អភិវឌ្ឍចំណេះដឹង | October 12, 2021 | 69

សត្រូវធំដែលរារាំងអ្នកមិនឱ្យសម្រេចជោគជ័យក្នុងជីវិត

មនុស្សគ្រប់គ្នាចង់បានជោគជ័យ។ ទោះជាយ៉ាងណា ផ្លូវទៅរកជោគជ័យមិនងាយស្រួលដើរទេ។ ហើយរឿងដែលហួសចិត្តបំផុតនោះគឺ អ្នកជាមនុស្សដែលកំណត់ថាតើខ្លួនអ្នកអាចជោគជ័យបានឬមិនបាន។ អ្នកមានកូនសោរក្នុងដៃដើម្បីទៅរកជោគជ័យ។ ប៉ុន្តែបើកូនសោរជោគជ័យនៅក្នុងដៃអ្នក ហេតុអ្វីបានជាអ្នកមិនទទួលបានជោគជ័យ? ប្រហែលមកពីអ្នកជាសត្រូវធំបំផុតនៃជោគជ័យរបស់អ្នក។ 

 

 

អ្នកគ្រប់គ្រងលើអ្វីៗទាំងអស់ដែលកើតឡើងចំពោះអ្នក។ ទោះជាយ៉ាងណា មានធាតុមួយចំនួនដែលរារាំងអ្នកមិនឱ្យសម្រេចបានជោគជ័យ៖

 

១/ ការស្កប់ស្កល់នឹងខ្លួនឯង

ការស្កប់ស្កល់ជាស្ថានភាពស្ពឹកស្រពន់ គឺអ្នកពេញចិត្តនឹងខ្លួនឯង ហើយមិនចង់ប្រឹងប្រែងបន្ថែមទៀតដើម្បីប្រសើរជាងពេលបច្ចុប្បន្ននេះ។ មានពេលខ្លះដែលអ្នកប្រឹងប្រែងខ្លាំងដើម្បីសម្រេចការងារដែលអ្នកត្រូវធ្វើ។ ពេលសម្រេចកិច្ចការនោះហើយ អ្នកសរសើរខ្លួនឯង និងស្កប់ស្កល់ចំពោះស្នាដៃត្រឹមប៉ុណ្ណេះ ហើយលែងចង់បានអ្វីលើសពីនេះ។ អារម្មណ៍បែបនេះបានត្រឹមតែនាំទៅរកអំនួត ជំនឿចិត្តជ្រុលលើខ្លួនឯង ភាពខ្ជិលច្រអូស និងការបង្អែរបង្អង់ពេលវេលាប៉ុណ្ណោះ។  

 

២/ ការឱ្យតម្លៃខ្លួនឯងទាបពេក

តើអ្នកឱ្យតម្លៃខ្លួនឯងដូចម្តេច? តើអ្នកមានអារម្មណ៍ថាខ្លួនឯងមិនមានតម្លៃមែនទេ? ការឱ្យតម្លៃខ្លួនឯងទាបពេកជាសត្រូវធំបំផុតនៃជោគជ័យរបស់អ្នក។ អារម្មណ៍បែបនេះធ្វើឱ្យអ្នកវាយតម្លៃទាបចំពោះខ្លួនឯង ហើយតើអ្នកដឹងថាអ្នកបាត់បង់អ្វីទេនៅពេលមិនឱ្យតម្លៃខ្លួនឯងគ្រប់គ្រាន់? គឺអ្នកបាត់បង់ជំនឿចិត្ត ការគោរពចំពោះខ្លួនឯង និងបើកច្រកគំនិតអវិជ្ជមាន។ ហេតុអ្វីក៏អ្នកត្រូវមើលស្រាលខ្លួនឯង? មនុស្សជាច្រើនមានសក្តានុពលខ្លាំង ប៉ុន្តែគេបែរជាមើលស្រាលខ្លួនឯងនិងបំផ្លាញជំនឿចិត្តលើខ្លួនឯងទៅវិញ។ 

 

