គំនិតអាជីវកម្ម | October 12, 2021 | 99

មធ្យោបាយដើម្បីក្លាយជាសហគ្រិនកាន់តែជោគជ័យ

សហគ្រិនជាមនុស្សដែលចង់សម្រេចគោលដៅពាណិជ្ជកម្ម និងប្រឹងប្រែងដើម្បីទទួលបានជោគជ័យ បើទោះជាត្រូវប្រឈមបញ្ហាអ្វីខ្លះក៏ដោយ។ គេស្វែងរកផ្លូវដែលគ្មាននរណាម្នាក់មើលឃើញ ឬបង្កើតផ្លូវដែលមិនធ្លាប់មានតាមរយៈការប្រើប្រាស់គំនិតច្នៃប្រឌិតនិងការតស៊ូជម្នះរបស់គេ។ ទោះជាយ៉ាងណា ក្នុងពេលជួបបញ្ហា គេក៏គួរតែស្វែងរកមគ្គុទ្ទេសក៍ និងការណែនាំពីប្រភពដែលអាចទុកចិត្តបានដែរ។ 

 

 

ប្រភពទាំងនេះអាចជានរណាក៏បាន ជាទីប្រឹក្សាច្បាប់ ឬជាទីប្រឹក្សាហិរញ្ញវត្ថុ ឬក៏ជាមិត្តចាស់ អាស្រ័យទៅលើស្ថានភាពជាក់ស្តែង។ ពេលខ្លះប្រភពទាំងនេះក៏អាចជាសំណេរដ៏ល្អនៅលើអ៊ីនថឺណិតឬក្នុងសៀវភៅដែរ។ ខាងក្រោមនេះជាគន្លឹះមួយចំនួនដែលអាចជួយអ្នកទទួលបានជោគជ័យកាន់តែច្រើនថែមទៀតនៅក្នុងពាណិជ្ជកម្ម៖ 

 

១/ ប្រជែងនឹងខ្លួនឯងជានិច្ច

អ្នកបានចាប់ផ្តើមបង្កើតពាណិជ្ជកម្មដោយខ្លួនឯង ហើយអ្វីៗប្រព្រឹត្តទៅយ៉ាងល្អ។ តើអ្នកគួរតែសម្រាកនៅត្រឹមនេះ ហើយឈប់សម្លឹងរកមើលច្រកដែលកាន់តែប្រសើរជាងនេះមែនទេ? ចម្លើយគឺទេ។ ក្នុងនាមជាសហគ្រិន អ្នកត្រូវតែបន្តស្វែងរកឱកាសពាណិជ្ជកម្មដែលកាន់តែប្រសើរ និងរុញច្រានខ្លួនឯងឱ្យប្រឹងប្រែងកាន់តែខ្លាំងថែមទៀត ដោយសារមិនមាននរណាម្នាក់មកប្រាប់ឬធ្វើជំនួសទេ។ ប្រជែងនឹងខ្លួនឯងដោយកិច្ចការថ្មីៗនិងរៀនជំនាញថ្មីៗដែលជួយអ្នកដឹកនាំពាណិជ្ជកម្មទៅកាន់តែខ្ពស់។  

 

២/ កុំបណ្តោយឱ្យការភ័យខ្លាចគ្របសង្កត់

ក្នុងនាមជាសហគ្រិន អ្នកប្រហែលមានកិច្ចការច្រើនដែលត្រូវសម្រេចចិត្ត។ ការសម្រេចចិត្តទាំងអស់នោះតម្រូវឱ្យមានហេតុផល និងភាពរហ័សរហួន។ បើអ្នកស្ថិតនៅក្រោមការគ្របសង្កត់របស់អារម្មណ៍ភ័យខ្លាច ការវាយតម្លៃរបស់អ្នកនឹងមិនច្បាស់លាស់ទេ ហើយអ្នកក៏មិនអាចសម្រេចចិត្តបានត្រឹមត្រូវដែរ។ ប៉ុន្តែការពន្យារពេលសម្រេចចិត្តក្នុងស្ថានភាពបែបនោះក៏អាចនាំទៅរកការខាតបង់ឱកាសសម្រាប់ពាណិជ្ជកម្មរបស់អ្នកដែរ។ ហេតុដូច្នេះហើយ អ្នកគួរតែគ្រប់គ្រងអារម្មណ៍ភ័យខ្លាចឱ្យបានល្អ។ 

 

