បច្ចេកវិទ្យា | September 16, 2021 | 102

តំបន់អាស៊ានកំពុងសាងសង់រោងចក្រអាគុយរថយន្តអគ្គិសនីទីមួយ

ក្រុមហ៊ុន LG Energy Solution និងក្រុមហ៊ុន Hyundai Motor Company របស់កូរ៉េខាងត្បូងចាប់ផ្តើមសាងសង់រោងចក្រថ្មីមួយសម្រាប់ផលិតអាគុយរថយន្តអគ្គិសនីក្នុងប្រទេសឥណ្ឌូនេស៊ីនៅពាក់កណ្តាលខែនេះ ក្រោមការសាទរពីលោកប្រធានាធិបតី Joko Widodo ថាជារោងចក្រទីមួយរបស់អាស៊ាន និងជាសញ្ញាបញ្ជាក់ថារដ្ឋាភិបាលរបស់លោកកំពុងតែប្រើប្រាស់ធនធានរបស់ប្រទេសដើម្បីបង្កើតឧស្សាហកម្មថ្មីៗ។ 

 

 

នៅលើបណ្តាញសង្គមTwitter និងFacebook លោកប្រធានាធិបតីប្រទេសឥណ្ឌូនេស៊ីសរសេរថា «ប្រទេសឥណ្ឌូនេស៊ីមានធនធាននីកែលច្រើនបំផុតក្នុងពិភពលោក ហើយតាមរយៈសក្តានុពលនេះ ខ្ញុំជឿជាក់ថាក្នុងរយៈពេលត្រឹមបីបួនឆ្នាំខាងមុខទៀត បើមានការគ្រប់គ្រងល្អ ប្រទេសឥណ្ឌូនេស៊ីនឹងក្លាយជាកន្លែងចម្បងគេក្នុងការបង្កើតផលិតផលធ្វើពីនីកែល ដូចជាអាគុយនេះ។» 

 

រោងចក្រផលិតអាគុយនេះសាងសង់ឡើងក្នុងក្រុងឧស្សាហកម្មថ្មីលើជាយខាងកើតក្រុងហ្សាកាតា ក្រោមការវិនិយោគរួមគ្នាក្នុងតម្លៃ១,១ពាន់លានដុល្លារ ហើយគ្រោងនឹងសាងសង់ឱ្យរួចរាល់ត្រឹមឆ្នាំ២០២៣ និងចាប់ផ្តើមផលិតអាគុយនៅដើមឆ្នាំ២០២៤។ 

 

នៅពេលធ្វើប្រតិបត្តិការបានពេញសក្តានុពល រោងចក្រមួយនេះនឹងអាចផលិតផលិតអាគុយដែលមានកម្លាំង១០ជីហ្គាវ៉ាត់ម៉ោងក្នុងមួយឆ្នាំសម្រាប់រថយន្តអគ្គិសនីជាង១៥០០០០គ្រឿង។ បន្ថែមពីលើនេះ រោងចក្រនេះក៏នឹងមានលក្ខណៈរួចរាល់ដើម្បីបង្កើនសមត្ថភាពផលិតអាគុយរហូតដល់៣០ជីហ្គាវ៉ាត់ម៉ោងដើម្បីឆ្លើយតបទៅនឹងការរីកចម្រើនអនាគត។ 

 

រោងចក្រមួយនេះជាផ្នែកមួយនៃផែនការរបស់ក្រុមហ៊ុនកូរ៉េខាងត្បូងទាំងពីរដើម្បីបង្កើតប្រព័ន្ធឧស្សាហកម្មអាគុយរថយន្តក្នុងប្រទេសឥណ្ឌូនេស៊ីដែលមានគម្រោងវិនិយោគសរុបរហូតដល់៩,៨ពាន់លានដុល្លារ។

 

ប្រធានក្រុមហ៊ុន Hyundai Motor លោក Chung Eui-sun បានលើកឡើងក្នុងពេលបើកគម្រោងសាងសង់រោងចក្រនេះថា «តាមរយៈការអភិវឌ្ឍឧស្សាហកម្មទាំងនេះ ប្រព័ន្ធរថយ្តអគ្គិសនីនឹងអភិវឌ្ឍបានយ៉ាងជោគជ័យក្នុងប្រទេសឥណ្ឌូនេស៊ី ហើយជាងនេះទៅទៀត ខ្ញុំជឿជាក់ថាប្រទេសឥណ្ឌូនេស៊ីនឹងដើរតួសំខាន់ជាមជ្ឈមណ្ឌលនៃទីផ្សាររថយន្តអគ្គិសនីរបស់តំបន់អាស៊ាន។» 

 

ប្រែសម្រួល៖ វេហា

មតិយោបល់