អចលនទ្រព្យ | October 12, 2021 | 94

ជំហានឆ្ពោះទៅក្លាយជវិនិយោគិនអចលនវត្ថុ

តើអ្នកកំពុងតែគិតចង់ប្រឡូកចូលក្នុងវិស័យអចលនវត្ថុ និងចាប់ផ្តើមអាជីពជាវិនិយោគិនមែនទេ? ការចង់បែបនេះជាការប្រសើរហើយ ប៉ុន្តែមានរឿងមួយដែលអ្នកត្រូវដឹងគឺថាការវិនិយោគិនអចលនវត្ថុមិនមែនងាយស្រួលដូចការមើលឃើញពីសម្បកក្រៅទេ។ វាពិតជាមធ្យោបាយដ៏មានប្រសិទ្ធភាពដើម្បីក្លាយជាអ្នកមានមែន ប៉ុន្តែវានៅតែជាពាណិជ្ជកម្មដែលលំបាកគ្រប់គ្រងដដែល។ វាតម្រូវឱ្យមានការរៀបចំផែនការ ការស្រាវជ្រាវ និងជំនាញដើម្បីវិនិយោគ ទើបទទួលបានផលចំណេញដូចការប្រាថ្នា។ 

 

 

ទោះជាយ៉ាងណា នៅពេលអ្នកដឹងរបៀបដែលត្រូវចាប់ផ្តើមហើយ អ្នកអាចជម្នះបញ្ហាទាំងអស់បានយ៉ាងងាយស្រួល។ ខាងក្រោមនេះជាជំហានដែលអ្នកត្រូវអនុវត្តដើម្បីក្លាយជាវិនិយោគិនអចលនវត្ថុដ៏ជោគជ័យម្នាក់៖

 

១/ ស្វែងរកការអប់រំខ្លួនឯងអំពីអចលនវត្ថុ

ការវិនិយោគអចលនវត្ថុមានភាពស្មុគស្មាញណាស់ ហើយវិនិយោគិនជើងថ្មីជាច្រើនក៏បោះបង់ចោលដោយសារគេមិនដឹងថាទៅមុខដោយរបៀបណា។ នេះអាចជាដំណឹងល្អដោយសារអ្នកមានឱកាសកាន់តែច្រើនដើម្បីវិនិយោគ។ ដូច្នេះហើយ ជំហានទីមួយក្នុងការក្លាយជាវិនិយោគិនអចលនវត្ថុគឺត្រូវរៀនយល់ដឹងគ្រប់ចំណុចនៃពាណិជ្ជកម្មមួយនេះ។ តាមពិតទៅ ទោះជានៅក្នុងអាជីពអ្វីក៏ដោយ ក៏អ្នកមិនអាចទទួលបានជោគជ័យដែរបើមិនមានចំណេះដឹងគ្រប់គ្រាន់ជាមុន។ 

 

ដូច្នេះហើយ មុននឹងទិញអចលនវត្ថុទីមួយ អ្នកត្រូវយល់ដឹងទីផ្សារឱ្យបានច្បាស់ ជម្រើសហិរញ្ញវត្ថុដែលមានសម្រាប់វិនិយោគិន យុទ្ធសាស្រ្តវិនិយោគផ្សេងសម្រាប់អ្នកចាប់ផ្តើមដំបូង ហានីភ័យដែលមាននៅក្នុងការវិនិយោគ និងរឿងជាច្រើនទៀត។ សូម្បីតែបញ្ហាច្បាប់ទម្លាប់ ចរន្តសេដ្ឋកិច្ច និងបច្ចេកវិទ្យាក៏មានឥទ្ធិពលលើពាណិជ្ជកម្មអចលនវត្ថុដែរ។ 

 