៣/ រាប់អាននិងប្រមូលផ្តុំអ្នកជំនាញ

ការគ្រប់គ្រងពាណិជ្ជកម្មមិនមែនជាសម្តែងល្ខោនតែម្នាក់ឯងទេ។ អ្នកត្រូវការមនុស្សដទៃមកជួយ។ ហេតុដូច្នេះហើយ បានជាចាំបាច់ត្រូវមានមនុស្សដទៃមកជួយធ្វើកិច្ចការណាដែលអ្នកមិនចេះ។ គេនឹងជួយអ្នកដោះស្រាយបញ្ហាដែលមិនមែនជាជំនាញរបស់អ្នក។ ទោះជាយ៉ាងណា ការស្វែងរកក្រុមការងារនិងដៃគូដែលត្រឹមត្រូវ អ្នកមិនត្រឹមតែសម្លឹងមើលចំណេះដឹងនិងជំនាញតែម្យ៉ាងទេ។ អ្នកត្រូវស្វែងរកមនុស្សដែលមានភក្តីភាពចំពោះក្រុមហ៊ុន និងមនុស្សដែលមានសីលធម៌រឹងមាំ ហើយគាំទ្រអ្នកនៅពេលលំបាក។ 

 

៤/ ចំណាយពេលសម្រាប់ខ្លួនឯងនិងគ្រួសារ

ដោយសារមានកិច្ចការជាច្រើនដែលត្រូវធ្វើក្នុងពាណិជ្ជកម្ម ប្រហែលអ្នកត្រូវលះបង់ពេលវេលាសម្រាប់ខ្លួននិងគ្រួសារ។ ប៉ុន្តែគ្មានអ្វីខាតបង់ច្រើនទេក្នុងការចំណាយពេលមួយថ្ងៃដើម្បីបញ្ចូលថាមពលឡើងវិញ។ ការសិក្សាស្រាវជ្រាវបង្ហាញថា មនុស្សដែលមានពេលសម្រាកកម្សាន្តធ្វើការបានប្រសើរជាងមនុស្សដែលធ្វើការមិនសម្រាកសោះ។ ការសម្រាកជួយរក្សាតុល្យភាពជីវិតផ្ទាល់ខ្លួននិងជីវិតការងារ និងជួយកាត់បន្ថយសម្ពាធអារម្មណ៍។

 

៥/ យកចិត្តទុកដាក់លើសុខភាពផ្លូវកាយនិងផ្លូវចិត្ត

ការសិក្សាបង្ហាញថាមនុស្សដែលហាត់ប្រាណយ៉ាងហោចណាស់៥ថ្ងៃក្នុងមួយសប្តាហ៍អាចផ្តោតចិត្តលើកិច្ចការចំពោះមុខបានយូរ មានសកម្មភាពច្រើន និងដោះស្រាយសម្ពាធអារម្មណ៍បានប្រសើរ។ ក្រៅពីនេះ ការហាត់ប្រាណស្រាលៗដូចហាត់យោគៈឬការពត់ខ្លួនប្រាណក៏អាចជួយកាត់បន្ថយសម្ពាធអារម្មណ៍និងភាពអន្ទះសារ។ ហេតុដូច្នេះហើយ អ្នកគួរតែចំណាយពេលខ្លះដើម្បីហាត់ប្រាណនិងរក្សាតុល្យភាពអាហារូបត្ថម្ភឱ្យបានត្រឹមត្រូវ។ ពេលរាងកាយអ្នកមានសុខភាពល្អ ចិត្តរបស់អ្នកក៏មានសុខភាពល្អដូចគ្នា។ 

 

៦/ ស្វែងរកឱកាសថ្មីៗ

ពិភពពាណិជ្ជកម្មមិននៅស្ងៀមមួយកន្លែងទេ ហើយឱកាសនិងហានិភ័យអាចកើតឡើងគ្រប់ពេល។ សហគ្រិនដែលខ្លាំងពូកែអាចចាប់យកឱកាសនៅពេលវាបង្ហាញរូបរាងឡើង។ តាមឱ្យទាន់ចរន្តសង្គមនិងបច្ចេកវិទ្យាថ្មីៗក្នុងឧស្សាហកម្មរបស់អ្នក និងប្រើប្រាស់ឱកាសទាំងនោះដើម្បីដឹកនាំពាណិជ្ជកម្មរបស់អ្នកទៅរកភាពរីកចម្រើន។ 

 

ប្រែសម្រួល៖ វេហា

មតិយោបល់