៣/ អំនួតជ្រុលចំពោះខ្លួនឯង

អំនួតបានធ្វើឱ្យមនុស្សរាប់លាននាក់ក្នុងពិភពលោកនេះស្តាយក្រោយ។ បើអ្នកមិនអាចដាក់អំនួតចុះបានទេ អ្នកមិនអាចទៅបានឆ្ងាយទេក្នុងជីវិតនេះ។ បើទោះបីអ្នកទទួលបានជោគជ័យម្តងម្កាល ក៏នៅទីបំផុតអ្នកនឹងសល់ត្រឹមតែរឿងស្តាយក្រោយដដែល។ នៅក្នុងជីវិត អ្នកគួរតែចេះឱនលំទោន ហើយអំនួតជាសត្រូវអាក្រក់បំផុតចំពោះជោគជ័យរបស់អ្នក។ មនុស្សខ្លះមានផ្នត់គំនិតដែលគេមិនអាចរៀនអ្វីបានពីមនុស្សដែលមានវ័យក្មេងជាង សូម្បីតែគេមិនចេះអ្វីក៏ដោយ។ មនុស្សខ្លះទៀតយល់ថាខ្លួនគេធំពេកមិនអាចសុំជំនួយពីនរណាផ្សេងបានទេ។ 

 

៤/ ភាពខ្ជិលច្រអូស

មនុស្សយើងទាំងអស់ចង់បានសុខស្រួល។ ភាគច្រើន មនុស្សយើងពេញចិត្តជ្រុលនឹងភាពសុខស្រួលដែលមានស្រាប់ ហេតុដូច្នេះហើយ បានជាគេលំបាកបោះជំហានចេញពីស្ថានភាពដែលគេកំពុងតែពេញចិត្តនេះ។ ស្ថានភាពមួយចំនួនដែលមនុស្សភាគច្រើនពេញចិត្តមានដូចជា ការសំងំមើលភាពយន្ត ការតាមដានបណ្តាញសង្គម ការលេងល្បែងមួយកន្លែង ការជជែកលេងជាមួយមិត្តភក្តិ និងការមិនធ្វើអ្វីសោះ។ លុះត្រាតែអ្នកប្រឹងប្រែងធ្វើការ ប្តេជ្ញាចិត្ត គិតក្នុងរបៀបវៃឆ្លាត និងជម្នះក្នុងការបោះជំហានចេញពីភាពសុខស្រួលបច្ចុប្បន្ននេះទើបអ្នកអាចសម្រេចជោគជ័យ។  

 

៥/ ការតម្អែរតម្អង់អូសបន្លាយពេលវេលា

ការអូសបន្លាយពេលវេលាមិនព្រមចាប់ផ្តើមធ្វើកិច្ចការអ្វីមួយបានធ្វើឱ្យមនុស្សជាច្រើនបាត់បង់ឱកាសដែលកើតឡើងតែម្តងក្នុងមួយជីវិត។ វាក៏ជាសត្រូវធំចំពោះជោគជ័យរបស់អ្នកដែរ។ ទោះជាយ៉ាងណា សូមកុំភ្លេចថាអ្នកមានឥទ្ធិពលលើការតម្អែរតម្អង់របស់អ្នក។ ការតម្អែរតម្អង់និងភាពខ្ជិលច្រអូសប្រៀបដូចជាកូនភ្លោះដែរ គឺវាកើតឡើងជាមួយគ្នាជានិច្ច។ ឥទ្ធិពលនៃការអូសបន្លាយពេលវេលាគឺសមត្ថភាពរបស់អ្នកក្នុងការជួយអ្នកឱ្យពង្រីកគម្លាតកាន់តែធំរវាងអ្នកនិងសមិទ្ធផលដែលអ្នកអាចសម្រេចបាន។ ឧទាហរណ៍ថាអ្នកអាចនឹងធ្វើកិច្ចការមួយហើយក្នុងពេលត្រឹមតែពីរម៉ោង ការអូសបន្លាយពេលវេលាធ្វើឱ្យអ្នកត្រូវចំណាយពេល៥ម៉ោងដើម្បីធ្វើកិច្ចការនោះ។ 

 

ប្រែសម្រួល៖ វេហា

មតិយោបល់