២/ បង្កើតបណ្តាញទំនាក់ទំនងអចលនវត្ថុ

ចំពោះមនុស្សដែលរៀនរបៀបក្លាយជាវិនិយោគិនអចលនវត្ថុ អ្នកនឹងដឹងថាបញ្ហាកាន់តែស្មុគស្មាញថែមទៀតបើអ្នកត្រូវធ្វើកិច្ចការគ្រប់យ៉ាងដោយខ្លួនឯង។ ហេតុដូច្នេះហើយបានជាវិនិយោគិនជោគជ័យជាមនុស្សដែលបានបង្កើតបណ្តាញទំនាក់ទំនងក្នុងវិស័យអចលនវត្ថុ។ បើនិយាយឱ្យងាយស្តាប់ទៅ វិស័យអចលនវត្ថុជាពាណិជ្ជកម្មនៃទំនាក់ទំនងមនុស្ស។ បើវិនិយោគិនអចលនវត្ថុដឹងចំណុចមួយនេះបានកាន់តែឆាប់ គេនឹងបង្កើតគ្រឹះបានកាន់តែរឹងមាំនៅពេលចាប់ផ្តើម។ 

 

បណ្តាញទំនាក់ទំនងល្អផ្តល់ការគាំទ្រចាំបាច់ និងបង្កើតឱកាសវិនិយោគទាំងសម្រាប់វិនិយោគិនជើងថ្មីនិងជើងចាស់។ ហេតុអ្វីបានជាអ្នកមិនស្វែងរកអ្នកជំនាញមកជួយ ជាជាងប្រថុយខាត់បង់ពេលវេលានិងលុយកាក់ដោះស្រាយបញ្ហាដោយខ្លួនឯង? វិនិយោគិនវៃឆ្លាតដឹងថាការប្រើប្រាស់បទពិសោធន៍មនុស្សដទៃជាវិធីសាស្រ្តដែលសន្សំបានច្រើនបំផុត។ 

 

៣/ បង្កើតការវិភាគហិរញ្ញវត្ថុ និងផែនការ

នៅពេលអ្នកវិនិយោគលើអចលនវត្ថុសម្រាប់ជួល អ្នកកំពុងតែធ្វើការជាមួយតួលេខ។ ហេតុដូច្នេះហើយ វិនិយោគិនអចលនវត្ថុជើងថ្មីត្រូវវិភាគហិរញ្ញវត្ថុ គោលដៅរយៈពេលខ្លី និងគោលដៅរយៈពេលវែងទាំងអស់មុនពេលទិញ។ ចំណុចទាំងអស់នេះនឹងជួយអ្នករៀបចំរបៀបសម្រេចបានគោលដៅទាំងនោះ ហើយកាន់តែសំខាន់ជាងនេះទៅទៀត វាជួយឱ្យអ្នកតាមដានគ្រប់ដំណាក់កាលនិងស្ថានភាពហិរញ្ញវត្ថុរបស់អ្នកជាគន្លឹះសំខាន់បំផុតក្នុងការរកលុយក្នុងអចលនវត្ថុ។ 

 

បញ្ហាប្រឈមធំបំផុតមួយសម្រាប់មនុស្សភាគច្រើនដែលចង់វិនិយោគក្នុងវិស័យអចលនវត្ថុគឺការស្វែងរកដើមទុន។ ប៉ុន្តែរឿងអស្ចារ្យនៅក្នុងពាណិជ្ជកម្មអចលនវត្ថុគឺថាទោះបីអ្នកមានលុយតិចឬច្រើនយ៉ាងណា ក៏អ្នកនៅតែអាចវិនិយោគបានដែរ។ ហើយការវិភាគអំពីហិរញ្ញវត្ថុនឹងជួយអ្នកឱ្យរកឃើញមធ្យោបាយល្អបំផុតដើម្បីផ្គត់ផ្គង់ការវិនិយោគរបស់អ្នក។ 

 

