាពជាដៃគូជួយអ្នកជម្នះព្រំដែនបច្ចេកទេសរបស់អ្នក

យើងកំពុងតែស្ថិតនៅក្នុងសម័យកាលនៃបរិវត្តកម្មឌីជីថលយ៉ាងរហ័ស ហើយភាពជាដៃគូជាមធ្យោបាយតែមួយគត់សម្រាប់ក្រុមហ៊ុនរត់តាមទាន់ល្បឿននៃការផ្លាស់ប្តូរនេះ។ ទោះជាអ្នកកំពុងតែស្វែងរកមធ្យោបាយដើម្បីប្រមូលនិងវិភាគទិន្នន័យអតិថិជនឬព្យាយាមបង្កើនបទពិសោធន៍អ្នកប្រើប្រាស់នៅតាមវេទិកានិងច្រកផ្សេងៗ ក៏មានដៃគូដែលពោរពេញដោយសក្តានុពលជាច្រើនដែលមានជំនាញក្នុងផ្នែកទាំងអស់នេះដែរ។ តាមរយៈការបង្កើតភាពជាដៃគូជាមួយគ្នា ក្រុមហ៊ុនរបស់អ្នកនឹងសន្សំលុយកាក់បានច្រើន ហើយផ្តោតលើគោលដៅពាណិជ្ជកម្មស្នូលបានយ៉ាងប្រសើរ និងនាំយកដំណោះស្រាយបច្ចេកវិទ្យាទៅប្រើប្រាស់យ៉ាងមានប្រសិទ្ធភាព។

 

៣/ ការអនុវត្តជាក់ស្តែងមិនមែនជារឿងងាយស្រួលទេ

ក្នុងពេលដែលភាពជាដៃគូយុទ្ធសាស្រ្តអាចជួយបង្កើនល្បឿនរីកចម្រើនរបស់ពាណិជ្ជកម្ម ហើយពាណិជ្ជកម្មថ្មីភាគច្រើនចង់ធ្វើការជិតស្និទ្ធជាមួយយីហោធំៗដើម្បីជួយដោះស្រាយបញ្ហារួម ក៏ការអនុវត្តយុទ្ធសាស្រ្តនេះធ្វើបានយ៉ាងលំបាកដែរ។ នៅពេលក្រុមហ៊ុនបង្កើតភាពជាដៃគូជាមួយគ្នា ការសំខាន់គឺត្រូវបង្កើតបទពិសោធន៍ដែលមិនរអាក់រអួល។ មធ្យោបាយដើម្បីធានាឱ្យភាពជាដៃគូថ្មីរបស់អ្នកនៅតែល្អជានិច្ចគឺត្រូវស្វែងរកក្រុមហ៊ុនដែលមានទស្សនវិស័យដូចគ្នា និងជួយបំពេញផលិតផលនិងសេវាកម្មគ្នាទៅវិញទៅមក។ នៅពេលក្រុមហ៊ុនមានវប្បធម៌ស្រដៀងគ្នា គេអាចបង្កើតភាពជាដៃច្នៃប្រឌិតដែលបន្ថែមគុណតម្លៃចំពោះអតិថិជនទាំងអស់បាន។ 

 

ប្រែសម្រួល៖ វេហា

មតិយោបល់