៤/ ជ្រើសរើសទីតាំងវិនិយោគឱ្យបានល្អ

កិច្ចការចម្បងមួយដែលអ្នកត្រូវរៀននៅពេលចាប់ផ្តើមធ្វើជាវិនិយោគិនអចលនវត្ថុគឺសារៈសំខាន់នៃទីតាំង។ ទីតាំងនឹងកំណត់កម្រិតជោគជ័យនៃការវិនិយោគរបស់អ្នក។ ហេតុដូច្នេះហើយតើមានចំណុចអ្វីខ្លះដែលអ្នកត្រូវសម្លឹងរកមើលដើម្បីដឹងថាទីតាំងណាដែលមានលក្ខណៈល្អបំផុតក្នុងការវិនិយោគ? ចរន្តទីផ្សារផ្ទះក្នុងពេលបច្ចុប្បន្ន ទាក់ទងនឹងកំណើនប្រជាជន អត្រាគ្មានការងារធ្វើ និងអត្រាការប្រាក់កម្ចីទិញផ្ទះ។ ក្រៅពីនេះ ចំណុចដែលត្រូវពិនិត្យមើលលម្អិតទៀតមានដូចជា តម្លៃផ្ទះ អត្រាជួល និងសកម្មភាពសាងសង់និងឱកាសអភិវឌ្ឍ។  

 

ការស្រាវជ្រាវទីតាំងវិនិយោគមុនពេលទិញនឹងជួយអ្នកឱ្យប៉ាន់ស្មានបានថាទីផ្សារផ្ទះសម្បែងនឹងមានស្ថានភាពដូចម្តេចនៅពេលអនាគត។ ដើម្បីក្លាយជាវិនិយោគិនអចលនវត្ថុជោគជ័យ អ្នកគួរតែចេះយុទ្ធសាស្រ្តជ្រើសរើសទីតាំង ហើយមិនត្រូវយកចិត្តទុកដាក់លើតម្លៃតែម្យ៉ាងទេ។ 

 

៥/ ស្វែងរកអចលនវត្ថុវិនិយោគឱ្យបានល្អបំផុត

ក្រោយពីអនុវត្តតាមជំហានទាំងអស់ខាងលើនេះហើយ អ្នកនឹងកាន់តែមានភាពងាយស្រួលក្នុងការស្វែងរកអចលនវត្ថុក្នុងទីផ្សារផ្ទះសម្បែងដែលសក្តិសមនឹងយុទ្ធសាស្រ្តវិនិយោគរបស់អ្នក។ គន្លឹះមួយទៀតដើម្បីបំប្រួញការស្រាវជ្រាវរបស់អ្នកគឺត្រូវសម្រេចចិត្តថាតើអចលនវត្ថុប្រភេទណាដែលអ្នកចង់ទិញ។ ឧទាហរណ៍ តើអ្នកកំពុងតែសម្លឹងរកមើលការវិនិយោគលើផ្ទះសម្រាប់គ្រួសារតូច ឬផ្ទះសម្រាប់គ្រួសារធំដើម្បីដាក់ជួល? ឬមួយអ្នកចង់ទិញខុនដូឬផ្ទះនៅតំបន់ទេសចរណ៍ដើម្បីដាក់ជួលឱ្យភ្ញៀវទៅសម្រាកកម្សាន្តម្តងម្កាល? តើអ្នកចង់ទិញផ្ទះដែលនៅថ្មីស្អាតស្រាប់ ឬមួយទិញផ្ទះដែលមានតម្លៃថោកយកមកជួសជុលកែច្នៃដើម្បីលក់វិញ? 

 

អ្នកអាចដឹងបានហើយថាយុទ្ធសាស្រ្តវិនិយោគនិងដើមទុនរបស់អ្នកជាកត្តាកំណត់ប្រភេទអចលនវត្ថុដែលអ្នកគួរតែស្វែងរក។ មានជម្រើសជាច្រើន ប៉ុន្តែអ្នកក៏ត្រូវចងចាំដែរថា មិនមែនគ្រប់ផ្ទះទាំងអស់ដែលអ្នករកឃើញសុទ្ធតែអាចជាការវិនិយោគដែលមានផលចំណេញនោះទេ។ ដូច្នេះដើម្បីជ្រើសរើសក្នុងរបៀបវៃឆ្លាត និងទិញអចលនវត្ថុឱ្យបានត្រឹមត្រូវ អ្នកត្រូវវិភាគឱ្យបានច្បាស់លាស់។ 

 

ប្រែសម្រួល៖ វេហា

មតិយោបល់